អានតួអត្ថបទ

ថៃ​បញ្ចូល​មុខវិជ្ជា​យោធា​ក្នុង​កម្មវិធីសិក្សា​នៅ​មតេយ្យ​សិក្សា

កុមារ​ថៃ អាយុ​ពី ៤ ទៅ​៥ ឆ្នាំ​ ដែល​​​ចូលរៀន​នៅ​​សាលាមតេយ្យ ត្រូវមាន​ម៉ោង​​ហាត់​យោធា​ផង និង​រៀន​សូត្រ​មេសូត្រ​​ “តម្លៃ​សីលធម៌” ដាក់​ដោយ​អាជ្ញាធរ​សឹក​ទៀត។ របប​សឹក​ថៃ​បាន​សម្រេច​បញ្ចូល​មុខ​វិជ្ជាយោធា​​នេះ ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ក្នុង​ខេត្ត​ កាន់ចាន់ណាបុរី ភាគ​ខាង​លិច​ប្រទេសមួយ​សិន ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​ទេ មុខវិជ្ជា​នេះ​នឹង​មាន​ចែង​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​ទាំង​មូល​តែ​ម្តង។

សកម្មភាព​លេង​កំសាន្ត​របស់​សិស្ស​តូច​ៗ។
សកម្មភាព​លេង​កំសាន្ត​របស់​សិស្ស​តូច​ៗ។ MoEY/FB
ផ្សាយពាណិជ្ជកម្ម

តើ​ជា​សិក្សា ឬ​ជា​ការ​​បញ្ជូល​​មនោគមវិជ្ជា ! ​ កូន​សិស្ស​ត្រូវ​ពាក់​ឯកសណ្ឋាន​ជា​យោធា​មក​សាលា ! និង​ត្រូវរៀន​លូន ត្រូវ​ហាត់ប្រាណ​ ក្រោម​សំឡេង​កញ្ចែ​បញ្ជា​ដោយ​គ្រូយោធា​​មក​កង​ពល​ទាហាន​ជើង​គោក។ ត្រូវ​ញ៉ាំ​អាហារ​ តាម​វិន័យ​តឹង​តែង​ដូច​នៅ​ក្នុង​បន្ទាយ​ទាហាន ហើយ​ជាង​នេះ​ទៅ​ទៀត កូន​សិស្ស​តូចៗ​នេះ ត្រូវ​ចេះ​ចាំ​និង​​សូត្រ​បាន​នូវ​មេរៀន​​សីលធម៌ ចំនួន​១២​មេ ដែល​ឧត្តមសេនីយ៍​ប្រាយុទ្ធ​ចាន់​អូចា ប្រមុខ​រដ្ឋាភិបាល​សឹក​កំណត់​ឱ្យ។ មេរៀន​សីលធម៌នេះ រៀប​រាប់​អំពី​​ការ​គោរព​អាជ្ញាធរ មាតុភូមិ និង​ទម្លាប់​ដែល​ត្រូវ​ធ្វើ។

មក​ទល់​ពេល​នេះ មាន​ឪពុកម្តាយ​សិស្ស​តិច​តួច​ណាស់ បាន​បញ្ចេញ​ប្រតិកម្ម។ សាស្ត្រាចារ្យ​នៅ​តាម​មហាវិទ្យាល័យ​ជា​ច្រើន​ បាន​ចាត់​ទុក​កម្មវិធី​សិក្សា​យោធា​ ថា​ជា​ការ​បំពាក់​បំប៉ន​បំពុល​ស្មារតី បញ្ចូល​មនោគមវិជ្ជា​ ​ក្មេង​ដែល​មិន​ដឹង​អី​ គួរ​ឱ្យ​ខ្មាស​អៀន​បំផុត។ ប៉ុន្តែ​គ្មាន​ទេ ប្រតិកម្មជាដុំ​កំភួន​នោះ ព្រោះ​យោធា​មាន​រូប​ភាព​និង​ទទួល​បាន​ការ​គោរព​ខ្លាំង​ណាស់​ក្នុង​សង្គម​ថៃ បើ​ទោះ​បី​ជាពួក​យោធា​ធ្លាប់ធ្វើ​រដ្ឋប្រហារនិងប្រព្រឹត្ត​​អំពើ​ហិង្សា​​​ជា​ញយ​ដង​ក៏ដោយ។

ម្យ៉ាង​វិញទៀត រិះគន់​របប​សឹក នៅ​ពេល​នេះ អាច​នឹង​ត្រូវ​ជាប់​ទោស​នៅ​តុលាការ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​កម្មវិធី​សិក្សា មិន​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ឡើយ។ បញ្ហា​មួយ​ដែល​អាច​ចោទ​ខ្លាំង​នា​ពេល​នេះ គឺ​ប្រព័ន្ធ​សិក្សា​ថៃ ដែល​គ្មាន​ចំណាត់​ល្អ​ស្រាប់​នៅ​អន្តរជាតិ ព្រោះ​មិន​ដែល​បំផុស​ឱ្យ​សិស្ស​ចេះ​រិះគន់ ចេះ​មាន​ស្មារតី​ មាន​គំនិត​ផ្តួ​ចផ្តើមនោះ​ កាន់​តែ​ធ្លាក់​ទាប​បន្ថែម​ទៀត ដោយ​តាំង​ពី​តូច​មក​គេ​​បង្ហាត់​ឱ្យគោរព​ ធ្វើ​តាម​តែ​បង្គាប់​មនុស្ស​ធំ។

របប​យោធា​និយម​បាន​រីករាល​ដាល​ក្នុង​សង្គម​ថៃ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រព័ន្ធ​តុលាការ​ក៏​ស្ថិត​ក្រោម​អំណាច​យោធា​កាន់​តែ​ច្រើន ការងារ​របស់​ប៉ូលិសនគរបាល​​ក៏ទាហាន​ទទួល​ធ្វើ ការ​ត្រួត​ពិនិត្យ​ក្នុង​វិស័យទូរគមនាគមន៍​ ក៏​ស្ថិត​ក្នុង​កណ្តាប់​ដៃ​យោធា​ ... ច្បាប់​រដ្ឋធម្មនុញ្ញថ្មី បានផ្តល់​អំណាច​ដោយ​ប្រយោល​ដល់​យោធា​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ក៏​៥​ឆ្នាំ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ