អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី​បន្ត​ស្គាល់​កំណើនសេដ្ឋកិច្ច​ថយចុះ​ដោយ​ទទួល​បាន​តែ ១,៨% ក្នុង​ឆ្នាំ ២០១៦

នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋាភិបាល​ទើប​បាន​ផ្សព្វផ្សាយ​ស្ថិតិ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៦ កន្លង​ទៅ។ ស្ថិត​បាន​ឲ្យ​ដឹង​ថា សិង្ហបុរី​កំពុង​បន្ត​ស្គាល់​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ដោយ​ទទួល​បាន​តែ ១,៨% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៦។ បើ​គិត​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ ២០០៩ មក នេះ​ជា​អត្រា​មួយ​ដ៏​ទាប​ដែល​សិង្ហបុរី​មិន​ធ្លាប់​មាន​ទេ។ មូលហេតុ​មក​ពី​មាន​ប្រទេស​កាន់​តែ​ច្រើន​ក្នុង​លោក​បាន​ចាត់​វិធានការ​សេដ្ឋកិច្ច​អាត្មានិយម។

ទឹកដី​សិង្ហបុរី
ទឹកដី​សិង្ហបុរី Getty Images
ផ្សាយពាណិជ្ជកម្ម

អត្រា​កំណើន​សេដ្ឋកិច្ច ១,៨% ដែល​សិង្ហបុរី​ទទួល​បាន​ក្នុង​ឆ្នាំ ២០១៦ ពិត​ជា​ដំណឹង​ល្អ​ទៅ​វិញ​ទេ ព្រោះ​ថា ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ហៀប​នឹង​ស្គាល់​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​នា​ត្រីមាស​ទី៤ ក្នុង​ឆ្នាំ ២០១៦។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា បើ​ប្រទេស​ផ្សេង​ក្នុង​លោក​នៅ​បន្ត​អនុវត្តន៍​វិធានការ​សេដ្ឋកិច្ច​អាត្មានិយម ហើយ​បើ​ធនាគារកណ្តាល​អាមេរិក​ដំឡើង​អត្រា​ការប្រាក់​នាំ​មុខ​ជា​ថ្មី​នា​ពេល​ខាង​មុខ​នោះ សិង្ហបុរី​នឹង​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​តិចតួច​ដដែល។

ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នកវិភាគ​យ៉ាង​ដូច​នេះ​ក៏​ត្រូវ​បាន​ចែករំលែក​ដោយ​លោក Weiwen Ng អ្នក​សេដ្ឋកិច្ច​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​ធនាគារ ANZ ដែរ។ លោក Weiwen បាន​ប្រដូច​នយោបាយ​ពាណិជ្ជកម្ម​ដែល​ប្រទេស​នីមួយៗ​បាន​អនុវត្តន៍​ដើម្បី​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​ទៅ​នឹង​ខ្យល់​បញ្រ្ចាស់​ទិស​បោកបក់​លើ​សេដ្ឋកិច្ច​សិង្ហបុរី​ដែល​បាន​ពឹង​ផ្អែក​សឹង​តែ​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ។

ក្រៅ​ពី​ប្រទេស​សិង្ហបុរី កំណើន​ចំណាត់ការ​សេដ្ឋកិច្ច​គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​ក្នុង​បណ្តា​ប្រទេស​លោកខាងលិច​ក៏​ជា​ប្រភព​ក្តីបារម្ភ​សម្រាប់​សេដ្ឋកិច្ច​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ដែរ។ ក្នុង​ឆ្នាំ ២០១៥ អត្រា​កំណើន​សេដ្ឋកិច្ច​នៅ​សិង្ហបុរី​ក៏​មាន​កម្រិត​ក្រោម ២% ដែរ ហើយ​បើ​ពិនិត្យមើល​ជា​រួម​ទៅ​ឃើញ​ថា បើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​នៅ​បន្ត​ម្ង៉ៃកាត់ ម្ង៉ៃកោរ​ដូច​សព្វថ្ងៃ នោះ​ប្រទេស​សិង្ហបុរី​នឹង​បន្ត​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​ជា​បន្ត​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ