អានតួអត្ថបទ
អង់គ្លេស-IISS

IISS៖​ចិន​កំពុង​បន្ត​បំពាក់​គ្រឿងសព្វាអាវុធ​លឿន​ជាង​ប្រទេស​ផ្សេង​ក្នុង​លោក

នៅ​ថ្ងៃ​អង្គារ ទី១៤ កុម្ភៈ វិទ្យាសា្ថន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត​ហៅកាត់​ថា IISS បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ ស្តីពី​សមភាព​កម្លាំង​យោធា​នៅ​ក្នុង​ពិភពលោក។ របាយការណ៍​បាន​បញ្ជាក់​ថា ចិន​ជា​ប្រទេស​ដែល​កំពុង​បន្ត​បំពាក់​គ្រឿងសព្វាវុធ​លឿន​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក​ជាមួយ​នឹង​ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ ២០១៦ ចំនួន ១៤៥ ០០០លានដុល្លារ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អាមេរិក​បន្ត​ស្ថិត​នៅ​​ចំណាត់ថ្នាក់ទី១ លើ​ការ​ចំណាយ​ផ្នែក​យោធា។

លោក John Chipman នាយក IISS
លោក John Chipman នាយក IISS
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​ដែល​លោក John Chipman នាយក​វិទ្យាសា្ថន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត (IISS) បាន​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៦ ស្តីពី​សមភាព​កម្លាំង​យោធា​នៅ​ក្នុង​ពិភពលោក។ តាម​លោក John បស្ចិមលោក​កំពុង​បាត់បង់​បន្តិច​ម្តងៗ​នូវ​ឧត្តមភាព​បច្ចេកវិទ្យា​យោធា​ដែល​ខ្លួន​ធ្លាប់​មាន​ពី​មុន​មក។ របាយការណ៍​របស់ IISS បាន​បញ្ជាក់​ថា តាំង​ពី​អាស៊ី​បាន​បង្កើន​ការ​ចំណាយ​យោធា​ទ្វេ​ដង​លើស​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១២ មក ការ​ចំណាយ​ក្នុង​វិស័យ​នេះ​នៅ​អាស៊ី​បាន​បន្ត​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រង្វង់​ពី ៥ ទៅ ៦%។ តែ​បើ​និយាយ​ជា​លក្ខណៈ​ទូទៅ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ វិញ ការ​ចំណាយ​ក្នុង​វិស័យ​យោធា​មាន​ការ​ធ្លាក់​ចុះ​ចំនួន ០,៤%។

តំបន់​ដែល​បាន​កាត់​បន្ថយ​ចំណាយ​យោធា គឺ​តំបន់​មជ្ឈិមបូព៌ា​ដោយសារ​តែ​តម្លៃ​ប្រេងឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក។ របាយការណ៍​របស់ IISS ឲ្យ​ដឹង​ថា ទ្វីបអាស៊ី​បាន​ស្រូប​យក​ជាង ១ភាគ៣​នៃ​ការ​ចំណាយ​យោធា​សរុប​ក្នុង​លោក ក្នុង​នោះ ថវិកា​យោធា​ចិន​តែ​ម្នាក់​ឯង​ក្នុង​ឆ្នាំ ២០១៦ មាន​ដល់​ទៅ ១៤៥ ០០០លានដុល្លារ។ យ៉ាង​ណា​ក៏​ដោយ អាមេរិក​បន្ត​ស្ថិត​ចំណាត់ថ្នាក់​ទី១ ដោយ​មាន​ថវិកា​យោធា​ចំនួន ៦០៤ ៥០០លានដុល្លារ រុស្ស៊ី​ស្ថិត​ចំណាត់ថ្នាក់ទី៣ ជាមួយ​នឹង​ទឹកប្រាក់​យោធា​ចំនួន ៥៨ ៩០០លានដុល្លារ ប្រទេស​អារ៉ាប៊ីសាអូឌីត​ជាមួយ​នឹង​ទឹកប្រាក់ ៥៦ ៩០០លានដុល្លារ អង់គ្លេស​ចំនួន ៥២ ៥០០លានដុល្លារ ឬ​មួយ​បារាំង​ចំនួន ៤៧ ២០០លានដុល្លារ។

របាយការណ៍​របស់ IISS ដដែល​បាន​បញ្ជាក់​ថា ចិន​ដែល​ពី​មុន​ពឹង​តែ​លើ​កម្មវិធី​យោធា​ក្នុង​ជំនាន់​សហភាព​សូវៀត ឬ​មួយ​រុស្ស៊ី​សព្វថ្ងៃ​បាន​ផ្តើម​ងាក​ទៅ​ពឹង​លើ​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍន៍ និង​ការ​កសាង​គ្រឿង​សព្វាវុធ​ជាមួយ​នឹង​បច្ចេកវិទ្យា​របស់​ខ្លួន​វិញ​ម្តង។ លើស​ពី​នេះ ចិន​ក៏​បាន​ផ្តើម​លក់​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ទៅ​បរទេស​ដែរ។ សម្រាប់​ក្រុមប្រទេស​អឺរ៉ុប​ខាងកើត និង​ខាង​ជើង រុស្ស៊ី​នៅ​បន្ត​ជា​ប្រភព​គួរ​ឲ្យ​បារម្ភ នោះ​បើ​ទោះ​បី​ជា​ថវិកា​ការពារជាតិ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​ធ្លាក់​បន្តិច​ក៏​ដោយ។

នៅ​ខាង​ក្រុមប្រទេស​ទាំង ២៦ ជា​សមាជិក​របស់​អង្គការ​អូតង់​វិញ ការ​ចំណាយ​ផ្នែក​យោធា​បាន​កើន​ឡើង​តិចតួច តែ​មាន​ប្រទេស​សមាជិក​ចំនួន ២ គឺ​អេស្តូនី និង​ក្រិក​បាន​គោរព​កម្មវត្ថុ​ត្រឹមត្រូវ​ដោយ​ចំណាយ​តែ ២% នៃ​ផលិតផល​សរុប​សម្រាប់​វិស័យ​ការពារជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ