rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​​​យន្តហោះ​ដឹក​អ្នកដំណើរ Made In China អនាគត​គូ​ប្រជែង​ប៊ូអ៊ីងនិង​អ៊ែរប៊ូស ត្រៀម​ចេញ​ហោះ

media
យន្តហោះ​ C919 របស់​ចិន ផលិត​បាន​មួយ​គ្រឿង​ដំបូង REUTERS/Stringer

បន្ទាប់​ពី​បាន​បង្អួត​បង្ហាញ​នាវា​ផ្ទុកយន្តហោះ ផលិត​ដោយ​ចិន​ ប្រកប​ដោយ​មោទនភាព​មក ចិន​ចង់ក្លាយ​ជា​គូ​ប្រជែង​របស់​អាមេរិក​និង​អឺរ៉ុប​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​ម្តង។ យន្តហោះ​ដឹកអ្នក​ដំណើរ​ រយៈ​មធ្យម​ ផលិត​ដោយ​ចិន ដើម្បី​ប្រកួត​ប្រជែងជាមួយ​យន្តហោះ​អាមេរិក​ Boeingនិង​យន្តហោះ​អឺរ៉ុប​ Airbus ​លើ​ទីផ្សារ​អាកាសចរណ៍​ស៊ីវិល នឹង​ចាប់​ដំណើរ​ហោះហើរ​ជា​លើក​ទីមួយ នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ។ ប៉ុន្តែ​ចិន​ប្រហែល​ត្រូវ​ការ​ប្រើ​ពេលវេលា​យូរ​ទៀត ទើប​អាច​សម្រេច​មហិច្ឆតា​ក្នុង​វិស័យ​អាកាសចរណ៍​នេះ​បាន។


យន្តហោះ C៩១៩ ដែល​គ្រោង​ចេញ​ហោះហើរ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០១៦ នឹង​ត្រូវ​បង្អួត​រាង​នៅ​ថ្ងសុក្រ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ក្រុមហ៊ុន​សាធារណៈចិន Commercial Aircraff Corporation of China (Comac)។ ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​១៦៨​នាក់ និង​ហោះ​ក្នុង​ចម្ងាយ​៥៥០០គីឡូម៉ែត្រ Comac សង្ឃឹម​ថា​ C ៩១៩ នឹង​ក្លាយ​ជា​គូប្រជែង​របស់​យន្តហោះ​ដឹកអ្នក​ដំណើរ​រយៈ​មធ្យម​របស់​អាមេរិក ប៊ូអ៊ីង B៧៣៧ ​និងA៣២០ របស់​​អឺរ៉ុប​បាន​ នៅ​ក្នុង​ពេល​ឆាប់ៗ។

ចិន​មាន​មហិច្ឆតា ចង់ចូល​​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អាកាសចរណ៍​ស៊ីវិល ដែល​អាមេរិក​និង​អឺរ៉ុប​ ស៊ីដាច់​ស្ទើរ​តែ​ទាំង​ស្រុង គ្មាន​​ក្រុមហ៊ុន​អាកាសចរណ៍ណា​ ដូច​ជា​​កាណាដា រុស្ស៊ី ប្រេស៊ីល អាច​ប្រកួត​បាន​ឡើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា ចិន​ចង់​រត់​ឱ្យ​ទាន់​។ កាល​ពី​ឆ្នាំ​២០១៤ លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង បាន​ថ្ងូចថ្ងូរ​ថា គ្មាន​យន្តហោះ Made In China គ្មាន​នរណា​មើល​មុខ​ទេ !
 
បច្ចុប្បន្ន​នេះ ប៊ូអ៊ីង និង​អ៊ែរប៊ូស ចែកគ្នា​រកស៊ីក្នុង​ទីផ្សារ​​អាកាសចរណ៍ដ៏ធំ​របស់​ចិន ដែល​នៅ​ឆ្នាំ​២០២៤ នឹង​ក្លាយ​ជា​ទីផ្សារ​លំដាប់​ទី​មួយ​នៅ​លើ​ពិភពលោក​ ដោយ​វ៉ារ​ឈ្នះ​សហរដ្ឋ​អាមេរិក​ទៅ​ទៀត​។ នៅ​រយៈពេល​២០​ឆ្នាំ​ទៀត ចិន​ទំនង​ជា​ត្រូវ​ការ​យន្តហោះ​ដឹកអ្នក​ដំណើរ​ប្រមាណ​៦៨០០​គ្រឿង​។ នេះ​ជា​ការ​ប៉ាន់​ស្មាន​របស់​ប៊ូអ៊ីង ដោយបាន​គិត​បញ្ចូល​រួច​ហើយ​ថា​នឹង​មាន​ក្រុមហ៊ុន​បី​​មក​បែង​ភាគ​ទីផ្សារអាកាសចរណ៍​ចិន​នេះ។​
 
Comac សង្ឃឹម​ថា​នឹង​អាច​ដណ្តើម​បាន​មួយ​ភាគ ព្រោះ​ពេល​នេះ​ក្រុមហ៊ុន​បាន​ទទួល​ការ​បញ្ជា​ទិញ យន្តហោះC៩១៩ ចំនួន ៥៧០​គ្រឿង​ហើយ កាលពី​ចុង​ឆ្នាំ​២០១៦ ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​សុទ្ធសាធ។
 
ប៉ុន្តែ​Comac​ទំនង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ទៀត​ណាស់ ទម្រាំ​អាច​ក្លាយ​ជា​គូប្រជែង​ស្មើ​កម្លាំង​ជាមួយ​ប៊ូអ៊ីង ឬអ៊ែរប៊ូស​ ដែល​មាន​ប្រវត្តិ​ជា​អ្នក​សាង​សង់​យន្តហោះ​តាំង​ពី​យូរ​យារ​ប្រកប​ដោយ​ទំនុក​ចិត្ត​នោះ បាន។ ​ទំនុក​ចិត្តជា​រឿង​សំខាន់ !​ ថ្វី​បើ​ប្រធានាធិបតី​ចិន​ចង់​អួត​អាង​អំពីយន្តហោះ​C៩១៩ Made In China​មែន ប៉ុន្តែ​ចិន​កុម្មុយនិស្ត​មិន​ទាន់​គ្រប់គ្រង​បច្ចេកវិទ្យា​បានទាំងស្រុង​ទេ។ ផលិត​នៅ​ចិន​ និង​ដោយ​ចិន​មែន តែC៩១៩ ​បាន​ប្រើ​បច្ចេកវិទ្យា​បរទេស ដោយ​បំពាក់​ម៉ូទ័រ​របស់​អាមេរិក​General Moteur និង​ Safran បារាំងទេ៕