អាមេរិកអំពាវនាវអាស៊ានអោយពិនិត្យឡើងវិញទំនាក់ទំនងជាមួយទីក្រុង ព្យុងយ៉ាង
ប្រមុខការទូតអាមេរិកលោក Rex Tillerson នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអំពាវនាវឱ្យសមភាគីរបស់លោកមកពីតំបន់អាស៊ីអាគ្នេយ៍ អនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលទាក់ទងទៅនឹងកម្មវិធីសព្វាអាវុធកូរ៉េខាងជើងនិងកាត់បន្ថយទំនាក់ទំនងការទូតដើម្បី អោយកូរ៉េខាងជើងនៅទោលឯកា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
នៅក្នុងការរួមប្រជុំជាលើកដំបូងរបស់ប្រមុខការទូតអាមេរិកជាមួយសមភាគីមកពីតំបន់អាស៊ាននៅទីក្រុងវ៉ាស៊ីនតោន លោក Rex Tillerson បានអំពាវនាវឱ្យសមភាគីរបស់លោក អនុវត្តការដាក់ទណ្ឌកម្មទំាងអស់របស់អង្គការសហប្រជាជាតិដែលទាក់ទងទៅនឹងកម្មវិធីសព្វាអាវុធកូរ៉េខាងជើង និងកាត់បន្ថយទំនាក់ទំនងការទូតដើម្បីអោយកូរ៉េខាងជើងនៅទោលឯកា
ប្រមុខការទូតអាមេរិក បានគូសបញ្ជាក់ទៀតថា “អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបរទេសទាំងឡាយណាដែលនៅតែចង់រកស៊ីជាមួយកូរ៉េខាងជើង ដោយពុំបានគិតពីផលវិបាកនានាទៅថ្ងៃមុខ ពីព្រោះ កូរ៉េខាងជើង សព្វថ្ងៃនេះ កំពុងតែខិតខំយ៉ាងសម្បើម ដើម្បី អភិវឌ្ឈន៍មីស៊ីលរបស់ខ្លួន- មីស៊ីលដែលមានសមត្ថភាព អាចបាញ់ធ្លាយទៅដល់ទឹកដីអាមេរិក។
គួររំលឹកថា ប្រទេសអាស៊ានទាំងអស់ មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ក្នុងនោះប្រទេសចំនួន៥ ដាក់ស្ថានទូតរបស់ខ្លួននៅកូរ៉េខាងជើង។
បន្តែយោងតាមលោក Patrick Murphy ដែលជាអ្នកទទួលបន្ទុកបញ្ហាតំបន់អាស៊ីអាគ្នេយ៍របស់ក្រសួងការបរទេសអាមេរិក” ទីក្រុងវ៉ាស៊ីនតោន ពុំមែនទាមទារឲ្យប្រទេសអាស៊ានទាំងអស់នោះ កាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការណ៍នោះទេ ក៏ប៉ុន្តែ គ្រាន់តែសុំស្នើ ឲ្យអ្នកដឹកនាំរបស់អាស៊ាន ធ្វើការពិនិត្យស៊ើរើឡើងវិញនៅលើទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង"។
ទន្ទឹមនេះនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញដំណើរទៅត្រួតពិនិត្យកងអង្គភាពកូរ៉េខាងជើងមួយដែលធ្លាប់ធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើកោះកូរ៉េខាងត្បូងមួយនៅ Yeonpyeong កាលពីខែវិច្ចិកាឆ្នាំ២០១០-នេះបើយោងតាមការជូនដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ។
នៅជំនាន់ឆ្នាំ ២០១០នោះ កូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោងចំនួន១៧០គ្រាប់ ប្រឆាំងទៅលើកោះ កូរ៉េខាងត្បូង Yeonpyeong និងបានសម្លាប់មនុស្សចំនួន៤នាក់ក្នុ្ងងនោះ ២នាក់ជាជនស៊ីវីល។
ម្យ៉ាងទៀត ភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំង នាអំឡុងពេលចុងក្រោយនេះ ដោយសារតែ កូរ៉េខាងជើង បានប្រឹងប្រែងអភិវឌ្ឈន៍កម្មវិធីមីស៊ីល Balistique និងកម្មវិធីនុយក្លេអ៊ែរដែលប្រកបដោយគ្រោះថ្នាក់ខ្លាំង ជាពិសេស ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជារឿយៗដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ