អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា ១ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​នយោបាយ​កូនទោល ពលរដ្ឋ​ចិន​នៅ​រារែក​មិន​ចង់​យក​កូន​ទី២?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​១ឆ្នាំ​មុន រដ្ឋាភិបាល​ចិន​បាន​បិទបញ្ចប់​នយោបាយ​កូនទោល​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិន​អាច​យក​កូនទី២ បាន។ យោង​តាម​ស្ថិតិផ្លូវការ​ចុះ​ផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន​ឲ្យ​ដឹង​ថា ចំនួន​ទារក​ចាប់កំណើត​ក្នុង​ឆ្នាំ ២០១៦ មាន ១៧ ៥០០ ០០០នាក់​ពោល​ច្រើន​ជាង​ឆ្នាំ ២០១៥ ដែល​មាន​ចំនួន ១៦ ៥៥០ ០០០នាក់។ ឃើញ​ថា​ក្នុង​ឆ្នាំ ២០១៦​ដែល​គ្រួសារ​ចិន​អាច​ផ្តើម​យក​កូនទី២ បាន ចំនួន​ទារក​ចាប់​កំណើត​លើស​ឆ្នាំ ២០១៥ មាន​តែ​ជាង ១លាននាក់​ប៉ុណ្ណោះ។ ហេតុអ្វី​បាន​ជា​គ្រួសារ​ចិន​នៅ​បន្ត​អាល់អែក​ក្នុង​ការ​យក​កូន​ទី២?

ហេតុអ្វី​បាន​ជា ១ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​នយោបាយ​កូនទោល ពលរដ្ឋ​ចិន​នៅ​រារែក​មិន​ចង់​យក​កូន​ទី២?
ហេតុអ្វី​បាន​ជា ១ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​នយោបាយ​កូនទោល ពលរដ្ឋ​ចិន​នៅ​រារែក​មិន​ចង់​យក​កូន​ទី២? Tim Graham/Getty Images
ផ្សាយពាណិជ្ជកម្ម

គឺ​ទើប​តែ​ចាប់​ពី​ថ្ងៃទី១ មករា ឆ្នាំ ២០១៦ មក​ទេ​ដែល​ចិន​បាន​ផ្តើម​អនុវត្តន៍​នយោបាយ​កូន​ពីរ មាន​ន័យ​ថា គ្រួសារ​ចិន​គ្រប់​ស្រទាប់​វណ្ណៈ​អាច​យក​កូនទី២ បាន​ដោយ​មិន​ចាំ​បាច់​មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ នៅ​មុន​ឆ្នាំ ២០១៦ គ្រួសារ​ចិន​ណា​ដែល​ចង់​បាន​កូនទី២ លុះ​ត្រា​ណា​តែ​ប្តី និង​ប្រពន្ធ​ជា​កូន​ទោល  ឬ​មួយ​ប្តី ឬ​ប្រពន្ធ​ជា​កូន​ទោល បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​រដ្ឋ​ផាកពិន័យ​ធ្ងន់ធ្ងរ។ តែ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​មាន​កូន​ទី២ ហើយ បែរ​ជា​កំណើត​ទារក​ក្នុង​ឆ្នាំ ២០១៦ មាន​លើស​ឆ្នាំ ២០១៥ តែ​ជាង ១លាននាក់​ប៉ុណ្ណោះ ពោល​តិច​ជាង​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល។

ម្យ៉ាង​ទៀត បើ​ចំនួន​កំណើត​ទារក​ថ្មី​នៅ​តែ​បន្ត​មាន​ក្នុង​អត្រា​របៀប​នេះ​ត​ទៅ​ឆ្នាំ​ខាង​មុខៗ នោះ​ចិន​ពិត​ជា​មិន​អាច​ទប់ស្កាត់​ចរន្ត​នៃ​ចំនួន​ពលរដ្ឋ​ចូល​វ័យ​ចំណាស់​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ​បាន​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ឆ្នាំ ២០៣០ ចំនួន​ពលរដ្ឋ​ចិន​ដែល​មាន​វ័យ​លើស​ពី ៦៥ឆ្នាំ​នឹង​កើន​ទ្វេដង ពោល​ពី ១០% នៅ​ពេល​នេះ​ទៅ​ទល់​នឹង ១៨% នៅ​ឆ្នាំ ២០៣០។ តាម​ពិត​ទៅ ការ​ដែល​រដ្ឋាភិបាល​បាន​បិទបញ្ចប់​នយោបាយ​កូនទោល និង​ផ្តើម​អនុវត្ត​នយោបាយ​កូន​ពីរ​តាំង​ពី​ឆ្នាំ ២០១៦ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ធា្លក់​ចុះ​ចំនួន​ពលរដ្ឋ​របស់​ខ្លួន។

តែ​បញ្ហា​នៅ​ត្រង់​ថា នយោបាយ​ដែល​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​ចិន​អាច​យក​កូន​បាន​ពីរ​ពេល​នេះ​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ។ តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា ប្រសិន​បើ​នយោបាយ​កូន​ពីរ​អនុញ្ញាត​ឲ្យ​មាន​កំណើត​ទារក​បន្ថែម​ត្រឹម​តែ​ជាង ១លាននាក់​ក្នុង​មួយ​ឆ្នាំៗ នោះ​ចំនួន​ពលរដ្ឋ​ចិន​សរុប​នឹង​មាន​ត្រឹម​តែ ១ ៤២០លាននាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០៥០ ទល់​នឹង ១ ២៧០លាននាក់​នា​ពេល​បច្ចុប្បន្ន។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​លើ​គ្រួសា​ចិន​ជាង ១០ ០០០គ្រួសារ​ចេញ​ផ្សាយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា មាន ៥៣,៣% ដែល​មាន​កូនទី១ អាយុ​ក្រោម ១៥ឆ្នាំ​មិន​ចង់​បាន​កូនទី២ ទេ ២៦,២% បន្ត​អាល់អែក និង​មាន​ត្រឹមតែ ២០,៥% ប៉ុណ្ណោះ​ដែល​ចង់​បាន​កូនទី២។

ហេតុ​អ្វី​បាន​ជា​គ្រួសារ​ចិន​ភាគ​ច្រើន​មិន​ចង់​បាន​កូនទី២?

តាម​ពិត​ទៅ មិនមែន​គ្រួសារ​ចិន​មិន​ចង់​បាន​កូនទី២ ទេ តែ​មក​ពី​គេ​មាន​ទម្លាប់​ជាមួយ​នឹង​នយោបាយ​កូនទោល​តាំង​ពី ៣០ឆ្នាំ​មក​ហើយ។ ដូច្នេះ​គ្រួសារ​ចិន​ភាគ​ច្រើន​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​អាច​បន្សាំ​ទៅ​នឹង​នយោបាយ​កូន​ពីរ​ដែល​ទើប​ចូល​ជា​ធរមាន​បាន ១ឆ្នាំ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត មាន​គ្រួសារ​ចិន​ខ្លះ​គិត​ថា ពួក​គេ​គ្មាន​មធ្យោបាយ​នឹង​ចិញ្ចឹម​កូន​ទី២ ឲ្យ​បាន​ដូច​កូនទី១ ពិសេស​ការ​អប់រំ​ដោយ​ចំណាយ​លុយ​ច្រើន​ឲ្យ​ទៅ​រៀនសូត្រ​នៅ​សាលា​អន្តរជាតិ​ដែល​មាន​តម្លៃ​ថ្លៃ។ បន្ទាប់​ពី​ចំណាយ​លើ​ការ​សិក្សា រៀនសូត្រ​របស់​កូន ក៏​នៅ​មាន​ការ​ចំណាយ​លើ​បញ្ហា​សុខភាព​ដែរ។

ការ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​ក្នុង​សាលាឯកជន​ខ្នាត​អន្តរជាតិ ឬ​មួយ​ក៏​បញ្ជូន​ទៅ​រៀន​នៅ​បរទេស​ក៏​ដោយ​សារ​ថា គ្រួសារ​ចិន​ភាគ​ច្រើន​គ្មាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​អប់រំ​ក្នុង​ស្រុក។ និយាយ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខភាព​ទៀត​សោត ក៏​ពលរដ្ឋ​ចិន​ភាគ​ច្រើន​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ស្រុក​ដែរ។ ម្សៅ​ទឹកដោះ​មាន​ជាតិពុល ឬ​មួយ​ថ្នាំវ៉ាក់សាំង​ក្លែងក្លាយ គឺ​សុទ្ធសឹង​ជា​រឿងអាស្រូវ​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ចិន​រាងចាល​មិន​ចង់​បង្កើត​កូន​ទី២។ ក្រៅ​ពី​បារម្ភ​រឿង​ការ​រៀនសូត្រ និង​សុខភាព​របស់​កូនៗ ការ​ចង់​បាន ឬ​មិន​ចង់​បាន​កូនទី២​ក៏​អាស្រ័យ​លើ​រូបស្រ្តី​ជា​ប្រពន្ធ​ដែរ។ ចប់​ហើយ​ស្រ្តីមេផ្ទះ​ដែល​ម្ង៉ៃៗ​វិល​នៅ​ជុំវិញ​តែ​ចង្រ្កាន​ដូច​សម័យ​មុន​នោះ។

ស្រ្តីសម័យ​ថ្មី​ចេញ​ទៅ​ធ្វើ​ការងារ​ដូច​បុរស និង​មាន​សិទ្ធិ​ស្មើ​បុរស​ដែល​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​កិច្ចការ​ផ្ទះ ពិសេស​ធ្វើ​ម្ហូប និង​មើល​កូន។ ស្រ្តីចិន​ភាគច្រើន​សម័យ​ឥឡូវ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​ធ្វើ​ការ​នៅ​តែ​ផ្ទះ ទោះ​បី​ជា​យក​កូន​មួយ ឬ​ពីរ​មិន​ចំណោត​ទេ តែ​បើ​ចេញ​ទៅ​ធ្វើ​ការ​រក​លុយ​ផង និង​រ៉ាប់រង​ការងារ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទៀត​នោះ យក​កូន​មួយ​អាច​ទៅ​រួច តែ​បើ​យក​ថែម​មួយ​ទៀត ពិត​ជា​មិន​អាច​ទៅ​រួច​ទេ។

ក្រុម​ប្រជាសាស្រ្ត​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​ដាក់​ចេញ​នូវ​នយោបាយ​មួយ​ចំនួន​ទៀត​ដើម្បី​ជំរុញ​គ្រួសារ​ចិន​វ័យ​ក្មេង​ឲ្យ​យក​កូន​ទី២។ បើ​ពុំ​នោះ​សោត​ទេ ចិន​នឹង​ជួប​វិបត្តិ​កំណើន​មនុស្ស​វ័យ​ចំណាស់​ច្រើន​ជាង​មនុស្ស​វ័យក្មេង​ដោយ​មិន​អាច​ចៀសរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ