អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់​​ប្រកាស​ថា​​នឹង​​​ផលិត​​នាវា​​មុជទឹក​​ដោយ​ខ្លួនឯង​

ថ្ងៃអង្គារ២១មីនា​​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ​ អ៊ីងវេន ​បាន​ប្រកាស​ថា តៃវ៉ាន់​នឹង​​ផលិត​នាវាមុជទឹក​ដោយខ្លួនឯង។ គេមើលឃើញថា ​ការ​ប្រកាស​​នេះ គឺ​ដើម្បី​ប្រឈម​នឹង​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដីរបស់​ខ្លួន។  

ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវេន នៅ​មូលដ្ឋានយោធា​ជើងទឹក Zuoying ថ្ងៃ​អង្គារ​២១មីនា ឆ្នាំ២០១៧
ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវេន នៅ​មូលដ្ឋានយោធា​ជើងទឹក Zuoying ថ្ងៃ​អង្គារ​២១មីនា ឆ្នាំ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អង្គារ​នេះ​ ​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ​ អ៊ីងវេន ​​សន្យា​ថា តៃវ៉ាន់​នឹង​​សាងសង់​​នាវាមុជទឹក​ច្រើនគ្រឿង ដោយខ្លួនឯង។ ​ក្នុង​​ដំណើរ​ទៅកាន់​​មូលដ្ឋានយោធា​​ជើងទឹក​​មួយកន្លែង ​លោកស្រី​អ៊ីនវេន ​លើកឡើង​ថា ការ​ពង្រឹងសមត្ថភាព​​ប្រយុទ្ធ​ផ្នែក​មុជទឹក មាន​សារៈសំខាន់​​ដើម្បី​ការពារ​តៃវ៉ាន់។

តៃ​វ៉ាន់​មិនដែល​សង់​នាវា​មុជទឹក​ដោយខ្លួនឯង​ទេ។ យោងតាម​ក្រុម​អ្នកជំនាញ​​ ​ក្នុង​ការ​សាងសង់​ជាលើក​ទី១​នេះ​ តៃវ៉ាន់ត្រូវផ្អែក​លើ​បច្ចេកវិទ្យា​បរទេស ​ដើម្បី​ឆ្លើយតប​បញ្ហា​មួយចំនួន បែបយ៉ាង​ខាង​​ផ្នែក​​​ប្រព័ន្ធ​អេឡិចត្រូនិកជាដើម។ ​

សព្វថ្ងៃ កោះ​តៃវ៉ាន់​មាន​នាវាមុជទឹក​​២គ្រឿង ​ទិញពីសហរដ្ឋ​​អាមេរិក។ ជា​នាវា​​​សម័យ​សង្គ្រាម​លោក​លើក​ទី២។ តៃ​វ៉ាន់​ប្រើ​នាវា​ទាំង២​នេះ សម្រាប់​ការហ្វឹកហាត់។ ​មាន​នាវា​មុជទឹក​២គ្រឿង​ទៀតដែរ ដែល​ទិញ​ពី​ប្រទេស​ហូឡង់ ក្នុង​ទស្សវត្ស​ឆ្នាំ១៩៨០។ ជា​នាវា​សង់​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៧០។ កាលពី​ឆ្នាំ២០០១ ​អាមេរិក​ធ្លាប់​យល់ព្រម​លក់អោយ​តៃវ៉ាន់ នូវ​​នាវា​មុជទឹក​៨គ្រឿង ប្រើ​ប្រេង​ម៉ាស៊ូត​និង​អេឡិចត្រូនិក។ តែ​​តៃវ៉ាន់​មិនដែល​បាន​ទិញ​ពី​អាមេរិក​ទេ ដោយសារ​មាន​បញ្ហា​​​ថវិកា​ជាតិ និង​ការ​ជំទាស់​​​ក្នុងស្រុក។ ​

ការ​ប្រកាសសង់​នាវា​មុជទឹក​ដោយខ្លួនឯង ប្រកាស​​ចេញ​ពី​មាត់​របស់​ប្រធានាធិបតី​តៃវ៉ាន់​ផ្ទាល់​​នេះ​ ​ត្រូវ​គេមើលឃើញថា ​​ជា​សារ​ឆ្លើយ​តប​​ទៅ​​ចិន។ ប្រធានាធិបតី​​ ត្សៃ​ អ៊ីនវេន ជា​អ្នក​គាំទ្រ​ការទាមទារ​ឯករាជ្យ​កោះ​តៃវ៉ាន់។ ​យោងតាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ ចិន​មិនដែល​​ទាត់ចោល​យុទ្ធសាស្ត្រ​ប្រើកម្លាំងបាយ​ ដើម្បី​​ទាមទារ​​យក​ខែត្រ​ខ្លួន​មកវិញ​ទេ។ កាលពី​ខែ​មករា ចិន​បាន​បញ្ជូន​កប៉ាល់​ផ្ទុក​យន្តហោះ​​ចម្បាំង ឈ្មោះថា ​Liaoning លៀវនីង ទៅ​ក្បែរ​កោះ​​តៃវ៉ាន់។ សប្តាហ៍​មុន តៃ​វ៉ាន់​ទើប​តែ​​បានព្រមាន​ពីការ​ប្រឈម​​ ទៅ​នឹង​​​​ការ​​ឈ្លានពាន​​របស់​ចិន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ