អានតួអត្ថបទ

មូលនិធិរូបិយវត្ថុ​​បារម្ភ​នឹង​ភាព​រិចរឹល​នៃ​ប្រជាសាស្ត្រ​នៅ​អាស៊ី

នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ៩ ឧសភា ២០១៧​នេះ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ស្នើ​សុំ​ឱ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីកុំ​យក​​គំរូ​តាម​ជប៉ុន ដោយ​ត្រូវ​ចាប់​ផ្តើម​​បញ្ចេញ​សកម្មភាព​ភ្លាម​បន្ទាន់​រកវិធី​ទប់​ស្កាត់​ភាពរិចរិល​នៃ​ប្រជាសាស្ត្រ។ បើ​តាម​មូលនិធិ បើ​ក្រុម​ប្រទេស​នៅ​អាស៊ី​មិន​ព្រម​គិត​គូរ​ផ្តល់​កំណើត​បង្កើត​ក្មេង​ជំនាន់​ក្រោយ​គ្រប់គ្រាន់​ទេ នោះ​ប្រទេស​មួយ​ចំនួន​នឹង​ត្រូវ​ជួប​គ្រោះមាន​តែ​​ចាស់ជរា​មុន​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​អ្នកមាន​ហើយ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រួយ​បារម្ភ​នឹង​ភាព​ចាស់ជរា​របស់​ពលរដ្ឋ​នៅ​អាស៊ី
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រួយ​បារម្ភ​នឹង​ភាព​ចាស់ជរា​របស់​ពលរដ្ឋ​នៅ​អាស៊ី RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

អត្រា​កំណើន​ប្រជាជន​នៅ​អាស៊ី​នឹង​មាន​កំរិត​សូន្យ​ នៅ​​ឆ្នាំ​២០៥០ ! នេះ​បើ​តាម​ការ​ព្យាករ​របស់​អង្គកា​រមូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ដោយ​បញ្ជាក់​​ទៀត​ថា ​ចំនួន​ប្រជាពលរដ្ឋ​ពេញ​វ័យ​ធ្វើការ​ ដែល​មាន​អត្រា​ខ្ពស់​ដល់​កំរិត​កំពូល​នៅ​ពេល​នេះ នឹង​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៅ​ទសវត្សរ៍​ខាង​មុខ។

ចំណែក​អត្រា​មនុស្ស​ចាស់ អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ នឹង​កើន​​ឡើងយ៉ាង​​ខ្លាំង​ ពោល​គឺ​នៅ​ឆ្នាំ​២០៥០ អាស៊ី​នឹង​មាន​មនុស្ស​ចាស់ច្រើន​ជាងពេល​បច្ចុប្បន្ន​ដល់​ទៅ​ជិត​ ​ជិត​ពីរ​ដង​កន្លះ។
​មាន​អត្រា​ពលរដ្ឋ​ជា​មនុស្ស​ចាស់​ច្រើន នោះ​មាន​ន័យ​ថា​កំណើន​សេដ្ឋកិច្ច​ក៏​នឹង​ត្រូវ​ថយ​ចុះ។ បើ​តាម​ការ​គុណ​គិត​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កត្តា​មនុស្ស​ពន្យឺត​កំណើន​សេដ្ឋកិច្ចក្នុង​ល្បឿន​​ប្រមាណ​០,១ពិន្ទុ ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​ទៀត។

នេះ​ជា​បញ្ហា​ដែល​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ ព្រោះ​អាស៊ី​មាន​ជប៉ុន​មួយ​ជា​គំរូ ជាក់ស្តែង។ គំរូ​ដែល​បញ្ជាក់​ថា គ្មាន​កំណើន​ប្រជាពលរដ្ឋ​ ក៏​អាចជះ​ផល​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច ដល់​ភាព​ស្វាហាប់​និង​ប្រសិទ្ធិភាព​នៃ​នយោបាយ​រូបិយវត្ថុ។ ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ​ចុង​ក្រោយ​​នេះ​​សោះ ពលរដ្ឋ​សកម្ម​របស់​ជប៉ុន​​បាន​កាត់​បន្ថយ​អស់​៧%។ អត្រា​កំណើត​នៅ​ជប៉ុន​មានមាន​តិច​ពេក ​ពលរដ្ឋ​ចាស់​កាន់​តែ​ច្រើន​ឡើងៗ ហេតុដូច្នេះ​ហើយ​បាន​សកម្មភាព​សន្សំប្រាក់​កើន​ឡើង ឯ​សកម្មភាព​វិនិយោគ​មាន​តិចទៅៗ។ សកម្មភាព​បែប​នេះ​បាន​ខ្ទាស់​កំណើន​សេដ្ឋកិច្ច​ និង​ជាចំណែក​មួយ​បង្ក​បង្កើតរដ្ឋាភិបាល​មិន​អាច​សម្រេច​កម្មវត្ថុ​ទប់​ស្កាត់​​វិបត្តិ​អតិផរណាបាន។

ដោយ​សារ​មូលហេតុ​នេះ​ទើប​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ស្នើ​ឱ្យ​បណ្តា​ប្រទេស​​នៅ​អាស៊ីទាំង​អស់​ចាប់​ផ្តើម​គិត​គូរ​ដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ​ ឱ្យ​មែន​ទែន ដោយ​ត្រូវ​បង្កើន​ការងារ​ដល់​ស្ត្រី​ ដល់​មនុស្ស​ចាស់ និង​សើរើ​មើល​គម្រោង​បន្តពូជ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ