អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង​នឹង​អាច​ធ្វើ​ឲ្យ​សេអ៊ូល និង​ព្យុងយ៉ាង​ចុះ​សម្រុងគ្នា ដែរ​ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​ជាប់ឆ្នោត លោក មូន ជេអ៊ីន នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី របស់​កូរ៉េខាងត្បូង។ លោក​មូន ជេអ៊ីន អតីត​មេធាវី​ការពារ​សិទ្ធិ​មនុស្ស និង​ដែល​មាន​ឪពុកម្តាយ រត់​ចេញ​ពី​កូរ៉េខាងជើង បាន​ប្រកាស​ថា លោក​ត្រៀមខ្លួន ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី​បន្ថយភាពតានតឹង​ជាមួយ​ប្រទេស​ជិតខាង។ តើ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង នឹង​អាច​ទៅ​ចរចា បង្កើត​សន្តិភាព​ជាមួយ កូរ៉េខាងជើង បាន​ដែរឬទេ? កូរ៉េខាងជើង​ដែល​តែងតែ​គំរាម​បាញ់​ឲ្យ​ខ្ទេច សេអ៊ូល រដ្ឋធានី​របស់​កូរ៉េខាងត្បូង។

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក​មូន ជេអ៊ីន
ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក​មូន ជេអ៊ីន © Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពេល​ស្បថ​ចូល​កាន់តំណែង នៅ​ថ្ងៃ​ពុធ ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក​មូន ជេអ៊ីន  មក​ពី​ខាងក្រុម​សេរីនិយម បាន​និយាយ ថា លោក​ត្រៀមខ្លួន​នឹង​ទៅ​កូរ៉េខាងជើង បើសិន​លក្ខខណ្ឌ​អំណោយផល។ តាំង​ពី​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​មកម្ល៉េះ ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង បាន​អះអាង​ថា លោក​ចង់​បង្កើត​បរិយាកាស​ធូស្រាល ចរចា​ជាមួយ​កូរ៉េខាងជើង ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

 
លោក​មូន ជេអ៊ីន  ចង់បើក​ផ្លូវ​ចរចា បង្កើត​សន្តិភាព​ជាមួយ​កូរ៉េខាងជើង ជាជាង​ដាក់ខ្លួន​ប្រឈម តទល់​នឹង​ប្រទេស​ដែល​គំរាម​ឥតល្ហែរ​ថា នឹង​បាញ់​មីស៊ីល​កម្ទេច​ទីក្រុង​សេអ៊ូល។ និន្នាការ​របស់​លោក​មូន ជេអ៊ីន  គឺ​ផ្ទុយស្រឡះ​ពី​រដ្ឋាភិបាល​មុន​របស់លោកស្រី​ប៉ាក់ គុនហេ ដែល​មក​ពី​ក្រុមអភិរក្ស​និយម និង​មាន​អរិភាព ជាមួយ​កូរ៉េខាងជើង។ នៅ​ក្នុង​បរិបទ​ដែល​ភាពតានតឹង​កើនឡើង​ខ្លាំង នៅ​ឧបទ្វីប​កូរ៉េ ការបោះឆ្នោត​របស់​ប្រជាជន​កូរ៉េខាងត្បូង ជ្រើសរើស​យក​លោក​មូន ជេអ៊ីន ​ឲ្យដឹកនាំ​ប្រទេស​អាច​ជា​សញ្ញា​ថា ប្រជាជន​កូរ៉េខាងត្បូង ចង់​បាន​ការចរចា​ដើម្បី​សន្តិភាព ជាជាង​បង្កាត់​ភ្លើង​សង្រ្គាម ជាមួយ​ប្រទេស​ជិតខាង។

សង្រ្គាម​ពាក្យសំដី ការគំរាមកំហែង​ប្រើ​កម្លាំង​យោធា និង​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង រហូត​ធ្វើ​ឲ្យ​កូរ៉េខាងជើង ទទួល​រងការដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច​ពីអង្គការ​សហប្រជាជាតិ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បាន​ធ្វើ​ឲ្យ​ភ្លេច មិន​ដឹងថា តាមពិត កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ធ្លាប់​បាន​ត្រូវរ៉ូវ​គ្នា បង្កើត​កិច្ចប្រជុំ​កំពូល​កូរ៉េ កាលពី​១០​ឆ្នាំមុន គឺ​ឆ្នាំ ២០០៧។

លោក​មូន ជេអ៊ីន ​ផ្ទាល់ ធ្លាប់​ចូលរួម និង​ជាមនុស្ស​ស្និទ្ធ​នឹង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក រ៉ូ ម៉ូហ៊ុន ដែល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កូរ៉េ លើក​ទី ២ នៅ​ឆ្នាំ ២០០៧ គឺ​៧​ឆ្នាំ​ក្រោយ កិច្ចប្រជុំ​កំពូល​លើក​ទី ១ នៅ​ឆ្នាំ ២០១០ ដែល​រៀបចំឡើង​ជាពិសេស នៅ​ទីក្រុង​ប៉េកាំង។ នៅក្នុង​កិច្ចប្រជុំ​កំពូល​ទាំងពីរ​លើក លោក​គីម ជុងអ៊ីល អគ្គមគ្គទេសក៍​កូរ៉េខាងជើង និង​ជា​ឪពុក​របស់​លោក​គីម ជុងអ៊ុន បាន​សម្រេច​ចុះកិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ភាគច្រើន មាន​និយាយ​តែ​ពី​សេដ្ឋកិច្ច និង​ជំនួយ​របស់​កូរ៉េខាងត្បូង​សម្រាប់​ទីក្រុង​ព្យុងយ៉ាង។

តាំង​ពី​ចប់សង្រ្គាម​កូរ៉េ នៅ​ឆ្នាំ ១៩៥៣ ប្រទេស​បងប្អូន​សត្រូវ​នឹងគ្នា កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នៅ​មិនទាន់​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​នៅឡើយទេ។ ការផ្ទុះ​អាវុធ និង​សង្រ្គាម​រវាង​ប្រទេស​ទាំងពីរ នៅ​តែ​អាច​កើតមាន​គ្រប់ពេលវេលា។ ទៅតាម​ការសង្កេត​កន្លងមក កិច្ចប្រជុំ​កំពូល​កូរ៉េទាំងពីរ តែងតែ​ធ្វើឡើង នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​ទាំង​ពីរ ប្រឈមមុខ តានតឹង​នឹង​គ្នា​ខ្លាំង ជាពិសេស​នៅក្រោយ​កូរ៉េខាងជើង ពង្រាយទ័ព ដាក់​ ដាក់​បែរ​កាណុង​កាំភ្លើង​សំដៅ​រដ្ឋធានី​សេអ៊ូល។ នៅក្នុង​កិច្ចព្រមព្រៀង កូរ៉េខាងត្បូង​តែង​សន្យា​ផ្តល់​ជំនួយស្បៀង​អាហារ ឬ​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ទឹកដី​ព្រំដែន​ទាំងពីរ ដើម្បី​ជាថ្នូរ បន្ធូរបន្ថយ​ភាពតានតឹង ជាមួយ​កូរ៉េខាងជើង។

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក​មូន ជេអ៊ីន  ទំនង​នឹង​ប្រើ​នយោបាយ​ចាស់ ដើម្បី​អន្ទងចិត្ត​ទីក្រុង​ព្យុងយ៉ាង។ លោក​បាន​និយាយ​រួចហើយថា នឹង​ចរចា ជាមួយ​កូរ៉េខាងជើង ដើម្បី​ដាក់​ដំណើរការ​ឡើងវិញ តំបន់​សេដ្ឋកិច្ច កេសុង ក្នុង​ទឹកដី​កូរ៉េខាងជើង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង។ ដើម្បី​បង្ហាញ​ពី​ចេតនា ស្មោះត្រង់ ចង់​បោះដៃ​ទៅរក​កូរ៉េខាងជើង ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង​នៅ​បាន​តែងតាំង​មនុស្ស​សំខាន់ៗ ពីររូប​ដែល​ធ្លាប់ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កូរ៉េ ទាំងពីរ​កន្លងមក ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី និង​ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េខាងត្បូង។

លោក​មូន ជេអ៊ីន ​ចង់​បង្កើត​ការចរចា​ដើម្បី​ខិតចូល​ជិតគ្នា​វិញ ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​វាយតម្លៃ​ថា ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹង​ជួប​ដែនកំណត់​មួយ ព្រោះថា កូរ៉េខាងជើង​បច្ចុប្បន្ន មិនមែន​ជា​កូរ៉េខាងជើង កាលពី​២០​ឆ្នាំ​មុននោះទេ។ កូរ៉េខាងជើង​សព្វថ្ងៃ ដឹកនាំ​ដោយ​មេដឹកនាំ​វ័យក្មេង គីម ជុងអ៊ុន ដែល​មិន​រាថយ​នឹង​ការផលិត​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ ដោយ​ផ្គើន មិន​ខ្លាច​នឹង​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

មួយវិញទៀត លោក​មូន ជេអ៊ីន ​មាន​ទំនោរ​ចង់​ទៅ​ជានា​ជាមួយ​កូរ៉េខាងជើង នឹង​អាច​ដើរ​ផ្ទុយស្រឡះ​ពី​នយោបាយ​ចង់​បាន​របស់​វ៉ាស៊ីនតោន ដែល​ជាសម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង និង​ដែល​ធ្លាប់​បាន​ព្រមាន​ប្រើ​កម្លាំង​យោធា តែម្នាក់ឯង ទៅលើ​កូរ៉េខាងជើង បើសិន​ចាំបាច់។ ចង់ ឬ​មិនចង់ ជ័យជំនះ​របស់​លោក​មូន ជេអ៊ីន ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ នយោបាយ និង​យុទ្ធសាស្រ្ត​របស់​អាមេរិក នៅឧបទ្វីប​កូរ៉េ។ ខុស​ពី​ប្រធានាធិបតី​មុនៗ លោក​មូន ជេអ៊ីន  ហាក់​បាន​ដកខ្លួន ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​អាមេរិក ដោយ​បាន​ចោទសំណួរ​ពី​ភាពចាំបាច់​នៃ​ការតាំង​ប្រព័ន្ធខែល​មីស៊ីល របស់​អាមេរិក​នៅ​ទឹកដី​កូរ៉េខាងត្បូង។ នៅ​ថ្ងៃ​ពុធ លោក​បាន​និយាយ​ថា លោក​នឹង​ទៅ​ប្រទេស​ចិន ដើម្បី​និយាយ​ពី​រឿង​ប្រព័ន្ធ​ខែលមីស៊ីល នៅ​កូរ៉េខាងត្បូង។ សម្រាប់​លោក​មូន ជេអ៊ីន  កូរ៉េខាងត្បូង​ត្រូវ​មាន​សិទ្ធិ​សម្រេច​ចុងក្រោយ​ពីរឿង​តាំង​ខែល​មីស៊ីល​របស់​អាមេរិក នៅកូរ៉េខាងត្បូង។ បើមើល​ពី​សំបក​ក្រៅ លោក​មូន ជេអ៊ីន  អាច​បញ្ច្រាស​នឹង​នយោបាយ​ចង់​បាន​របស់​អាមេរិក ប៉ុន្តែ អ្នកជំនាញ​យល់​ថា តាមពិត លោក​មូន ជេអ៊ីន ​នៅ​តែ​ជា​កូនអុក ធ្វើ​តាម​អាមេរិក របស់​លោកដូណាល់ ត្រាំ ដែល​កាលពី​ដើម​ខែ​ឧសភា​នេះ​បាន​និយាយ​ថា លោក​ចង់​ជួប គីម ជុងអ៊ុន បើសិន​លក្ខខណ្ឌ​អំណោយផល។ លោកគីម ជុងអ៊ុន​ដែលលោក​ដូណាល់ ត្រាំ កោតសរសើរ​ថា ជា​ក្មេងឆ្លាត ប្រកប​ដោយ​ល្បិចកល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ