អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​លោកហ្រ្វង់ស័រ ហូឡង់​ផ្តើម​ទស្សនកិច្ច​មួយជុំ​អាស៊ីអាគ្នេយ៍ មុន​នឹង​ចប់​អាណត្តិ​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី២៦ មីនា​នេះ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​អាស៊ីអាគ្នេយ៍​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចំនួន ៣ គឺ​សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ តាំង​ពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១២ នេះ​ជា​លើកទី១ ដែល​លោក​ហូឡង់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ មុន​នឹង​ចប់​អាណត្តិ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កម្មវត្ថុ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋ​បារាំង​នៅ​អាស៊ីអាគ្នេយ៍​ពេល​នេះ។

លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ (រូប​ឆ្វេង) និង​សមភាគី​សិង្ហបុរី​លោក Tony Tan Keng Yam
លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ (រូប​ឆ្វេង) និង​សមភាគី​សិង្ហបុរី​លោក Tony Tan Keng Yam Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ីអាគ្នេយ៍​រយៈពេល ៤ថ្ងៃ លោក​ហ្រ្វង់ស័រ ហូឡង់​ទៅ​ប្រទេស​សិង្ហបុរី​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ ទី២៦​ដល់​ថ្ងៃ​ចន្ទ ទី២៧ មីនា។ បន្ទាប់​មក លោក​ហូឡង់​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ ទី២៨ និង​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ពុធ ទី២៩ មីនា។ គួរ​ជម្រាប​ជូន​ថា មុន​លោក​ហ្រ្វង់ស័រ ហូឡង់ ក៏​ធ្លាប់​មាន​ប្រមុខរដ្ឋ​បារាំង​លោក​ហ្សាក់ ឈៀរ៉ាក់ (Jacques Chirac) ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ២០០៣ និង​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ ២០០៤។ ចំណែក​ប្រទេស​ឥណ្ឌូណេស៊ី ជា​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​បារាំង​ម្នាក់​ទៀត គឺ​លោក​ហ្រ្វង់ស័រ មីតេរ៉ង់ (François Mitterrand) ក្នុង​ឆ្នាំ ១៩៨៦។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នេះ​ជា​លើកទី១ ដែល​មាន​ប្រមុខរដ្ឋ​បារាំង​ម្នាក់​លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ទាំង ៣ ពេល​នេះ។ ម្យ៉ាង​ទៀត នេះ​ក៏​ជា​ទស្សនកិច្ច​លើកទី១ និង​ប្រហែល​ជា​លើក​ចុង​ក្រោយ​របស់​លោក​ហូឡង់​នៅ​អាស៊ីអាគ្នេយ៍ មុន​នឹង​ចប់​អាណត្តិ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ សូម​ជម្រាប​ជូន​ថា​តាំង​ពី​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១២ លោក​ហូឡង់​បាន​ចេញ​ទៅ​ទស្សនកិច្ច​នៅ​បរទេស​ចំនួន ២៣០លើក និង​អាច​បន្ថែម​មួយ​លើក​ទៀត​នៅ​ថ្ងៃទី២៩ មេសា​ខាង​មុខ​ដើម្បី​ចូលរួម​ជំនួបកំពូល​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

អាស៊ីអាគ្នេយ៍​ជា​សក្តានុពល​សេដ្ឋកិច្ច​ដែល​បារាំង​មិន​អាច​មើល​រំលង

តើ​មាន​ប្រទេស​បស្ចិមលោក​ណា​មួយ​មិន​ឲ្យ​តម្លៃ​នៅ​អាស៊ី ឬ​មួយ​មិន​ចង់​ចែចូវ​ជាមួយ​អាស៊ី ពិសេស​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន?។ ពិត​ណាស់ ដំណើរ​ទស្សកិច្ច​របស់​លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​នៅ​អាស៊ី ពិសេស​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន៣ គឺ​សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ពេល​នេះ​ហាក់​ដូច​ជា​យឺតយ៉ាវ​បន្តិច បើ​ធៀប​នឹង​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​លោក​ហូឡង់​តាំង​ពី​ឆ្នាំ ២០១២។ តែ​នេះ​មិនមែន​មាន​ន័យ​ថា បារាំង​មិន​បាន​ចាប់​អារម្មណ៍ និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាស៊ី​នោះ​ទេ ព្រោះ​លោក​ហូឡង់​ធ្លាប់​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៦។

ម្យ៉ាងទៀត ក្រៅ​ពី​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​ពេល​នេះ ក៏​មាន​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​បារាំង​ផ្សេង​ទៀត​ជា​ច្រើន​នៅ​អាស៊ី​នា​ពេល​កន្លង​មក​ក្នុង​អាណត្តិ​របស់​លោក​ហូឡង់។គ្រាន់​តែ​ថា​សម្រាប់​រូប​លោក​ហូឡង់​ផ្ទាល់ លោក​មាន​កម្មវិធី​អាទិភាព​អន្តរជាតិ​ផ្សេង​ទៀត​ដែល​ត្រូវ​បំពេញ រួម​ទាំង​បញ្ហា​ផ្ទៃក្នុង​របស់​បារាំង​ខ្លួន​ឯង​ផង។ ដូច្នេះ ដំណើរ​ទៅ​កាន់​អាស៊ីអាគ្នេយ៍​របស់​លោក​ហូឡង់​ពេល​នេះ​ពិត​ជា​មិន​យឺតពេល​ទេ ព្រោះ​អាស៊ីអាគ្នេយ៍​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ចំនួន ៥% ហើយ​បរិមាណ​នៃ​ការ​នាំ​ចូល​ទំនិញ​បារាំង​ទៅ​អាស៊ីអាគ្នេយ៍​បាន​កើន​ទ្វេដង​ក្នុង​រយៈពេល ១០ឆ្នាំ ពោល​មាន​ទឹកប្រាក់​ដល់​ទៅ ១៤ ៧០០លានអឺរ៉ូ​ក្នុង​ឆ្នាំ ២០១៦។

សិង្ហបុរី​ជា​ប្រទេស​ទីតាំង​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍

សិង្ហបុរី​ជា​ប្រទេស​ដែល​លោក​ហូឡង់​ត្រូវ​បំពេញ​ទស្សនកិច្ច​រយៈពេល​២ថ្ងៃ ចំណែក​ប្រទេស​២​ទៀត គឺ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​តែ ១ថ្ងៃ​ប៉ុណ្ណោះ។ ការ​ឲ្យ​អាទិភាព​ខ្លាំង​លើ​សិង្ហបុរី ព្រោះ​ជា​ប្រទេស​ទីតាំង​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ដ៏​ធំ និង​សំខាន់​ជាង​គេ​នៅ​ក្នុង​តំបន់។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន និង​រោងចក្រសហគ្រាស​បារាំង​ចំនួន ៧០០ កំពុង​បោះ​ទីតាំង​លើ​ទឹកដី​សិង្ហបុរី ក្នុង​នោះ មាន​ក្រុមហ៊ុន​កៃច្នៃ និង​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ចំនួន ១៧០ក្រុមហ៊ុន។ បើ​និយាយ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ សិង្ហបុរី​ជា​ដៃគូ​ទី១ របស់​បារាំង​នៅ​អាស៊ីអាគ្នេយ៍​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប៉ារីស និង​សិង្ហបុរី​មាន​ជិត ៨ ០០០លានអឺរ៉ូ។

ដូច្នេះ​កម្មវត្ថុ​របស់​លោក​ហូឡង់​នៅ​សិង្ហបុរី​ដែល​នាំ​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន​បារាំង​ធំ តូច គឺ​បន្ត​រក្សា និង​ពង្រឹង​បន្ថែម​ដៃគូ​ពាណិជ្ជកម្ម។ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រធានបទ​អាទិភាព​របស់​លោក​ហូឡង់ គឺ​វិស័យ​ការពារ​ដែល​ម៉ាឡេស៊ី​ធ្លាប់​ជា​អតិថិជន​ទិញ​នាវាមុជទឹក និង​យន្តហោះ​ដឹកជញ្ជូន​បារាំង Airbus ប្រភេទ A៤០០M។ នៅ​ក្នុង​ឱកាស​វត្តមាន​លោក​ហូឡង់​ពេល​នេះ បារាំង​នឹង​ព្យាយាម​លក់​យន្តហោះ​ចម្បាំង Rafale ទៅ​ឲ្យ​ទ័ពអាកាស​ម៉ាឡេស៊ី​ទៀត។ ចំណែក​នៅ​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ចុង​ក្រោយ អាទិភាព​របស់​លោក​ហូឡង់​គឺ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សមុទ្រ​ដែល​បារាំង​សង្ឃឹម​នឹង​ទទួល​បាន​កិច្ចសន្យា​ក្នុង​ផ្នែក​ដឹកជញ្ជូន និង​ការ​សាងសង់​កំពង់ផែ រួម​ទាំង​ក្នុង​វិស័យ​ទេសចរណ៍​ផង។

សូម​ជម្រាប​ជូន​ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​គេ​ស្ថិត​លំដាប់​ទី៤ ក្នុង​លោក និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ