អានតួអត្ថបទ
ឥណ្ឌា-BRICS

BRICS៖​ចិន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ភាព​ផុយស្រួយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក

ក្រុម​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី​ហៅកាត់​ថា BRICS បាន​បិទបញ្ចប់​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ចេញ​ផ្សាយ​នា​ថ្ងៃទី១៦ តុលា BRICS បាន​ឯកភាព​បង្កើត​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ និង​ព្រម​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ទប់ស្កាត់​ភេរវកម្ម​ឆ្លងដែន។ ដោយឡែក លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​យល់​ឃើញ​ថា សេដ្ឋកិច្ច​ពិភពលោក​នៅ​ផុយស្រួយ​ខ្លាំង។

ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ៥​ប្រទេស​សមាជិក BRICS
ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ៥​ប្រទេស​សមាជិក BRICS REUTERS/Danish Siddiqui TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង សេដ្ឋកិច្ច​ពិភពលោក​ហាក់​ដូច​ជា​កំពុង​បន្ត​ទ្រឹង​មួយ​កន្លែង ឬ​និយាយ​បែប​ម្យ៉ាង​ទៀត គឺ​នៅ​មាន​ភាព​ផុយស្រួយ​ខ្លាំង។ គឺ​សេដ្ឋកិច្ច​ពិភពលោក​ផុយស្រួយ​ដែល​បាន​អូស​ទាញ BRICS ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ និង​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​មួយ​ចំនួន​ទៀត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ BRICS បន្ត​សកម្មភាព​ខ្លាំងក្លា​បន្ថែម​ទៀត​ដើម្បី​បង្កើត​ឲ្យ​មាន​ទំនុកចិត្ត​ឡើង​វិញ។ ការ​អំពាវនាវ​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារ៉េនដ្រា ម៉ូឌី​ដែរ។ លោក​ម៉ូឌី​បាន​ទាមទារ​ឲ្យ BRICS បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ។ ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ច្រើន​ជាង​មុន ពិសេស​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច និង​អាជីវកម្ម​អវកាស។

សូម​ជម្រាប​ជូន​ថា BRICS ដែល​មាន​សមាជិក ៥ប្រទេស គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្រ្វិកខាងត្បូង​កំពុង​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យឺន។ ថ្មីៗ​នេះ រុស្ស៊ី និង​ប្រេស៊ីល​ថែម​ទាំង​ស្គាល់​សេដ្ឋកិច្ច​របស់​ខ្លួន​ដើរ​ថយ​ក្រោយ​ទៀត​ផង។ ចំណែក​ចិន​ដែល​ធ្លាប់​ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច​ពិភពលោក​ក៏​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​យឺតៗ​នា​រយៈពេល​ចុង​ក្រោយ​នេះ។ គឺ​មាន​តែ​ឥណ្ឌា​មួយ​គត់​ដែល​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​គ្រាន់​បើ​ជាង​គេ ពោល​នឹង​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ៧,៦% សម្រាប់​ឆ្នាំ ២០១៦ ២០១៧។

ក្រៅ​ពី​បញ្ជាក់​ជំហរ​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​សេដ្ឋកិច្ច BRICS ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ និង​បង្កើត​ឲ្យ​មាន​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​មួយ​ប្រជែង​នឹង​ទីភ្នាក់ងារ​របស់​បស្ចិមលោក ដូច​យ៉ាង Moody’s Standard & Poor’s និង Fitch។ ទន្ទឹម​គ្នា​នេះ BRICS ក៏​បាន​លើក​ឡើង​ពី​កម្មវត្ថុ​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​ឆ្លងដែន និង​ពួកអ្នកគាំទ្រ។ នៅ​ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ូឌី​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ដាក់​ប៉ាគីស្ថាន​ថា មាតា​នៃ​ភេរវនិយម គឺ​ជា​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា និង​ស្នើ​ឲ្យ BRICS ថ្កោលទោស។

តែ​ក្រុមប្រទេស​ដៃគូ​ប៉ាគីស្ថាន ពិសេស​ចិន​បាន​បដិសេធ​លើ​ការ​ថ្កោលទោស​ប៉ាគីស្ថាន​ដែល​គេ​ស្គាល់​ថា ជា​គូប្រជែង​ស្លាប់រស់ និង​ជា​ប្រវត្តិសាស្រ្ត​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ