អានតួអត្ថបទ
អាស៊ី-ONG

របាយការណ៍ ONG ឆ្នាំ២០១៦៖​ពលរដ្ឋ​អាស៊ី​ចំនួន ១ភាគ៤ បាន​សូកប៉ាន់​ដើម្បីទទួល​បាន​ការងារ​​រដ្ឋ

នៅ​ថ្ងៃ​អង្គារ ទី៧ មីនា អង្គការ​ក្រៅ​រដ្ឋាភិបាល Transparency International បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​រឿង​ស៊ីសំណូកសូកប៉ាន់​ក្នុង​ឆ្នាំ ២០១៦។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​រស់ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​ចំនួន ១ភាគ៤ បាន​យក​លុយ​ទៅ​សូក​មន្រ្តី​សាធារណៈ​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ។ Transparency International បាន​អំពាវនាវ​ដល់​គ្រប់​រដ្ឋាភិបាល​ឲ្យ​រួសរាន់​ចាត់​វិធានការ​ទប់​ស្កាត់​លើ​ទង្វើ​ពុករលួយ​មួយ​នេះ។

Logo Transparency International
Logo Transparency International http://transparencyschool.org
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Transparency International ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើ​ឡើង ដោយ​មាន​ការ​សាកសួរ​លើ​មនុស្ស​ជាង ២០ ០០០នាក់​រស់ក្នុង ១៦ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​ដោយ​រាប់​ចាប់​ពី​ប្រទេស​ប៉ាគីស្ថាន​ដល់​ប្រទេស​អូស្ត្រាលី។ តាម​របាយការណ៍ មាន​មនុស្ស​ជាង ៩០០លាននាក់​បាន​បង្ខំ​ចិត្ត​យក​លុយ​ទៅ​សូក​មន្រ្តី​រដ្ឋការ​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ។ ឥណ្ឌា និង​វៀតណាម ជា​ប្រទេស​អាស៊ី​ពីរ​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ ព្រោះ​មាន​ពលរដ្ឋ​ជិត ២ភាគ៣ មាន​ទម្លាប់​យក​លុយ​ទៅ​សូកប៉ាន់​គេ​ដើម្បី​អាច​ទទួល​បាន​ការងារ​រដ្ឋ ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ ឬ​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ។

ចំណែក​ជប៉ុន កូរ៉េខាងត្បូង ហុងកុង និង​អូស្រ្តាលី​ត្រូវ​បាន​ Transparency International ចាត់​ទុក​ជា​ក្រុម​ប្រទេស​គំរូ​មិន​សូវ​មាន​បញ្ហា​ស៊ីសំណូកសូកប៉ាន់​របៀប​នេះ​ទេ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ប្រភេទ​មន្រ្តី​រដ្ឋការ​ដែល​ពុករលួយ ទទួល​សំណូក​​ខ្លាំង​ជាង​គេ គឺ​ពួក​ប៉ូលិស ហើយ​ប្រភេទ​ពលរដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​អ្នកក្រីក្រ។ លោក Jose Ugaz ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​ Transparency International បាន​ថ្លែង​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ចាត់​វិធានការ​បន្ថែម​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ។

សេចក្តីជូនដំណឹង​ដដែល​បាន​បន្ថែម​ថា អំពើ​ពុករលួយ​មិនមែន​ជា​ឧក្រិដ្ឋកម្ម​តូចតាច​ទេ តែ​វា​អាច​រំខាន​ដល់​ការ​អប់រំ រំខាន​ដល់​ការ​ទទួល​ការ​ព្យាបាល​សមរម្យ និង​វា​អាច​ឈាន​ដល់​ការ​សម្លាប់​ទៀត​ផង។ របាយការណ៍​របស់​ Transparency International នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​មាន​ប្រទេស​អាស៊ី​ខ្លះ​បាន​ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ពុករលួយ​ជាប់​ពាកព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​តែ​ម្តង។

ជាក់ស្តែង​នៅ​កូរ៉េខាងត្បូង​ថ្មីៗ​នេះ ការ​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ និង​បាតុកម្ម​របស់​មហាជន​បាន​ធ្វើ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ខ្ទាត​ពី​តំណែង​ដោយ​ការ​បោះឆ្នោត​ទម្លាក់​ពី​សភា។ នៅ​ម៉ាឡេស៊ី លោក​នាយករដ្ឋមន្រ្តី​ណាហ្ស៊ីប រ៉ាហ្សាក់​កំពុង​ជំពាក់វាក់វិន​នឹង​រឿង​អាស្រូវ​ពុករលួយ​រាប់ពាន់លានដុល្លារ​តាំង​ពី​ឆ្នាំ ២០១៥ ជាមួយ​នឹង​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ 1MD៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ