rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង ជប៉ុន អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្ហ៊ីនហ្សូ អាបេ៖ កូរ៉េខាងជើង​អាច​មាន​សមត្ថភាព​បាញ់​មីស៊ីល​ដែល​មាន​អាវុធគីមី

media
នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​អាបេ និយាយ​ប្រាប់​គណៈកម្មការ​យោធា និង​កិច្ចការ​បរទេស​របស់​សភា ថា កូរ៉េខាងជើង​អាច​មាន​សមត្ថភាព​បាញ់​មីស៊ីល​ដែល​ផ្ទុក​អាវុធ​គីមី​ © Mandatory credit Kyodo/via REUTERS

នៅក្នុង​ពេល​ដែល​គេ​កំពុង​បារម្ភ​ពី​ការដែល​កូរ៉េខាងជើង អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​សាជាថ្មី នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​និយាយ​ថា កូរ៉េខាងជើង​មាន​សមត្ថភាព​ក្នុង​ការបាញ់​មីស៊ីល ដែល​មាន​ផ្ទុក​អាវុធ​គីមី ដូចជា​ឧស្ម័ន​ពុល សារាំង។ គឺដោយសារ​តែ​ឧស្ម័ន​សារាំងនេះ​ហើយ​ ដែល​ធ្វើ​អាមេរិក​បាញ់​មីស៊ីល​ទៅលើ​មូលដ្ឋាន​ទ័ព​ស៊ីរី ដែល​អាមេរិក​ចោទថា ជាអ្នក​បាន​ប្រើ​ឧស្ម័ន​សារាំង សម្លាប់​ប្រជាជន​ស៊ីវិល ស៊ីរី ចំនួន​៨៧​នាក់ កាលពី​ដើម​សប្តាហ៍​មុន។


“វា​អាច​ទៅរួច ដែល​កូរ៉េខាងជើង​អាច​មាន​សមត្ថភាព​រួចទៅហើយ ដើម្បី បាញ់​មីស៊ីល ដែល​មាន​ផ្ទុកអាវុធ​គីមី សារាំង”។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​បាន​និយាយ​យ៉ាង​ដូច្នេះ​ប្រាប់​គណៈកម្មការ​ការពារ និង​កិច្ចការបរទេស របស់​សភា នៅ​ថ្ងៃ​ព្រហស្បតិ៍។
 
តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ជប៉ុន ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​មិន​បាន​បញ្ជាក់​បន្ថែមថា តើ​លោក​បាន​ទទួល​ព័ត៌មាន​នេះ ពី​ខាងណា​មកទេ។ ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​លើក​និយាយ​ពីរឿងនេះ បន្ទាប់​ពី​កិច្ចប្រជុំ​បាន​លើក​និយាយ​ពី​អាវុធ​គីមី សារាំង ដែល​ត្រូវ​បាន​គេ​ប្រើ​សម្លាប់​មនុស្ស នៅ​ប្រទេស​ស៊ីរី។ នេះ​បើតាម​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga។
 
សហរដ្ឋអាមេរិក​ដែល​ចោទថា រដ្ឋាភិបាល​ស៊ីរី​ជាអ្នកប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន​ស៊ីវិល បាន​សម្រេច​បាញ់​មីស៊ីល ៥៩​គ្រាប់​សំដៅ មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។
 
ជប៉ុន​ធ្លាប់​រងគ្រោះ​ម្តង ដោយសារ​អាវុធ​គីមី សារាំង​នៅ​ឆ្នាំ ១៩៩៥ ដែល​កាលណោះ ក្រុមនិកាយ​ជ្រុលនិយម Aum Shinrikyo បាន​បាញ់​ឧស្ម័ន​សារាំង នៅ​ផ្លូវ​រថភ្លើង​ក្រោមដី ដែល​បាន​សម្លាប់​មនុស្ស ១៣​នាក់ និង​មនុស្ស​ជាង ៦៣០០​ផ្សេងទៀត ធ្លាក់​ខ្លួនឈឺ ដោយសារ​តែ​រង​ឧស្ម័ន​ពុល​សារាំង។
 
ជប៉ុន និង​កូរ៉េខាងត្បូង កំពុង​ប្រឈម​មុខ​ខ្លាំងជាងគេ​នឹង​ការគំរាមកំហែង​វាយប្រហារ​របស់​កូរ៉េខាងជើង ដែល​គេ​សង្ស័យថា កំពុង​រៀបចំ បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកទី៦ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ នៅ​មួយរយៈ​ចុងក្រោយនេះ គ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង តែងតែ​ធ្លាក់​ទៅ​ក្បែរ​ដែនសមុទ្រ​របស់​ជប៉ុន។ នៅ​ខែមុន ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​កូរ៉េខាងជើង KCNA បាន​សរសេរ​ថា សមយុទ្ធ​របស់​ព្យុងយ៉ាង​ត្រូវ​បាន​រចនា​ឡើង ក្នុង​ករណី​ដែល​កូរ៉េខាងជើង​ត្រូវ​វាយប្រហារ​មូលដ្ឋាន​ទ័ព​អាមេរិក ក្នុង​ទឹកដី​ជប៉ុន។
 
កូរ៉េខាងជើង ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន ៦​ក្នុង​លោក ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​អាវុធ​គីម។ សៀវភៅ ស​របស់​កូរ៉េខាងត្បូង នៅ​ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា កូរ៉េខាងជើង​បាន​អភិវឌ្ឍន៍​អាវុធ​គីមី តាំង​ពី​ឆ្នាំ ១៩៨០។ តាម​សៀវភៅ ស ដែល​ជា​ឯកសារ​ទិសដៅ​យោធា​របស់​កូរ៉េខាងត្បូង ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​មាន​អាវុធ​គីមី ពី ២៥០០ ទៅ ៥០០០​តោន។ អ្នកជំនាញ​នៅ​មិនទាន់​ទុកចិត្ត​ថា កូរ៉េខាងជើង​អាច​ផលិត​មីស៊ីល​បាលីស្ទីក ដែល​អាច​ទៅ​ដល់​ទឹកដី​អាមេរិក។ ប៉ុន្តែ គេ​ជឿថា ព្យុងយ៉ាង​មាន​សមត្ថភាព​ផលិត​បាន​មីស៊ីល​ដែល​អាច​បាញ់​ទៅដល់​ជប៉ុន និង​កូរ៉េខាងត្បូង៕