អានតួអត្ថបទ
ភូមា

ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​ទិតៀន​ភូមា​ក្នុង​រឿង​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ពុធ ទី៨ កុម្ភៈ ប្រមុខ​សង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​មាន​បន្ទូល​ទិតៀន​ខ្លាំងៗ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​ក្នុង​សំណុំរឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់ក្នុង​ទឹកដី​ភូមា។ តាម​សម្តេចប៉ាប​ហ្រ្វង់ស័រ ពួក​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប​ដោយសារ​តែ​ពួក​នេះ​ប្រាថ្នា​ចង់​រស់នៅ​តាម​ទំនៀមទម្លាប់ ប្រពៃណី​សាសនា​របស់​ពួក​គេ។ ប្រតិកម្ម​របស់​ប្រមុខ​សង្ឃកាតូលិក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​ក្រុង​រ៉ង់ហ្គូន​បាន​កាត់​ទោស​ប៉ូលិស​ភូមា​ចំនួន ៣នាក់​ឲ្យ​ជាប់​គុក​ចំនួន ២ខែ​ពី​បទ​បាន​វាយប្រហារ​លើ​ពួក​រ៉ូហ៊ីងយ៉ា។

ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ
ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​រិះគន់ ទៀន​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ​លើ​រដ្ឋាភិបាល​ភូមា​ក្នុង​រឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន​ធ្វើ​ឡើង​នៅ​បុរីវ៉ាទីកង់ ប្រទេស​អ៊ីតាលី​នា​ឱកាស​ទិវា​បន់ស្រន់​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ដែល​មាន​គ្រិស្តបរិស័ទ​ចូលរួម​ជា​ច្រើន​ពាន់​នាក់។ សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​លើកឡើង​ចំៗ​ថា អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ពួក​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប និង​សម្លាប់​ចោល​ដោយសារ​តែ​ជនជាតិ​ភាគតិច​អ្នកកាន់សាសនា​អ៊ីស្លាម​មួយ​នេះ​ប្រាថ្នា​ចង់​រស់នៅ​ជា​មួយ​នឹង​វប្បធម៌ ប្រពៃណី​សាសនា​របស់​ពួក​គេ។ នា​ឱកាស​នោះ​ដែរ សម្តេចប៉ាប​បាន​អំពាវនាវ​ឲ្យ​បន់ស្រន់​ចំពោះ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​បាន​រដ្ឋអំណាច​ភូមា​បណ្តេញ​ចេញ​ពី​ទឹកដី​ភូមា។

ទន្ទឹម​គ្នា​នេះ ប្រមុខសង្ឃកាតូលិក​ក៏​បាន​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ព្យាបាល​ស្នាមរបួស​មួយ​នេះ​ដោយ​ធ្វើ​យ៉ាង អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​អាច​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​របស់​ពួក​គេ។ តាម​សម្តេចប៉ាប​ហ្រ្វង់ស័រ គេ​ត្រូវ​តែ​កំចាត់​ឲ្យ​ខាន​តែ​បាន​នូវ​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​អាម៉ាស់ និង​មិន​អាច​ទទួល​យក​បាន​មួយ​នេះ។ បន្ទូល​របស់​ប្រមុខសង្ឃ​កាតូលិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា។

តាម​របាយការណ៍ គិត​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ មាន​ពួក​រ៉ូហ៊ីងយ៉ា​ប្រមាណ ៦៦ ០០០នាក់​បាន​ភៀសខ្លួន​រត់​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បង់ក្លាដែស និង​មាន​ប្រមាណ​ជា ២២ ០០០នាក់​ផ្សេង​ទៀត​បាន​ប្តូរ​កន្លែង​រស់នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ជនរងគ្រោះ​ចំនួន ២០០នាក់​ធ្វើ​ដោយ​អង្គការ​សហប្រជាជាតិ ជនរងគ្រោះ​បាន​ពណ៌នា​ពី​ទារុណកម្ម​យ៉ាង​សាហាវ​ដែល​ពួក​គេ​បាន​ទទួល ពិសេស​ស្រ្តី​ក្មេង ចាស់​ត្រូវ​បាន​គេ​ចាប់​រំលោភ បុរស​ត្រូវ​គេ​ដុត​ទាំង​រស់ ហើយ​ទារក និង​កូនក្មេង​ត្រូវ​គេ​ចាក់​សម្លាប់​នឹង​កាំបិត។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល​ក៏​បាន​លើក​ឡើង​ពី​នយោបាយ​បោសសំអាត​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ