អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

ជប៉ុនតវ៉ា ទល់នឹង​គម្រោង​រុស្ស៊ី ពង្រាយ​ទ័ព​មួយម៉ឺន​នាក់តែម្តង នៅ កោះគួរីល

ថ្ងៃទី ២៣ កុម្ភៈ ក្រុងតូក្យ៉ូ បានផ្ញើកំណត់​ទូត តវ៉ា មកកាន់​ក្រុងម៉ូស្គូ ចំពោះ ផែនការរុស្ស៊ី ពង្រឹង​វត្តមាន​យោធា​រុស្ស៊ី នៅលើ​អំបូរកោះ​គួរីល​ខាងត្បូង ទៅដោយ អង្គភាពទ័ព ចំនួនមួយ​កងពល​តែម្តង ហេតុ​ដែល​ផ្ទុយស្រឡះ​នឹង គោលជំហរ​រដ្ឋាភិបាល​ជប៉ុន។ ប៉ុន្តែ ម៉ូស្គូ ថ្លែង​ថា ការពង្រាយ​ទ័ព​នេះ ឥត​ពាំនាំ​ជា​គ្រោះថ្នាក់​អ្វី​ណា​ទេ។ មិនតែ​ប៉ុណ្ណោះ រុស្ស៊ី ថែមទាំង ត្រៀម សហការ ជាមួយ​ជប៉ុនផង ខាង​បញ្ហា​យោធា។

នាយករដ្ឋមន្រ្តី​ជប៉ុន​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ដែនកោះ​គូរីល​ពី​រុស្ស៊ី ដែល​ធ្វើ​នៅថ្ងៃទី​៧កុម្ភៈ ២០១៧
នាយករដ្ឋមន្រ្តី​ជប៉ុន​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ដែនកោះ​គូរីល​ពី​រុស្ស៊ី ដែល​ធ្វើ​នៅថ្ងៃទី​៧កុម្ភៈ ២០១៧ ©REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

គួរនិយាយ​ថា អំបូរកោះ​នោះឯង តាម​ការបកស្រាយ​ក្រុងតូក្យ៉ូ  គឺជា​ដែនដី​ខាងជើង របស់​ជប៉ុន​ទេតើ។ វាបានឆ្លងមក​នៅ​ក្រោមការត្រួតត្រា​របស់​កងទ័ព​សូវៀត ក្រោយពី​ជប៉ុន​ចាញ់ សង្គ្រាម​លោក​លើក​ទី២ ក្នុង​ឆ្នាំ១៩៤៥ ហើយអ្នកស្រុក​ជប៉ុន នៅទីនោះ ប្រមាណ១៧.០០០នាក់ ត្រូវ បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ។

 
ថ្លែង​ម្សិលមិញ ក្នុងសន្និសីទ​សារព័ត៌មាន នៅក្រុង​តូក្យ៉ូ អគ្គលេខាធិការ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​ឲ្យ​ដឹង​ថា ជប៉ុន​នឹង​តាមដាន​យ៉ាងដិត​ដល់ អំពី​វិធានការ ចាត់ដោយ រុស្ស៊ី។ តាមសំដី​គាត់ បើ​ចំណាត់ការ​រុស្ស៊ី លេច​ចេញ​ជា​កាបង្កើន​ចំនួន​ទ័ពនៅ លើអំបូរកោះ​នោះមែន គឺវា ផ្ទុយ​នឹង​គោលជំហរ​ជប៉ុន​តែម្តង។

ជា​ការរំលឹក កាលពីខែ​ធ្នូ​កន្លងទៅ នៅ​ក្រុងតូក្យ៉ូ លោកនាយក​រដ្ឋមន្ត្រី ជប៉ុន Shinzo Abe  និង លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចជាច្រើន ច្បាប់ ប៉ុន្តែ មិនបាន​រំកិល​ឲ្យ​ទៅមុខ​បានដូចចិត្តឡើយ សំណុំរឿងកោះ​ជាប់​វិវាទនោះ។ ដើម្បី​ពន្លឿន​វា  លោក Shinzo Abe  នឹង​មកបំពេញទស្សនកិច្ច នៅរុស្ស៊ី ក្នុងឆ្នាំ ២០១៧នេះ។

កិច្ចចរចា​នឹងតម្រង់ទៅ ដោះស្រាយ​ដែនដី​ជាប់វិវាទ ហើយ​សាកល្បង​ចុះ​ជាសន្ធិសញ្ញា​សន្តិភាព រវាង​ជប៉ុននិងរុស្ស៊ី គ្រាន់នឹង​ខ័ណ្ឌ​បញ្ចប់​ជាផ្លូវការ ភាពជាសត្រូវ​នឹងគ្នា សល់ពី សង្គ្រាម​លោក លើកទី២។

តបនឹង​ក្តីព្រួយបារម្ភ​របស់​ក្រុងតូក្យ៉ូ ប្រធាន គណៈកម្មាធិការ​ព្រឹទ្ធសភា​រុស្ស៊ី​ខាងការពារប្រទេសនិងសន្តិសុខជាតិ លោក Viktor Ozerov បានថ្លែង​ថា ៖ ដោយដាក់​ទ័ព​ខ្លួន​ឲ្យ​ប្រចាំការ​នៅលើ កោះ ជាដែនដី​ខ្លួន រុស្ស៊ី​គ្មានចេតនា​វាយប្រហារ​អ្វីណា ទៅលើ​ជប៉ុនឡើយ។ គាត់​គូស​បញ្ជាក់ ថា “ប្រទេស​រុស្ស៊ី​អាចពង្រាយ​កម្លាំង​យោធា នៅត្រង់​កន្លែងណា នៃ​ដែនដីខ្លួន ដែលខ្លួន យល់ ថា ជាតម្រូវការ​ចាំបាច់។ មិនតែប៉ុណ្ណោះ រុស្ស៊ី ថែមទាំង ត្រៀម សហការ​ជាមួយ​ជប៉ុនទៅផង ខាងបញ្ហាយោធា”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ