អានតួអត្ថបទ
អ.ស.ប-កូរ៉េខាងជើង

របាយការណ៍​សម្ងាត់​របស់​អ.ស.ប.​បាន​ចង្អុល​មុខ​ចិន​ពី​បទ​លេងបៀរ ៤សន្លឹក​ក្នុង​សំណុំរឿង​កូរ៉េខាងជើង

កូរ៉េខាងជើង​មិន​បាន​អើពើ​នឹង​ទ័ណ្ឌកម្ម​អន្តរជាតិ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ ២០១៦ ទេ នេះ​ជា​ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុង​របាយការណ៍​សម្ងាត់​មួយ​របស់​អង្គការសហប្រជាជាតិ។ របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​របប​ក្រុង​ព្យុងយ៉ាង​មាន​លទ្ធភាព​អាច​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ក៏​ដោយសារ​មាន​ការ​គាំទ្រ​ពី​រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ។

ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​(រូបកណ្តាល)
ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​(រូបកណ្តាល) REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​សម្ងាត់​របស់​អង្គការសហប្រជាជាតិ​មិន​បាន​និយាយ​ចំ​ឈ្មោះ​រដ្ឋ​មួយ​ណា​ទេ តែ​គេ​ដឹង​ថា អង្គការសហប្រជាជាតិ​ចង់​ចង្អុល​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​កូរ៉េខាងជើង។ តាម​ពិត​ទៅ ទីក្រុង​ប៉េកាំង​បាន​ព្យាយាម​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​រារាំង​កុំ​ឲ្យ​របាយការណ៍​មួយ​នេះ​ចេញ​ផ្សាយ​ជា​សាធារណៈ។ ការ​ដែល​ចិន​មិន​ចង់​ឲ្យ​របាយការណ៍​មួយ​នេះ​បែក​ធ្លាយ​ក៏​ដោយសារ​ថា ខ្លួន​បាន​ជាប់​ចោទ​ពី​បទ​បាន​លេង​បៀរ ៤សន្លឹក​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​ច្បាស់ៗ​នៅ​ក្នុង​របាយការណ៍​នោះ​ថា ការ​ដែល​កូរ៉េខាងជើង​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក មាន​លទ្ធភាព​អាច​ចំណាយ​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​អន្តរទ្វីប​ក៏​ដោយសារ​តែ​មាន​ការ​គាំទ្រ​មួយ​ភាគធំ​ពី​ប្រទេស​ចិន។ តាម​របាយការណ៍​ដដែល ចិន​បាន​ទទួល​ក្រុមអ្នកវិនិយោគ និង​ក្រុមហ៊ុន​កូរ៉េខាងជើង​ជា​ច្រើន​ក្នុង​ទឹកដី​ខ្លួន ហើយ​ចិន​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​កូរ៉េខាងជើង និង​ក្រុមហ៊ុន​បរទេស។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​កូរ៉េខាងជើង​បាន​ទទួល​ទ័ណញឌកម្ម​អន្តរជាតិ​បន្ថែម​ក្នុង​ឆ្នាំ ២០១៦ ក៏​ដោយ ក៏​របប​កុម្មុយនិស្ត​មួយ​នេះ​អាច​បន្ត​ទទួល​បាន​ចំណូល​ពី​គ្រប់​ច្រក និង​អាច​បន្ត​លក់​ផលិតផល​គ្រប់ប្រភេទ​ទៅ​បរទេស។ អ្វី​ជា​ការ​កត់សម្គាល់ របាយការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក ប៉េកាំង​តែងតែ​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង។ នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​កន្លង​ទៅ និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​ខ្លួន ចិន​បាន​ប្រកាស​ផ្អាក​ទិញ​រ៉ែធ្យូងថ្ម​ពី​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ