អានតួអត្ថបទ
ចិន

ចិន​បញ្ជូន​ផ្កាយរណប​សម្រាប់ ចាប់ដាន​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស

ចិន នៅថ្ងៃ​ព្រហស្បតិ៍ទី​២២ ធ្នូ ២០១៦ បាន​បាញ់​បង្ហោះ ដោយ​ជោគជ័យ ផ្កាយរណប​ដែល​មាន​នាទី​តាមដាន ត្រួតពិនិត្យ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ចិន​ជា​ប្រទេស​ទី​៣ ក្នុងលោក បន្ទាប់​ពី​អាមេរិក និង​ជប៉ុន​ដែល​មាន​ផ្កាយរណប​សម្រាប់​ចាប់​សញ្ញា​ឧស្ម័ន​កាបូនិក ដែល​គេ​បញ្ចេញ​ទៅក្នុង​បរិយាកាស។ 

ចិន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​ផ្កាយរណប​សម្រាប់​ចាប់​តាមដាន​ការបញ្ចេញ​​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២២ ធ្នូ ២០១៦
ចិន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​ផ្កាយរណប​សម្រាប់​ចាប់​តាមដាន​ការបញ្ចេញ​​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២២ ធ្នូ ២០១៦
ផ្សាយពាណិជ្ជកម្ម

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ផ្កាយរណប​ដែល​ចិន​បាញ់​បង្ហោះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​សមត្ថភាព​ចាប់​បាន​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ ព័ត៌មាន​ផ្តល់​ដោយ​ផ្កាយរណប​នឹង​ជួយ​ឲ្យ​គេ​ដឹងថា តើ​ប្រទេស​ណាមួយ ដែល​បាន​គោរព ឬ​មិន​គោរព​ការសន្យា​របស់ខ្លួន ក្នុង​ការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ 

 
ចិន និង​អាមេរិក ជា​ប្រទេស​ធំ​ជាងគេ​ដែលបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ កាលពី​ខែ​កញ្ញា​កន្លងទៅ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​យល់ព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។ ទៅតាម​កិច្ចព្រមព្រៀង ប្រទេស​ហត្ថលេខី​ ដូចជា​ចិន​ជា​ដើម​បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ឡើងកំដៅ​នៃ​ភពផែនដី។

ដូច្នេះ ដោយ​បាញ់ បង្ហោះ​ផ្កាយរណប សម្រាប់​ចាប់ដាន​ឧស្ម័ន​កាបូនិក ​ចិន​ចង់​បង្ហាញ​ថា ខ្លួន​ឲ្យ​តម្លៃខ្លាំង​ទៅ​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មីវិញ លើកនេះ ចិន​មិនត្រឹម​មាន​មោទនភាព​ដែល​មាន​ផ្កាយរណប​សម្រាប់​ចាប់​ដាន​ឧស្ម័ន​កាបូនិក តែប៉ុណ្ណោះទេ ប៉ុន្តែ ចិន​ក៏​នឹង​មាន​ទឹកមាត់​ប្រៃ ដើម្បី​ចរចា ពី​កម្រិត​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ខ្លួន​សន្យា​កាត់បន្ថយ បើប្រៀបធៀប​នឹង​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផ្សេងទៀត។ និយាយ​បែបសាមញ្ញ គឺ​នៅពេល​ណា​ផ្កាយរណប​ចិន​រកឃើញ​ថា ប្រទេស​ណាមួយ មិនគោរព​តាម​សន្យា គឺ​នៅ​តែ​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើន នោះ ចិន ក៏​នឹង​មិន​គោរព​ធ្វើតាម តែ​ម្នាក់ឯង នោះដែរ។

ការប្រកាស​របស់​ចិន ក្នុង​ការបញ្ចូន​ផ្កាយរណប​តាមដាន​ការបញ្ចេញ​ឧស្ម័ន​កាបូនិក នៅក្នុង​ពិភពលោក ធ្វើឡើង នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ដែល​មាន​មិត្តភក្តិ​សុទ្ធសឹង​ជា​មហាសេដ្ឋីប្រេង និង​ធ្យូងថ្ម ចង់​សើរើ ដោយសារ​សង្ស័យ​ថា កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ គ្មាន​ប្រសិទ្ធិភាព និង​ផ្ទុយទៅវិញ គឺ​មាន​តែ​ទៅ​រឹតចង ចាប់ដៃ​អាមេរិក​មិន​ឲ្យ​ប្រើប្រភព​ធនធាន​ធម្មជាតិ​របស់ខ្លួន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ