អានតួអត្ថបទ
ភូមា

ជម្លោះ​រវាង​ក្រុម​ពុទ្ធ​សាសនិក និង​សហគមន៍​អ៊ីស្លាម​ចាប់​កំរើក​ឡើងវិញ នៅ​ភូមា

ប៉ូលិស​ភូមា នៅទីក្រុង​រ៉ង់ហ្គូន នៅ​ព្រឹកថ្ងៃ​ពុធ​នេះ​បានបាញ់​កាំភ្លើង​ឡើង​លើ​មេឃ ដើម្បី គំរាម​បង្អើល និង​បំបែក​ក្រុម​ជាតិ​និយម ហើយ​និង​ក្រុមសហគមន៍​អ៊ីស្លាម ដែល​បាន​ប្រឈម​មុខ និង​ប៉ះទង្គិច​គ្នា តាំង​ពី​រាត្រី​ថ្ងៃ​អង្គារ។ ក្រុម​ជាតិ​និយម ដែល​មានចូលរួម​តាំង​ពី​ព្រះសង្ឃ​ភូមា បាន​ចោទ​សហគមន៍​អ៊ីស្លាម​នៅទីក្រុង​រ៉ង់ហ្គូន​ថា កំពុង​លួចលាក់ ក្រុម​ជាតិ​រ៉ូហ៊ីងយ៉ា ក្រុមជនជាតិ​ភាគតិច កាន់​សាសនា​អ៊ីស្លាម ដែល​កំពុង​រងទុក្ខបុកម្នេញ ទាំង​ហិង្សា និង​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​ប្រទេស​ភូមា។

ប៉ូលិស​នៅ​ទីក្រុង​រ៉ង់ហ្កូន​បាញ់​បំបែក​ក្រុម​អ៊ីស្លាម និង​ក្រុម​ពុទ្ធសាសនិក​ដែល​ប៉ះទង្គិច​គ្នា​នៅ​យប់​ថ្ងៃ​អង្គារ ចូល​ដល់​ថ្ងៃ​ពុធ​ទី ១០​ឧសភា ២០១៧
ប៉ូលិស​នៅ​ទីក្រុង​រ៉ង់ហ្កូន​បាញ់​បំបែក​ក្រុម​អ៊ីស្លាម និង​ក្រុម​ពុទ្ធសាសនិក​ដែល​ប៉ះទង្គិច​គ្នា​នៅ​យប់​ថ្ងៃ​អង្គារ ចូល​ដល់​ថ្ងៃ​ពុធ​ទី ១០​ឧសភា ២០១៧ ©AFP
ផ្សាយពាណិជ្ជកម្ម

ការប៉ះទង្គិច​គ្នា​រវាង​ក្រុមជាតិ​និយម ភូមា និង​សហគមន៍​អ៊ីស្លាម​កើតមាន​ឡើង បន្ទាប់​ពី​ក្រុមជាតិ​និយម​ភូមា ដែល​មាន​ភាគច្រើន​ជា​ពុទ្ធសាសនិក ហើយ​និង​ព្រះសង្ឃ​បាន​លើក​គ្នា សម្រុក​ចូល​ក្នុង​សង្កាត់​រស់នៅ​មួយ​របស់​សហគមន៍​អ៊ីស្លាម។ នៅ​ល្ងាច​ថ្ងៃ​អង្គារ ក្រុមជាតិ​និយម ភូមា​ដែល​តាំង​ខ្លួន​ជាអ្នក​តាម​ប្រមាញ់ ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន​ជូន​ដំណឹង​ទៅ​ប៉ូលិស​ថា មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា សំងំ​លាក់​ខ្លួន នៅក្នុង​ផ្ទះ​របស់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម នៅ​ទីក្រុង​រ៉ង់ហ្គូន។ ប៉ុន្តែ ប៉ូលិស​បាន​បដិសេធ​មិន​ចាប់ខ្លួន​ក្រុម​មនុស្ស​ទៅតាម​ការចង់​បាន​របស់​ក្រុមជាតិ​និយម ក្នុង​ហេតុផល​ថា ជនសង្ស័យ​ទាំងនោះ មិនមែន​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ ជា​ប្រជាជន​អ៊ីស្លាម​ដែល​មាន​សិទ្ធិ​ស្របច្បាប់ រស់នៅ​ក្នុង​សហគមន៍​អ៊ីស្លាម នៅទីក្រុង​រ៉ង់ហ្គូន។

 
ដោយសារ​តែ​ប៉ូលិស​បដិសេធ​មិន​ចាប់ខ្លួន​ជនសង្ស័យ ទើប​ក្រុមជាតិ​និយម ដែល​មាន​លាយឡំ​ដោយ​ព្រះសង្ឃ​ភូមា​ជាច្រើន​អង្គ​បាន​លើកគ្នា ទៅរក​ចាប់​ក្រុមមនុស្ស​ដែល​គេ​ជឿថា ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ ពួកគេ​ត្រូវ​ជួប​ប្រឈម​នឹង​ក្រុម​ប្រជាជន​អ៊ីស្លាម ដែល​ចេញមុខ ការពារ​សហគមន៍​របស់ខ្លួន។

Kyaw Nyein ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​ក្រុមអ៊ីស្លាម Jamiat Ulama El Islam លើក​ឡើងថា ឧប្បត្តិហេតុ​នៅ​យប់​ថ្ងៃ​អង្គារ​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្លាម​ស្លុតចិត្ត និង​ព្រួយបារម្ភ។ “វា​ជា​ការប៉ុនប៉ង​ដើម្បី​ញុះញង់​ឲ្យ​មាន​កំហឹង ការស្អប់ ដោយ​គ្មាន​ហេតុផល និង​ភស្តុតាង​ច្បាស់លាស់។”

នៅ​ប៉ុន្មាន​ខែ​នេះ ក្រុមជាតិ​ជាតិនិយម នៅទីក្រុង​រ៉ង់ហ្គូន បានដឹកនាំ​ការតវ៉ា ជាច្រើនលើក រំខាន​ពិធីបុណ្យ​សាសនា​អ៊ីស្លាម និង​រហូត​ឈាន​ទៅ​សម្រេច​បាន បិទ​សាលារៀន​អ៊ីស្លាម​ពីរកន្លែង ក្នុង​លេស​ថា តាមរយៈ​ការបង្រៀន​សាសនា​អ៊ីស្លាម សហគមន៍​អ៊ីស្លាម​គ្រោង​នឹង​បង្កើត​វិហារ​នៅ​ប្រទេស​ភូមា។

ភូមា ជា​ប្រទេស​ដែល​កាន់ គោរព​ពុទ្ធសាសនា​ដ៏ជ្រាលជ្រៅ។ ការប៉ះទង្គិច​គ្នា​ដ៏​ហិង្សា រវាង​សហគមន៍​អ៊ីស្លាម ជាមួយ នឹង​សហគមន៍​ពុទ្ធសាសនិក នៅ​ឆ្នាំ ២០១២​នៅ​រដ្ឋ​រ៉ាគីន បណ្តាល​ឲ្យ​កើតមាន​ជា​បន្តបន្ទាប់​ការប្រឈម​មុខ​ដាក់គ្នា​រវាង​ក្រុមសាសនា​ទាំងពីរ។ នៅ​រ៉ាគីន ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែលភាគច្រើន​កាន់​សាសនា​អ៊ីស្លាម ជា​ច្រើន​ម៉ឺននាក់ រត់ភៀសខ្លួន​ចេញ​ពី​ផ្ទះសម្បែង ដើម្បី​រត់គេច​ពី​អំពើ​ហិង្សា ហើយ​និង​ការបង្រ្កាប អយុត្តិធម៌​របស់​ប៉ូលិស និង​ទាហាន​ភូមា។ ជនជាតិ​រ៉ូហ៊ីងយ៉ាង​ត្រូវ​រដ្ឋាភិបាល​ភូមា ចាត់ទុក​ជា​ជនអន្តោប្រវេសន៍​ដែល​រត់ពី​បង់ក្លាដែស មករស់​នៅ​ខុសច្បាប់ ក្នុង​ទឹកដី​ភូមា។ ជាជនជាតិ​ដែល​គ្មាន​ប្រទេស គ្មាន​អត្តសញ្ញាណ​សំគាល់​ខ្លួន ជនជាតិ​រ៉ូហ៊ីងយ៉ា ទទួល​រង​ការរើសអើង និង​ធ្វើបាប ពី​សំណាក់​អាជ្ញាធរ​ភូមា។

ទាហាន​ភូមា​ដែល​ជឿថា ក្រុមអ៊ីស្លាមជ្រុលនិយម​ដែល​វាយប្រហារ​ប៉ុស្ត​ប៉ូលិស​នៅ​ព្រំដែន កន្លងមក ជា​ក្រុមរ៉ូហ៊ីងយ៉ា បាន​បើក​ការបង្រ្កាប នៅ​រដ្ឋរ៉ាគីន រហូត​បណ្តាល​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា ៧ម៉ឺននាក់​រត់​ចេញ​ទៅ​ប្រទេស​បង់ក្លាដែស។ ក្រុមអ្នកស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​និយាយ​ទៅកាន់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា បាន​ចាត់ទុក​ការបង្រ្កាប​របស់​ទាហាន​ភូមា​ថា អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ