rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន អារ៉ាប៊ីសាអូឌីត ប្រេងកាត សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្តេចសាលម៉ាន​ផ្តើម​ទស្សនកិច្ច​នៅ​ជប៉ុន

media
ព្រះចៅ​ Salman bin Abdulaziz Al-Saud ព្រះមហាក្សត្រ​អារ៉ាប៊ី សាអូឌីត​យាង​ដល់​ទីក្រុង​តូក្យូ យប់​ថ្ងៃ​អាទិត្យ​ទី ១២​មីនា ២០១៧ ©REUTERS/Toru Hanai

ព្រះមហាក្សត្រ​សាលម៉ាន​របស់​អារ៉ាប៊ី សាអូឌីត បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​តូក្យូ នៅ​យប់​ថ្ងៃ​អាទិត្យនេះ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​ជប៉ុន។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​ព្រះចៅ​សាលម៉ាន នៅ​ជប៉ុន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ៣ គឺ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ជប៉ុន ធ្វើវិនិយោគ​កាន់តែ​ច្រើន នៅ​អារ៉ាប៊ី សាអូឌីត ដែល​ចង់​ស្វែងរក​ចំណូលផ្សេង ក្រៅ​ពី​ចំណូល​ប្រេង។


នៅក្នុង​រយៈពេល ៤៦​ឆ្នាំ​ចុងក្រោយនេះ ព្រះចៅសាលម៉ាន ជា​ស្តេច​អារ៉ាប៊ី សាអូឌីត​ទី ១​ដែលធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៤​មីនា ស្តេច​អារ៉ាប៊ី សាអូឌីត នឹង​ចូល​គាល់​អធិរាជ​ជប៉ុន មុន​នឹង​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន។

 
ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​អារ៉ាប៊ី សាអូឌីត នៅ​ជប៉ុន បង្កប់​ដោយ​អត្ថន័យ​ជ្រាលជ្រៅ នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ តាមតួលេខ​ផ្លូវការ អារ៉ាប៊ី សាអូឌីត ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​ធំជាង​គេ​របស់​ជប៉ុន។ ប្រេង​មួយភាគបី​ដែល​ជប៉ុន ទិញ​នាំចូល​មក​បី​បរទេស មាន​ប្រភព​មកពី​អារ៉ាប៊ី សាអូឌីត។ ផ្ទុយទៅវិញ អារ៉ាប៊ី សាអូឌីត ទិញ នាំចូល រថយន្ត គ្រឿងបរិក្ខារ ហើយ​និង​គ្រឿងដែក ជប៉ុន ដែល​សរុប​ជាទឹកប្រាក់ ប្រមាណ៦៩០០​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៥។
 
នៅក្នុង​ទស្សនកិច្ច​ទៅ​ជប៉ុន​នៅលើកនេះ អារ៉ាប៊ី សាអូឌីត ចង់​ឲ្យ​ជប៉ុន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី ៣​ក្នុង​ពិភពលោក បោះទុន​វិនិយោគ បន្ថែម ក្នុង​ផ្នែក​ថាមពល​មិនចេះ​រីងស្ងួត បច្ចេកវិទ្យា ដូចជា​មនុស្សយន្ត និង​នុយក្លេអ៊ែរ។ នៅ​ឆ្នាំ ២០១៤ ប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ពី​ការនាំចូល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​ជប៉ុន ទៅ​អារ៉ាប៊ី សាអូឌីត។ ទីក្រុង​រីយ៉ាដ ចង់​បាន​ផងដែរ ការវិនិយោគ​របស់​ជប៉ុន ក្នុង​វិស័យ​អប់រំ​ធនធាន​មនុស្ស​ នៅ​អារ៉ាប៊ី សាអូឌីត។ បច្ចុប្បន្ន​នេះ ជប៉ុន​កំពុង​ជួយ​បណ្តុះបណ្តាល​យុវជន​អារ៉ាប៊ី សាអូឌីត ដើម្បី​ជំនួស​បុគ្គលិក និង​កម្មករ​បរទេស ដែល​កំពុង​ធ្វើការ នៅ​អារ៉ាប៊ី សាអូឌីត។
 
ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃប្រេង និង​ឱនភាព​ថវិកា អារ៉ាប៊ី សាអូឌីត ដែល​ប្រទេស​មហាសេដ្ឋី នាំចេញ​ប្រេង​ធំជាង​គេ ក្នុង​ពិភពលោក បាន​ដាក់ចេញ នៅ​ឆ្នាំ ២០១៦ កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​ថ្មី ឈ្មោះ ទស្សនវិស័យ ឆ្នាំ ២០៣០ ដើម្បី គិតគូរ​ស្វែងរក​ប្រាក់​ចំណូល​ថ្មី ផ្សេង ក្រៅ​ពី​ចំណូល​បាន​មក​ពី​ការលក់​ប្រេង។
 
តាម​អ្នកស្រាវជ្រាវ មក​ពី​វិទ្យាស្ថាន​ជប៉ុន​ផ្នែក ថាមពល និង​សេដ្ឋកិច្ច ជប៉ុន​នឹង​បាន​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការវិនិយោគ នៅ​អារ៉ាប៊ី សាអូឌីត។ អារ៉ាប៊ី សាអូឌីត​ទន្ទឹង​ចង់​ឲ្យ​ជប៉ុន​បោះទុន នៅ​ក្នុង​ផ្នែក​ថាមពល ក្រុមហ៊ុន​ខ្នាតតូច សុខាភិបាល ហើយ​និង​រោងចក្រ​ឧស្សាហកម្ម។ ក្រៅតែពី​ចំណង​សេដ្ឋកិច្ច អារ៉ាប៊ី សាអូឌីត និង​ជប៉ុន​នឹង​ចុះកិច្ចព្រមព្រៀង​ផងដែរ លើ​ការសហការ​ផ្នែក​ការទូត និង​យោធា។ តាម​គម្រោង អារ៉ាប៊ី សាអូឌីត នឹង​ប្រកាស​ជ្រើសតាំង អ្នកតំណាង​យោធា​ម្នាក់​របស់ខ្លួន ប្រចាំ​នៅ​តូក្យូ៕