អានតួអត្ថបទ
ចិន-ហុងកុង

ចិន​ព្រមាន​ចលនាឯករាជ្យ​នៅ​ហុងកុង​ដែល​ព្យាយាម​បង្ក​អស្ថិរភាព និង​អសន្តិសុខ

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ចេញ​មុខ​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​លើ​ចលនា​ឯករាជ្យ​ដោយ​បញ្ជាក់​ថា ប៉េកាំង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ហុងកុង​ដើម្បី​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​លើ​ទឹកដី​របស់​ចិន​ទេ។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នកតំណាង​ជាន់ខ្ពស់​ចិន​ម្នាក់​នៅ​ហុងកុង។ សូម​ជម្រាប​ជូន​ថា ភាព​តានតឹង​កំពុង​បន្ត​មាន​នៅ​ហុងកុង បន្ទាប់​ពី​មាន​អ្នកតំណាងរាស្រ្ត​ថ្មី​ហុងកុង​ឯករាជ្យនិយម​២នាក់​ត្រូវ​បាន​ចិន​ដកសិទ្ធិ​ក្នុង​ខែ​វិច្ឆិកា។ ការ​ដកសិទ្ធិ​ក៏​ដោយសារ​តែ​អ្នក​ទាំង​ពីរ​បាន​ឆ្លៀត​យក​វេទិកា​ធ្វើ​សច្ចាប្រណិធាន​ចូល​សភា​ដើម្បី​ប្រឆាំង​នឹង​ការ​លូកដៃ​របស់​ចិន​ប៉េកាំង។

កញ្ញា Yau Wai-ching តំណាងរាស្រ្ត​ហុងកុងម្នាក់​​មក​ពី​ចលនា​ឯករាជ្យនិយម​កំពុង​លាតបដា​នៅ​ក្នុង​សភា​ហុងកុង
កញ្ញា Yau Wai-ching តំណាងរាស្រ្ត​ហុងកុងម្នាក់​​មក​ពី​ចលនា​ឯករាជ្យនិយម​កំពុង​លាតបដា​នៅ​ក្នុង​សភា​ហុងកុង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទសន្ទនា​មួយ​នៅ​ក្នុង​កាណាល់​ទូរទស្សន៍​រដ្ឋ​ចិន​ឈ្មោះ CCTV ដែល​អ្នកតំណាង​ជាន់ខ្ពស់​ចិន​នៅ​ហុងកុង​លោក Zhang Xiaoming បាន​ព្រមាន​ចំៗ​លើ​ចលនា​ឯករាជ្យនិយម​នៅ​ហុងកុង​ថា ប៉េកាំង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​នរណា​ម្នាក់​យក​ទឹកដី​ហុងកុង​ដើម្បី​បង្ក​សកម្មភាព​អ្វី​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​សន្តិសុខជាតិ​បាន​ឡើយ។ សម្រាប់​លោក Xiaoming មាន​មូលដ្ឋានគ្រឹះ​ចំនួន ៣ ដែល​រដ្ឋអំណាច​កណ្តាល​ចិន​មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់​ខាត ទី១ ការ​ហ៊ាន​ចេញ​មុខ​ប្រឈម​នឹង​រដ្ឋអំណាចកណ្តាល ទី២ ទង្វើ​រំលោភបំពាន​លើ​ច្បាប់ជា​មូលដ្ឋាន​នៅ​ហុងកុង និង​ទី៣ ការ​ប្រើប្រាស់​ហុងកុង​ជា​ទឹកដី​ដើម្បី​ធ្វើ​វិច្ឆេទកម្ម​សង្គម និង​នយោបាយ​នៅ​ក្នុង​ទឹកដី​ចិន​ទាំង​មូល។

សូម​ជម្រាប​ជូន​ថា ស្ថានការណ៍​ដែល​កំពុង​បន្ត​តានតឹង​ខ្លាំង​នៅ​ហុងកុង​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​អ្នកតំណាងរាស្រ្ត​ហុងកុង​ថ្មី​ពីរ​នាក់​មក​ពី​ចលនា​ឯករាជ្យនិយម​ត្រូវ​បាន​គេ​ដកសិទ្ធិ​ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ។ ការ​ដកសិទ្ធិ​ក៏​ដោយសារ​តែ​អ្នកតំណាងរាស្រ្ត​ហុងកុង​វ័យក្មេង​ទាំង​ពីរ​នាក់​បាន​ឆ្លៀត​ប្រើ​វេទិកា​ធ្វើ​សច្ចាប្រណិធាន​ចូល​សភា​ដើម្បី​បរិហារ​លើ​ការ​លូកដៃ​របស់​ចិន​ប៉េកាំង​លើ​នយោបាយ​ហុងកុង​ដោយ​និយាយ​ថា ហុងកុង​មិនមែន​ចិន​ទេ។ ម្យ៉ាង​ទៀត ការ​ព្រមាន​ជា​ថ្មី​របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ហុងកុង​ត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ថ្មី​ក្នុង​ឆ្នាំ ២០១៧ នេះ។

 

តាម​ទម្លាប់ ប្រមុខ​ដឹកនាំ​នៅ​ហុងកុង​មិន​បាន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ហុងកុង​ទេ តែ​ដោយ​គណៈកម្មាធិការ​មួយ​ដែល​សមាជិក​ភាគច្រើន​ជា​ឥស្សរជន​របស់​ចិន​ប៉េកាំង។ តែ​រដ្ឋអំណាច​ចិន​ធ្លាប់​បាន​សន្យា​ថា ជម្រើស​ប្រមុខ​ដឹកនាំ​ថ្មី​នៅ​ហុងកុង​នា​ឆ្នាំ ២០១៧ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈការ​បោះឆ្នោត​របស់​ពលរដ្ឋ​ហុងកុង ហើយ​ប៉េកាំង​ជា​អ្នក​ជ្រើសរើស និង​កំណត់​ចំនួន​បេក្ខជន។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​កាល​ពី​ឆ្នាំ ២០១៤ ពលរដ្ឋ​ហុងកុង​ភាគ​ច្រើន​បាន​ចុះ​ផ្លូវ​ប្រឆាំង និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ។

 

គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​ចិន​ក្នុង​ឆ្នាំ ១៩៩៧ ប៉េកាំង​បាន​យល់ព្រម​បន្ត​រក្សា​ទុក​លក្ខន្តិកៈ និង​សេរីភាព​ពេញលេញ​ឲ្យ​ពលរដ្ឋ​ហុងកុង​រយៈពេល ៥០ឆ្នាំ។ តែ​បញ្ហា​នៅ​ត្រង់​ថា​បច្ចុប្បន្ន ក្តីបារម្ភ​មាន​កាន់​តែ​ច្រើន​ទាក់ទង​នឹង​ការ​លូកដៃ​ជ្រៀតជ្រែក​កាន់​តែ​ខ្លាំង​របស់​ចិន​ប៉េកាំង​នៅ​ក្នុង​អតីតដែនដី​អាណានិគម​អង់គ្លេស​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ