អានតួអត្ថបទ
ហ្វីលីពីន-ចិន

ហ្វីលីពីន​សុំ​ឲ្យ​កប៉ាល់​ចិន​ចូល​ល្បាត​ក្នុង​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ហ្វីលីពីន

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូឌ្រីហ្កូ ឌុយទែរតេ ចង់​ឲ្យ​ចិន​បញ្ជូន​កប៉ាល់​ល្បាត​ទៅក្នុង​ដែនសមុទ្រ​ស៊ូលូ Sulu​របស់ខ្លួន។ នៅ​ថ្ងៃ​អង្គារ​ទី ៣១​មករា នៅមុខ មេបញ្ជាការ​កងទ័ព ដែល​ទើប​ឡើង​តំណែង លោក​ប្រធានាធិបតី ឌុយទែរតេ​បាន​ប្រកាស​ថា លោក​បាន​ស្នើសុំ​រួចហើយ​ទៅ​រដ្ឋាភិបាល ចិន ឲ្យ​បញ្ជូន​កប៉ាល់​ល្បាត ទៅភាគ​ខាងត្បូង​ហ្វីលីពីន ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ក្រុមចោរសមុទ្រ​អាប៊ូ សាយ៉ាហ្វ ដែល​បាន​តាំង​ខ្លួន​ជា​បណ្តាញ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​អាស៊ី។ 

ប្រធានាធិបតី​ហ្វីលីពីន លោក​Rodrigo Duterte, នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦
ប្រធានាធិបតី​ហ្វីលីពីន លោក​Rodrigo Duterte, នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ REUTERS/Czar Dancel
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ហ្វីលីពីន​កំពុង​ជាប់មាន​ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ​វិញ​បាន​បើក​ចំហរ​ដៃ ស្វាគម​វត្តមាន​កប៉ាល់​ចិន នៅសមុទ្រ​ភាគខាងត្បូង​ហ្វីលីពីន។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ​បាន​ថ្លែងថា លោក​បាន​សុំជំនួយ​ពី​ចិន ចង់​ឲ្យ​ចិន​បញ្ជូន​កប៉ាល់​ល្បាត​របស់ខ្លួន ទៅក្នុង​សមុទ្រ ស៊ូលូ ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន។

 
តាម​លោក​ឌុយទែរតេ ដោយ​មិន​បើក​ចូល​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន កប៉ាល់​ចិន​អាច​ចរាចរណ៍ នៅក្នុង​សមុទ្រ​អន្តរជាតិ ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ក្រុមឧទ្ទាម​អាប៊ូសាយ៉ាហ្វ ដែល​កំពុង​ធ្វើជា​ចោរសមុទ្រ​ចាប់ជំរិត​កប៉ាល់​ទំនិញ​បរទេស។ “យើងនឹង​សប្បាយចិត្ត​នឹង​ឃើញ​វត្តមាន​កប៉ាល់​ចិន នៅ​ទីនេះ។ គឺ​ដើម្បី​ល្បាត​តែ​មួយមុខ​ប៉ុណ្ណោះ” លោក​ប្រធានាធិបតី​ហ្វីលីពីន​បាននិយាយ​យ៉ាងដូច្នេះ ប៉ុន្តែ មិន​បាន​បញ្ជាក់ថា តើ​ចិន​បាន​ផ្តល់​ចម្លើយ​យ៉ាងណា​នោះទេ។

កន្លងមក ហ្វីលីពីន​បាន​ពឹងផ្អែក​លើ​ជំនួយយោធា​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧទ្ទាម បំបែក​ទឹកដី អាប៊ូសាយ៉ាហ្វ។ ប៉ុន្តែ ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី លោក​ឌុយទែរតេ បាន​បែរ​ខ្នង​ដាក់​អាមេរិក និង​បាន​ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ ចិន បើទោះជា​ប្រទេស​ទាំងពីរ​កំពុង​ឈ្លោះដណ្តើម​ទឹកដី នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ។

ទៅតាម​លោក​ឌុយទែរតេ ការចាប់​ជំរិត កប៉ាល់​ទំនិញ នៅ​សមុទ្រ​ស៊ូលូ អាច​នឹង​កើនឡើង​ខ្លាំង ដូច​នៅ​សមុទ្រ​ប្រទេស​សូម៉ាលី។ ប្រមុខ​រដ្ឋាភិបាល​ហ្វីលីពីន​នៅ​បាន​ព្រមាន​ថា ការចាប់​ជំរិត​កប៉ាល់​ទំនិញ នឹង​អាច​ជះផល​អាក្រក់​ទៅលើ​ចរាចរណ៍​ជើងទឹក ហើយ​និង​ការខាតបង់​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រ៉ង។

ការិយាល័យ​ជើង​ទឹក​អន្តរជាតិ​បាន​វាយតម្លៃថា នៅ​ខែ​នេះ ចំនួន​ចាប់ជំរិត​បាន​កើនឡើង​ខ្ពស់ នៅ​ក្នុង​ដែនទឹក ភាគខាងត្បូង​ហ្វីលីពីន។ ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​ល្បាត​ដែនទឹក ជាមួយ​ហ្វីលីពីន និង​ម៉ាឡេស៊ី បាន​ព្រមាន​ថា សមុទ្រ​ស៊ូលូ នឹង​ក្លាយ​ជា​អនាគត​សមុទ្រ​សូម៉ាលី ដែល​កប៉ាល់​ទំនិញ ឧស្សាហ៍​​រងគ្រោះ ដោយ​ការវាយប្រហារ ចាប់ជំរិត​ទារលុយ​ពី​ចោរសមុទ្រ។

សូមបញ្ជាក់​ថា ក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ បាន​ភ្ជាប់​ខ្លួន ទៅ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ សម្រាប់​លោក​ប្រធានាធិបតី​ហ្វីលីពីន ក្រុម​ទ័ពព្រៃ​ហ្វីលីពីន ដែល​រស់អាស្រ័យ​លើ​លុយ​បាន​មក​ពី​ការចាប់​ជំរិត​មនុស្ស និង​កប៉ាល់​ទំនិញ កំពុង​ចង់​ពង្រីក​ឥទ្ធិពល យក​កោះ​មីនដាណាវ​មកធ្វើ​ជា​ទឹកដី​កាលីហ្វា នៅ​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ