អានតួអត្ថបទ
ហុងកុង-បាតុកម្ម

ហុងកុង៖​​ ​​បាតុកម្ម​គាំទ្រ​ប៉េកាំង​ដែល​ហាម​អ្នក​តំណាងរាស្រ្ត​ពីរ​រូប​ចូល​កាន់​នាទី​នៅ​ក្នុង​សភា​

ប្រជាជន​ហុងកុង​ជា​ច្រើន​ពាន់​នាក់​ដែល​មាន​និន្នាការ​ទៅរក​ប៉េកាំង បាន​កែណ្ឌ​ប្រមូល​គ្នីគ្នា​នៅ​ជុំវិញ​សភា​ហុងកុង ដើម្បី​សម្តែង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ទីក្រុង​ប៉េកាំង ដែល​ហាម​មិន​ឲ្យ​អ្នកតំណាងរាស្រ្ត​និន្នាការ​ឯករាជ្យ​និយម​ពីរ​នាក់ ចូល​អង្គុយ​ក្នុង​សភា​ហុងកុង។ អ្នកតំណាងរាស្រ្ត​​​​​​ដែល​​ឆ្លៀត​​ឱកាស​​ពេល​​ធ្វើ​សច្ចាប្រណិធាន​ ដើម្បី​​វាយប្រហារ​​ទីក្រុង​​​ប៉េកាំង​​នៅ​​ក្នុង​​ការ​​ជ្រៀតជ្រែក​​ចូល​​​កិច្ចការ​​ផ្ទៃ​ក្នុង​នៅ​​​ហុងកុង។​ ប៉េកាំង​​វិញ បាន​​ព្រមាន​​ខ្លាំងៗ​ថា ​ខ្លួន​​នឹង​​មិន​​អត់​​ឱន​ឲ្យ​​​ជា​​ដាច់​​ខាត​ចំពោះ​​​​​គំនិត​​​​ទាមទារ​​ឯករាជ្យភាព​​ដែល​​កំពុង​​លេច​​ពន្លក​ទៅ​ហើយ​​​នៅ​​ក្នុង​​​អតីតដែនដី​​អាណានិគម​​អង់គ្លេស​​នេះ។ 

​​បាតុកម្ម​​​គាំទ្រ​​​​ទីក្រុង​​​​​​ប៉េកាំង​ម្សិលមិញ​​​​​​​​បន្ទាប់​ពី​ប៉េកាំង​ហាម​មិន​អោយ​អ្នក​តំណាង​រាស្ត្រ​ពីររូប​​ចូល​កាន់​នាទី​ខ្លួន​នៅ​ក្នុង​សភាហុងកុង​
​​បាតុកម្ម​​​គាំទ្រ​​​​ទីក្រុង​​​​​​ប៉េកាំង​ម្សិលមិញ​​​​​​​​បន្ទាប់​ពី​ប៉េកាំង​ហាម​មិន​អោយ​អ្នក​តំណាង​រាស្ត្រ​ពីររូប​​ចូល​កាន់​នាទី​ខ្លួន​នៅ​ក្នុង​សភាហុងកុង​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

យោង​តាម​បណ្តា​អ្នក​រៀប​ចំបាតុកម្ម មនុស្ស​ជាង ៤​ម៉ឺន​នាក់ បាន​​ចូល​​រួម​​ក្នុង​បាតុកម្ម​កាលពី​ម្សិល​មិញ​នេះ  តែ​ប៉ូលិស​ហុងកុង​វិញ អះអាង​ថា ​អ្នក​ចូល​រួម​ មាន​តែ​២​ម៉ឺន​៨​ពាន់​៥០០​នាក់​តែ​ប៉ុណ្ណោះ។ ​

បាតុកម្ម​របស់​ប្រជាជន​ហុងកុង​ដែល​មាន​ទំនោរ​ទៅ​រក​ប៉េកាំង​នេះ ធ្វើ​ឡើង​ គឺ​ដើម្បី​​បង្ហាញ​កម្លាំង​របស់​ពួក​គេ នៅ​ក្នុង​ការ​គាំទ្រ​យ៉ាង​ដាច់​ខាត​ចំពោះ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៅ​ហុងកុង ដោយ​ពួក​អ្នក​តំណាងរាស្រ្ត​ជា​ច្រើន​រូប ត្រូវ​បាន​បាត់​បង់​មុខ​តំណែង​ព្រោះតែ​​​គំនិត​លើក​ស្ទួយ​ឯករាជ្យនិយម​របស់​ពួក​គេ​នៅ​ហុងកុង។

 

ម្យ៉ាងទៀត បាតុកម្ម​កាលពីម្សិលមិញ​នេះ ក៏​មាន​គោលដៅ​​គាំទ្រ​ផង​ដែរ​ចំពោះ​ការ​ប្រើពាក្យពេជន៍​ជ្រុល​ហួសហេតុ​​របស់​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ចិន​នៅ​ហុងកុង។ ពីព្រោះ លោក Zhang Xiaoming បាន​និយាយ​តិះ​ដៀល​​យ៉ាង​ជួរ​ជាតិ​និង​បាន​ចាត់​ទុក​​ អាក្បបកិរិយា​របស់​ពួក​អ្នក​តំណាង​រាស្រ្ត​ឯករាជ​និយម​វ័យ​ក្មេង​ទាំង​នោះ ថា ​ជា"កោសិកា​មហារីក "។

 

បាតុកម្ម​តវ៉ា​ម្សិលមិញ​នេះ  ត្រូវ​បាន​គេ​សង្ស័យ​ដែរ​ថា ជា​បាតុកម្មរៀប​ចំ​ទុក​ជា​មុន ដោយ​ពួក​បាតុករ ត្រូវ​បាន​គេ​ដឹក​មក​ដល់​តាម​រថយន្ត​ក្រុង ហើយ​បន្ទាប់មក​ទៀត ត្រូវ​បាន​គេ​ដឹកជញ្ជូន​យក​ទៅ​ហូប​បាយ​​នៅ​ឯ​ភោជនីយដ្ឋាន​ទៀតផង។

 

ទង្វើ​ទាំង​អស់​នេះ ក៏​​​បង្ហាញ​ផង​ដែរ​ថា ក្រុង​ប៉េកាំង កំពុង​តែខិតខំ​ស្វែង​រក​​ការ​គាំទ្រ​មួយ​ផ្នែក​ពី​សំណាក់​មតិ​សាធារណៈ​នៅ​ហុងកុង​ នៅ​ខណៈ​ពេល​អាជ្ញាធរ​កណ្តាល​របស់​ប្រទេស​ចិន បាន​សម្រេចចិត្ត​​ធ្វើ​ការ​កំទេច ​រាល់​គំនិត​ណា​មួយ​ដែល​ចង់​ទាមទារ​ស្វ័យភាព​​នៅ​ហុងកុង​ឲ្យ​បានច្រើនថែមទៀត៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ