អានតួអត្ថបទ
បង់ក្លាដែស-ចិន

ប្រមុខរដ្ឋ​ចិន​ដាក់​ជើង​ជាន់​ទឹកដី​បង់ក្លាដែស​ជាមួយ​នឹង​​លុយដុល្លារ​ពេញហោប៉ៅ​

បន្ទាប់​ពី​ប្រទេស​កម្ពុជា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​ដោយ​បាន​ទៅ​ដល់​ប្រទេស​បង់ក្លាដែស​នា​ថ្ងៃ​សុក្រ ទី១៤ តុលា​ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន ២ថ្ងៃ។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣០ឆ្នាំ​កន្លង​ទៅ​ដែល​មាន​ប្រមុខ​រដ្ឋ​ចិន​ម្នាក់​បាន​ដាក់​ជើង​ជាន់ទឹកដី​បង់ក្លាដែស​ដែល​កំពុង​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ប្រទេស​ជិតខាង​ឥណ្ឌា។ តែ​ចិន​យល់​ថា បង់ក្លាដែស​ជា​ប្រភព​សេដ្ឋកិច្ច​ដែល​ខ្លួន​មិន​អាច​មើល​រំលង​បាន​ទេ។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពង​ចាប់ដៃ​ជាមួយ​សមភាគី​បង់ក្លាដែសលោក Abdul Hamid
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពង​ចាប់ដៃ​ជាមួយ​សមភាគី​បង់ក្លាដែសលោក Abdul Hamid Reuters
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ប្រជាជន ១៦០លាននាក់ បង់ក្លាដែស​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី តែ​ជា​សក្តានុពល​សេដ្ឋកិច្ច​មួយ​ដែល​ចិន​មិន​អាច​មើល​រំលង​បាន​ឡើយ។ មិន​អាច​មើល​រំលង​បាន ព្រោះ​បង់ក្លាដែស​កំពុង​ត្រូវ​ការ​វិនិយោគ​បរទេស​ជា​ច្រើន​ពាន់លានដុល្លារ​ដើម្បី​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត រួម​មាន កសិកម្ម ថាមពល និង​ដឹកជញ្ជូន​សាធារណៈ។ នៅ​ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ បង់ក្លាដែស​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ចំនួន ៦% តែ​ធនាគារ​ពិភពលោក​បាន​យល់​ឃើញ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្រិត​នេះ​នៅ​មិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​បង់ក្លាដែស​បង្កើត​បាន​ការងារ​គ្រប់គ្រាន់​សម្រាប់​យុវជន​សម័យ​ថ្មី​ទេ។

ថ្នាក់ដឹកនាំ​បង់ក្លាដែស​មួយ​ចំនួន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​របស់​ប្រមុខរដ្ឋ​ចិន លោក​ស៊ី ជីនពីង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគ និង​ផ្តល់​ប្រាក់កម្ចី​ឲ្យ​បង់ក្លាដែស​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ២០ ០០០លានដុល្លារ។ ក្រៅ​ពី​នោះ លោក​ស៊ី ជីនពីង​ចូលរួម​បើក​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិត​ក្បែរ​កំពង់ផែ Chittagong ដែល​ជា​កំពង់ផែ​យុទ្ធសាស្រ្ត​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស។ កំពង់ផែ​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ថៅកែ​ចិន​ដែល​បាន​ចំណាយ​លុយ​ពី ៥ ០០០ ទៅ ៧ ០០០លានដុល្លារ។

ជាមួយ​នឹង​វត្តមាន​លោក​ស៊ី ជីនពីង​ពេល​នេះ រដ្ឋាភិបាល​ទីក្រុង​ដាកា​សង្ឃឹម​នឹង​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​ចិន​បន្ថែម​ទៀត។ គួរ​បញ្ជាក់ជូន​ថា បង់ក្លាដែស​ជា​ប្រទេស​ឧស្សហកម្ម​វាយណភ័ណ្ឌ​ទី២ ក្នុង​លោក​បន្ទាប់​ពី​ចិន តែ​កម្លាំង​ពលកម្ម​នៅ​បង់ក្លាដែស​មាន​តម្លៃ​ថោក​ជាង​កម្លាំង​ពលកម្ម​នៅ​ចិន​ពី ៦ ទៅ ៧ដង។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន បង់ក្លាដែស​ជា​សម្ព័ន្ធមិត្ត​ប្រពែណី និង​កំពុង​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ឥណ្ឌា​ជិត​ខាង។ គឺ​ឥណ្ឌា​នេះ​ឯង​ដែល​បាន​ជួយ​បង់ក្លាដែស​ឲ្យ​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ឆ្នាំ ១៩៧១ ហើយ​គឺ​ឥណ្ឌា​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​រដ្ឋាភិបាល​ក្រុង​ដាកា​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​ឆេក ហាស៊ីណា។

អ៊ីចឹង​ហើយ​បាន​ជា​ឥណ្ឌា​កំពុង​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ចំពោះ​ទំនាក់ទំនង​កាន់​តែ​រីក​ធំ​រវាង​បង់ក្លាដែស និង​ចិន។ បង់ក្លាដែស​បាន​ដឹង​ច្បាស់​ណាស់ ហើយ​ក៏​បាន និង​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​ដោយ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ឥណ្ឌា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ