អានតួអត្ថបទ
ហុងកុង

មនុស្ស​ស្និទ្ធ​នឹង​ប៉េកាំង ឈ្នះឆ្នោត​ធ្វើ​ជា​ប្រមុខដឹកនាំ​ថ្មី នៅ​ហុងកុង

លោកស្រី Lam Carrie មនុស្ស​ស្និទ្ធិ​នឹង​ទីក្រុង​ប៉េកាំង នៅថ្ងៃ​អាទិត្យ​ទី ២៦ មីនា ២០១៧ បាន​ឈ្នះឆ្នោត ក្លាយ​ជា​ប្រមុខដឹកនាំ​ថ្មី នៅ​ហុងកុង។ ហុងកុង​ដែល​ធ្លាប់​ស្ថិតនៅ​ក្រោម​ការកាន់កាប់​របស់​អង់គ្លេស ជាង​១០០​ឆ្នាំ ត្រូវ​បាន​ផ្ទេរ​មក​ឲ្យ​ចិន​គ្រប់គ្រង​វិញ កាលពី​២០​ឆ្នាំមុន។ លោកស្រី​ Lam Carrie ជាមនុស្ស​ស្រី​ដំបូងគេ​ដែល​ចូល​ដឹកនាំ​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ហុងកុង។

លោកស្រី​ Lam Carrie អបអរ​ជ័យជំនះ នៅក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត នៅថ្ងៃអាទិត្យ​ទី ២៦ មីនា ២០១៧​
លោកស្រី​ Lam Carrie អបអរ​ជ័យជំនះ នៅក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត នៅថ្ងៃអាទិត្យ​ទី ២៦ មីនា ២០១៧​ ©REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

តាម​លទ្ធផល​ឆ្នោត នៅ​ថ្ងៃអាទិត្យនេះ លោកស្រី​ Lam Carrie បាន​ទទួល​សំឡេង​គាំទ្រ ចំនួន ៧៧៧ ក្នុង​ចំណោម​សំឡេង​ឆ្នោត​សរុប ១១៩៤​សំឡេង របស់​គណៈកម្មាធិការ​បោះឆ្នោត។ ជ័យជំនះ​របស់​លោកស្រី​ Lam Carrie​ត្រូវ​បាន​គេ​គន់គូរ ដឹង​រួច​ជាស្រេច តាំង​ពីមុន​ការបោះឆ្នោត។

 
ក្នុង​វ័យ​៥៩​ឆ្នាំ លោកស្រី​ Lam Carrie​បាន​ទទួល​ការគាំទ្រ ពេញទំហឹង​ពី​ទីក្រុង​ប៉េកាំង ដែល​គ្រប់គ្រង​សំឡេង ២ភាគ៣ នៃ​គណៈកម្មាធិការ​បោះឆ្នោត ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង។ សម្រាប់​ក្រុម​ប្រជាធិបតេយ្យ​ដែល​បាន​បោះឆ្នោត​គាំទ្រ​ទាំងស្រុង​លោក John Tsang គូប្រជែង​របស់​លោកស្រី Lam Carrie ហុងកុង​នឹងបន្ត​កាន់កាប់​ដោយ​មនុស្ស​របស់​ប៉េកាំង។ ជា​អតីត​អនុប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ដែល​ជាអ្នក​មាន​អំណាច​ទី ២ នៅ​ហុងកុង បន្ទាប់​ពី​លោក​លឿង ជុនយីង លោកស្រី Lam Carrie​ធ្លាប់​បាន​ចេញមុខ​ប្រកាស​គាំទ្រ​នយោបាយ​កំណែទម្រង់​របស់​ទីក្រុង​ប៉េកាំង ដែល​ចង់​រក្សា​អំណាច​ក្នុង​ការជ្រើសរើស​រដ្ឋាភិបាល​ហុងកុង។

នៅ​ពេល​បាន​ទទួល​គ្រប់គ្រង​ហុងកុង​ពី​ដៃ​អង់គ្លេស នៅ​ខែ​កក្កដា ឆ្នាំ ១៩៩៧ ប្រទេស​ចិន​ធ្លាប់​បាន​សន្យា​ផ្តល់​ពេល ៥០ ឆ្នាំ​ដើម្បី​ឲ្យ​កោះ​ហុងកុង​រក្សា​របប​នយោបាយ​ស្វយ័ត ពោល​គឺ​ប្រទេស​មួយ ប្រព័ន្ធ​នយោបាយ​ពីរ។ ហុងកុង​មាន​ច្បាប់ សភា លុយ និង​រដ្ឋាភិបាល​ដឹកនាំ ខុស​ផ្សេង​ពី​ចិន​ដី​គោក។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការលូកដៃ ជាបន្តបន្ទាប់​របស់​ចិន ទៅក្នុង​នយោបាយ​ដឹកនាំ​ហុងកុង ជាពិសេស​លើ​សិទ្ធិសេរីភាព បញ្ចេញមតិ នៅ​ហុងកុង​បាន​បង្ក​ឲ្យ​មាន​ការងើប​តវ៉ា​ប្រឆាំង​ពី​ប្រជាជន​ហុងកុង។ ចលនា​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​ក្រុម​យុវជន​ហុងកុង ឬ​ក្រុមឆ័ត្រ​ពណ៌​លឿង ត្រូវ​បាន​បង្រ្កាប បំបែក​ដោយ​ហិង្សា​ពី​សំណាក់​លោក​លឿង ជុនយីង ប្រមុខ​រដ្ឋាភិបាល​ហុងកុង ដែល​ត្រូវ​អស់​អាណត្តិ​នៅ​ខែ​កក្កដា​ខាងមុខ។

ជាមួយ​នឹង​ការជាប់ឆ្នោត​របស់លោកស្រី Lam Carrie ដែលធ្លាប់​ជា​មនុស្ស​មាន​អំណាច​ធំ​ទី​២ របស់​រដ្ឋាភិបាល​ចាស់ ក្រុមអ្នកប្រជាធិបតេយ្យ​ហុងកុង​បារម្ភ​ថា ហុងកុង​នឹងបន្ត​ធ្លាក់​ចូល​កាន់តែ​ជ្រៅ ទៅក្នុង​កណ្តាប់ដៃ​កាន់កាប់​របស់​រដ្ឋអំណាច​ចិន។ ជាក់ស្តែង នៅ​ក្រោយ​ជាប់ឆ្នោត នៅថ្ងៃនេះ លោកស្រី​ Lam Carrie​បានប្រកាស​បិទផ្លូវ តវ៉ា មិន​ឲ្យ​មាន​ការទាមទារ​ឯករាជ្យ​ពី​ប្រទេស​ចិន។ អនាគត​ប្រមុខដឹកនាំ​ថ្មី​ហុងកុង​ដែល​ទទួល​ស្គាល់​ថា មាន​ការប្រេះឆា ក្នុង​សង្គម​ហុងកុង បាន​អំពាវនាវ​ឲ្យ​មាន​ការគិត​បែបថ្មី និង​សន្យា​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិត ដើម្បី​ធានា​ការចម្រុងចម្រើន រុងរឿង​របស់​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ