អានតួអត្ថបទ
ចិន-ស៊្វីស

លោក ​ស៊ី ជីនពីង​​ចូល​​រួម​​ជា​លើក​ទី​១​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​នៅ​ក្រុង​​​​Davos​

លោក​ Xi Jinping ប្រធានាធិបតីចិន​ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ស៊្វីស​កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ចូល​រួម​ជាលើកទីមួយ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​នៅ​ក្រុង​ដាវ៉ូស​​​ដែល​​ចាប់​បើក​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី​១៧​មករា​ស្អែក។ នៅ​មុន​ថ្ងៃ​បើក​ទិវា​សេដ្ឋកិច្ចពិភព ​ប្រធានាធិបតី​​ចិន បាន​ជួប​សន្ទនា​ជាមួយថ្នាក់​ដឹកនាំ​ស្វីសអស់​រយៈ​ពេល​ពីរ​ថ្ងៃ ពីព្រោះ​ចិន​គឺ​ជា​ដៃ​គូពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​របស់​ប្រទេស​ស៊្វីស​នៅ​តំបន់​អាស៊ី។

ប្រធានាធិបតីចិន ស៊ី ជីនពីង (ស្តាំ) និង​ប្រធាន​ធិបតីសហព័ន្ធស្វីស​ លោកស្រី  Doris Leuthard (កណ្តាល​) នៅសភា ក្រុង Berne ថ្ងៃទី​១៥មករា២០១៧​
ប្រធានាធិបតីចិន ស៊ី ជីនពីង (ស្តាំ) និង​ប្រធាន​ធិបតីសហព័ន្ធស្វីស​ លោកស្រី Doris Leuthard (កណ្តាល​) នៅសភា ក្រុង Berne ថ្ងៃទី​១៥មករា២០១៧​ REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

នៅ​មុន​ពេល​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នា​​ក្រុង​ដាវ៉ូស​​ប្រទេស​ស៊្វីស លោក​ប្រធានាធិបតី​ចិន Xi Jinping  បាន​អញ្ជើញ​ទៅ​កាន់​​ទីក្រុង​Laussanne  ​នៅ​ទីស្នាក់ការ​នៃ​គណកម្មាធិការ​អូឡាំពិក​អន្តរជាតិ។ ពីព្រោះ​ប្រទេស​ចិន​នឹង​ត្រូវ​រៀបចំ​កីឡា​អូឡាំពិក​អន្តរៈជាតិ​នា​រដូវ​ត្រជាក់​នៅ​ឆ្នាំ ២០២២​។ លោក​ Xi Jinping  បាន​អញ្ជើញ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ផង​ដែរ ​​ដើម្បី​​ពង្រឹង​​វត្តមាន​របស់​ប្រទេស​ចិន នៅ​លើ​ឆាកអន្តរជាតិ។​

 
អម​ដំណើរ​ដោយ​​ប្រធាន​សហគ្រាស​​គ្រាក់ៗ​របស់​ចិន ​លោក ​ Xi Jinping  ​មាន​បំណង​ច្បិច​​យក​ឱកាស​ដ៏​សំខាន់​នៅ​ក្នុង​អង្គ​ប្រជុំ​នៅ​​ដាវ៉ូស​នេះ  ដើម្បី​ថ្លែង​នូវ​សារ​ថ្មី​មួយ​របស់​លោក​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់​ សារ​ដែល​អះអាង​​ថា “ប្រទេស​ចិន​ ​មិន​ព្រួយបារម្ភ​អ្វី​ទេ​​នៅ​លើ​បញ្ហា​ពាណិជ្ជកម្ម​សេរី។

ទន្ទឹមនេះ អាជ្ញាធរ​ស៊្វីស​ បាន​ចាត់​វិធានការ​គ្រប់​សព្វ ដើម្បី​កុំ​ឲ្យ​កើត​មាន​ឧប្បត្តិហេតុ​ការទូត​ជា​ថ្មី​ដូច​កាល​ពី​ជំនាន់​ឆ្នាំ​១៩៩៩។ ជំនាន់​នោះ ប្រធានាធិបតី​ចិន លោក Jiang Zeming ត្រូវ​បាន​ក្រុម​បាតុករ​ទីបេ​ចំនួន​ដ៏​ច្រើន​​ដែល​រស់​នៅ​ប្រទេស​ស៊្វីស នាំ​គ្នា​ស្រែក​ចំអក​ឲ្យ​​លោក Jiang Zeming យ៉ាង​សម្បើម។ ក៏ប៉ុន្តែ លើក​នេះ​ក៏​មាន​ជន​ទីបេ​មួយ​រូប​ដែរ ដែល​ប៉ុន​ប៉ង​ចង់​ដុត​សម្លាប់​ខ្លួន​ឯង​ដើម្បី​ជា​សញ្ញា​​ប្រឆាំង​ចិន តែ​ត្រូវ​បាន​ប៉ូលីស​ស៊្វីស​ធ្វើ​អន្តរាគមន៍​ទាន់​។

រីឯ​បញ្ហា​ទឹកដី​ទីបេ​និង​សិទ្ធិ​មនុស្ស​ អាជ្ញាធរ​ស៊្វីស ពុំ​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ទេ ដើម្បី​កុំ​ឲ្យ​មាន​ការ​ល្អក់​កករ​ដល់​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ស្វ៊ីស។

គឺ​ជា​លើក​ទីមួយ​ដែរ​ចាប់​តាំង​ពី​៤៦​ឆ្នាំ​កន្លង​មក​ហើយ ដែល​ទើប​មាន​ប្រធានាធិបតី​ចិន​មួយ​រូប​ចូល​រួម​នៅ​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុង​ដាវ៉ូស​នៅ​ថ្ងៃ​អង្គារ​ទី​១៧​មករា​ស្អែក​នេះ។

សូមបញ្ជាក់ថាអមដំណើរ​លោក​ប្រធានាធិបតី ស៊ីជីនពីង មាន​រូប​លោក Jack Ma ស្ថាបនិក​នៃ​ក្រុមហ៊ុន​យក្ខ Internet Alibaba និង​លោក Wang Jianlin មហា​សេដ្ឋី​អ្នក​មានខ្លាំង​​ជាង​​គេ​​បំផុត​​នៅ​​ក្នុង​​ប្រទេស​​ចិន​​។​

គួររំលឹកថា សហគ្រិន​នានា​របស់​ចិន ធ្លាប់​ត្រូវ​លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ទើប​នឹង​ជាប់​ឆ្នោត ចោទ​ប្រកាន់​ថា ជា​អ្នក​​លួច​ការងារ​អាមេរិក ​អស់​រាប់​លាន។

នៅពេលនេះ សហគ្រិន​ចិននឹង​ឆ្លៀត​យក​វេទិកា​សេដ្ឋកិច្ចពិភព​លោក​នៅ​ក្រុង​ដាវ៉ូស​ ដើម្បី​ការពារ​នូវ​គំនិត​មួយ​បែប​ផ្សេង​​វិញ គឺ​គំនិត ដែល​​អាច​នឹង​ធ្វើការ​បង្កើត​ការងារ​នៅ​ក្នុងទូទាំង​ពិភព​លោក ​រួម​ទាំងនៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ