អានតួអត្ថបទ

យន្តហោះ​MH១៧ ៖ អត្តសញ្ញាណ​អ្នក​បាញ់មីស៊ីល​​នឹង​ឱ្យ​ដឹង​នៅ​ឆ្នាំ​២០១៧

រដ្ឋមន្ត្រី​យុត្តិធម៌អូស្ត្រាលី បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ ថាអត្តសញ្ញាណជនដៃដល់​អ្នក​បំផ្លាញ​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ MH១៧ កាលពី​ឆ្នាំ​២០១៤​ ឱ្យធ្លាក់​នៅ​អ៊ុយក្រែន​ ​និង​សម្លាប់​ជីវិត​អ្នក​ដំណើរ​​​អស់ ២៩៨ នាក់ នឹង​ប្រកាស​បញ្ជាក់​ឱ្យ​ដឹង យ៉ាង​យូរ​នៅ​ឆ្នាំ​២០១៧។ ជន​ដៃ​ដល់​ទាំង​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស​តាម​ច្បាប់​។

ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​រុស្ស៊ី ឈរ​ជើង នៅ​កន្លែង​ធ្លាក់​យន្តហោះ  MH17 Hrabove ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន
ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ស្និទ្ធ​នឹង​រុស្ស៊ី ឈរ​ជើង នៅ​កន្លែង​ធ្លាក់​យន្តហោះ MH17 Hrabove ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​បាន​ចូល​រួម​ចំណែក​ យ៉ាង​សកម្ម ក្នុង​ក្របខ័ណ្ឌ​ធ្វើ​​​អង្កេត​ព្រហ្មទណ្ឌ​​អន្តរជាតិ ដឹកនាំ​ដោយ​ប្រទេស​​ហូឡង់ ដើម្បី​ស្វែង​រក​ឃាតករ​ពិត​ជា​អ្នក​បាញ់​មីស៊ីលត្រូវ​​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះហើរ​លេខ MH១៧ ហោះ​ពី​ក្រុង​អាំស្ទែរដាំ ទៅ​កូឡាឡាំពួរ ឱ្យ​ធ្លាក់ នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន -ត្រង់​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ​​រវាង​កង​ទ័ព​រដ្ឋាភិបាល​ក្រុង​គៀវ និង​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​ ស្និទ្ធ​នឹង​រុស្ស៊ី។

កាលពី​ថ្ងៃ​ទី ២៨ កញ្ញា ក្រុម​អ្នក​​អង្កេត​ព្រហ្មទណ្ឌបាន​បង្ហាញ​ ជា​សាធារណៈ លទ្ធផល​ការងារ​របស់​ខ្លួន ដោយ​បាន​បញ្ជាក់​ថា មីស៊ីល​ប៊ូក​ដែល​បាញ់​ត្រូវ​យន្តហោះMH១៧ ត្រូវ​បាន​ដឹក​ជញ្ជូន​​មក​ពី​ប្រទេស​រុស្ស៊ី និង​ដឹក​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ ក្រោយ​ពេល​បាញ់​រួច។ ទីតាំង​នៃ​ការ​​​បាញ់​ គឺ​ចេញ​ពី​ភូមិ​មួយ​ ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ស្និទ្ធ​នឹង​ក្រុង​ម៉ូស្គូ។ អ្នក​អង្កេត​អន្តរជាតិ ក៏​បាន​រក​ឃើញ​​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បាញ់ ចំនួន​ប្រមាណ​មួយ​នាក់​​ ប៉ុន្តែ​ពុំ​ទាន់​បានកំណត់​ឈ្មោះ​ជាប់​សង្ស័យ​ជា​ផ្លូវការ​​ទេ។

 
បើ​តាម​ប្រសាសន៍​របស់​លោកស្រីBishop រដ្ឋមន្ត្រី​អូស្ត្រាលី​ទៅ​កាន់​ទូរទស្សន៍​ជាតិ ABC បញ្ជី​ឈ្មោះ​ជន​ជាប់​សង្ស័យ​ទាំង​នោះ នឹង​បញ្ជាក់​ បង្ហាញ​ នៅ​រវាង​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០១៧។ បន្ទាប់​មក​ជនជាប់​សង្ស័យ​ទាំង​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ។

ប្រសិន​បើ​រុស្ស៊ី​ប៉ុនប៉ង​ប្រើ​អំណាចប្រឆាំង​​​បិទ​ខ្ទប់​​មិន​ឱ្យ​មាន​ការ​កាត់ក្តី​នៅ​អង្គការ​សហប្រជាជាតិ ក្រុមការងារ​មាន​ជម្រើស​តុលាការ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជាដោយ​តុលាការ​ជាតិ​រៀប​ចំ​ឡើង​ក្រសួង​យុត្តិធម៌​ហូឡង់ ឬ​ដោយ​តុលាការ​ពិសេស​ ដូច​ករណី​តុលាការ​នៅ​ប្រទេស​អេកូស កាលពី​ឆ្នាំ​១៩៨៨ ដើម្បី​កាត់​ទោស​ជនជាតិ​លីប៊ី​ម្នាក់​ដែល​បាន​ធ្វើ​ឱ្យ​ផ្ទុះ​យន្តហោះ​សម្លាប់​អ្នក​ដំណើរ​២៧០​នាក់។ កាលណោះ​ តុលាការ​ពិសេស​​បាន​ដាក់​ទោស​ជន​ដៃ​ដល់​អស់​មួយ​ជីវិត។ នេះ​ជា​ការ​គូ​សបញ្ជាក់​បន្ថែម​របស់​លោកស្រី Bishop។

សូម​បញ្ជាក់​ថា រុស្ស៊ី​បាន​ចាត់​ទុក​លទ្ធផល​អង្កេត​ថា​លម្អៀង ដែល​ជំរុញ​ឱ្យ​ហូឡង់ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ចូល​ជួប កាលពីម្សិលម្ង៉ៃ។ ឯ​ចំណែក​រុស្ស៊ី​វិញ ក៏​នឹង​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ហូឡង់​ប្រចាំ​មូស្គូ​ចូល​ជួប​ដែរ​ដើម្បី​ពន្យល់​ថា​ហេតុ​អ្វី​រុស្ស៊ី​មិន​ទទួល​លទ្ធផល​អង្កេត​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ