អានតួអត្ថបទ
អូស្រ្តាលី-MH៣៧០

អូស្រ្តាលី៖​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿនលឿន​ខ្លាំង និង​​មិន​​បាន​​ត្រៀម​ខ្លួន​​ចុះ​​ទេ

នៅ​ថ្ងៃ​ពុធ ទី២ វិច្ឆិកា ការិយាល័យ​សន្តិសុខ និង​ដឹកជញ្ជូន​អូស្រា្តលី​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ព័ត៌មាន​ថ្មី​បន្ថែម​ទាក់ទង​នឹង​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ MH៣៧០ ដែល​ធ្លាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ក្នុង​ឆ្នាំ ២០១៤។ របាយការណ៍​បាន​បញ្ជាក់​ថា យន្តហោះ​នោះ​បាន​ចុះ​ក្នុង​ល្បឿនលឿន​ជ្រុល និង​មិន​បាន​ត្រៀម​ខ្លួន​ចុះ​ទេ។

អូស្រ្តាលី៖​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿនលឿន​ខ្លាំង និង​​មិន​​បាន​​ត្រៀម​ខ្លួន​​ចុះ​​ទេ
អូស្រ្តាលី៖​យន្តហោះ​ម៉ាឡេស៊ី MH៣៧០ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿនលឿន​ខ្លាំង និង​​មិន​​បាន​​ត្រៀម​ខ្លួន​​ចុះ​​ទេ REUTERS
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ការិយាល័យ​សន្តិសុខ និង​ដឹកជញ្ជូន​អូស្រា្តលី​នេះ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ថ្ងៃទី១ នៃ​កិច្ចប្រជុំ​រយៈពេល ៣ថ្ងៃ​របស់​ក្រុម​អ្នកជំនាញ​ក្នុង​ទីក្រុង​កង់បេរ៉ា។ កិច្ចប្រជុំ​រយៈពេល ៣ថ្ងៃ​ដែល​ក្រុមអ្នកជំនាញ​ត្រូវ​រៀបចំ​ផែនការ​ថ្មី​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ស្វែង​រក​មូលហេតុ​ពិត​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ MH៣៧០ កាល​ពី​ថ្ងៃទី៨ មីនា ឆ្នាំ ២០១៤ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ គ្រោះថ្នាក់​ដែល​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៣៩នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន ព្រោះ​យន្តហោះ​នោះ​បាន​ហោះ​ចេញ​ពី​ទីក្រុង​គូឡាឡាំពួ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង។

របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​សំអាង​លើ​ទិន្ន័យ​ចុង​ក្រោយ​ពី​ផ្កាយរណប​ថា យន្តហោះ​នោះ​បាន​ចុះ​ក្នុង​ល្បឿនលឿន​ជ្រុល មិន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​មិន​បាន​ត្រៀមខ្លួន​ចុះ​ទេ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ។ តាម​រយៈ​ព័ត៌មាន​ថ្មី​នេះ​នាំ​ឲ្យ​លោក​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​អូស្រា្តលី​សន្និដ្ឋាន​ថា របាយការណ៍​នេះ​មាន​បង្កប់​ដោយ​ព័ត៌មាន​ថ្មី និង​សំខាន់ៗ​ជា​ច្រើន​លើស​ពី​អ្វី​ដែល​គ្រប់​បាន​ដឹង និង​សង្ស័យ​មក​ទល់​ពេល​នេះ។ ដោយឡែក អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ស្រាវជ្រាវ​រក​ការ​ពិត​ជុំវិញ​រឿង​បាត់ខ្លួន​យន្តហោះ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ព័ត៌មាន​ថ្មី​មួយ​នេះ និង​ថា​ការ​ស្រាវជ្រាវ​នឹង​បន្ត​រហូត​ដល់​ដើម​ឆ្នាំ ២០១៧។

គួរ​ជម្រាប​ជូន​ថា​តាំង​ពី​បាត់​ខ្លួន​ជាង ២ឆ្នាំ​មក មាន​មូលេហតុ​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង រួម​មាន យន្តហោះ​ជួប​បញ្ហា​បច្ចេកទេស ទង្វើ​ភេរវកម្ម ឬ​មួយ​ក៏​មាន​ការ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ។ តែ​មក​ទល់​ពេល​នេះ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​បញ្ជាក់​លើ​សម្មតិកម្ម​ណា​មួយ​ក្នុង​ចំណោម​សម្មតិកម្ម​ទាំង ៣ខាង​លើ​ទេ។ តែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា បំណែក​ចំនួន ៣ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ពិត​ជា​របស់​យន្តហោះ​នោះ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ