អានតួអត្ថបទ

លោក បាន​គីមូន ស្នើ​ធ្វើ​អន្តរការី​ដោះស្រាយ​វិបត្តិ​កាស្មៀរ​ឱ្យ​ឥណ្ឌា​និង​ប៉ាគីស្ថាន

ភាព​តាន​តឹង​មិន​បាន​ធូរ​ស្បើយ​ទេ នៅ​តំបន់​កាស្មៀរ​ ដែល​ឥណ្ឌា​និង​ប៉ាគីស្ថាន​មានជម្លោះ​នឹង​គ្នា។ សំឡេង​ផ្ទុះ​និង​ការ​បាញ់​​ត​គ្នា​ទៅ​វិញ​ទៅ​មក បាន​លាន់​ឮ​ជា​ថ្មី​ នៅ​ថ្ងៃសៅរ៍​ទី ១ តុលា​ ពោល​គឺ​ប៉ុន្មានក្រោយ​ពេល​ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​សុំ​ធ្វើ​ជា​អន្តរការី​ឱ្យប្រទេស​ជិត​ខាង​​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ​។

ទាហាន​ឥណ្ឌា​ត្បាត​នៅ​តំបន់​ព្រំដែន​កាស្មៀរ​
ទាហាន​ឥណ្ឌា​ត្បាត​នៅ​តំបន់​ព្រំដែន​កាស្មៀរ​ REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

សំឡេង​​កាំភ្លើង​ធុន​ស្រាល និង​កំាភ្លើង​ត្បាល់​ មិន​បាន​ស្ងាត់​យូរ​ទេ។ ការ​ប្រយុទ្ធ​គ្នា​បាន​អូស​បន្លាយ​យ៉ាង​ហោច​ពីរ​ ទៅ បួន​ម៉ោង នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​តាម​បណ្តោយ​ព្រំដែន​ ត្រង់​តំបន់​កាស្មៀរ​ ប៉ុន្តែ​ទាំ​ង​ភាគី​ឥណ្ឌា ក៏​ដូច​ជា​ប៉ាគីស្ថាន ពុំ​បាន​លើក​ឡើង​អំពី​ចំនួន​ជន​រង​គ្រោះ ឬ​ការ​ខូច​ខាត​ជា​សម្ភារៈ​អ្វី​ទេ។

ការ​បាញ់​រះដាក់​គ្នា​នេះ ប្រព្រឹត្ត​ទៅ​តែ​ប្រមាណ​ពីរ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​របស់​ក្រុងញូវដេលី​ធ្វើ​ការ​វាយប្រហារ​មួយ​ខែ​​លើ​ប៉ាគីស្ថាន​ត្រង់​គំនូស​បន្ទាត់​ព្រំដែន​ខណ្ឌ​ចែក​តំបន់​កាស្មៀរ​ ដែល​ប្រទេស​ទាំង​ពីរ​ជាប់​ជម្លោះ​នឹង​គ្នា​អស់​រយៈ​ពេល​ជិត​៧០​ឆ្នាំ​មក​ហើយ និង​ដែល​ប៉ាគីស្ថាន​បាន​បរិហារ​ថាប្រតិបត្តិការ​ឈ្លានពាន​។ ភាព​តាន​តឹង​នេះ បាន​ផ្ទុះ​ឡើង​ជា​ថ្មី បន្ទាប់​មូលដ្ឋាន​យោធា​ឥណ្ឌា​រង​ការ​វាយ​ឆ្មក់​សម្លាប់​ទាហាន​អស់​១៩​នាក់​ កាលពី​ជាង​១០​ថ្ងៃ​មុន។ ញ៉ូវដេលី​បាន​ជម្លៀស​​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​រាប់​ពាន់​នាក់​ តាំង​ពី​ថ្ងៃ​សុក្រ​មក ដើម្បី​ជា​កិច្ចការពារ​ក្រែង​មាន​វាយ​សង​សឹក​ពី​ប៉ាគីស្ថាន។

 
ប្រឈម​មុខ​នឹង​ស្ថានការណ៍​កាន់​តែ​ដុនដាប​នេះ លោក បានគីមូន បានស្ម័គ្រ​ចិត្ត​តាំង​ខ្លួន​ធ្វើ​ជា​អន្តរការី​​ឱ្យ​ឥណ្ឌា​និង​ប៉ាគីស្ថាន ដោយ​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ជិត​ខាង​និង​សុខសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា ចេះ​អត់​ធ្មត់​ និង​ចាត់​វិធានការ​​ជា​បន្ទាន់​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។ សម្រាប់​លោក បាន​ គីមូន ដែល​រង់​ចាំ​តែ​ការ​ព្រមព្រៀង​ពី​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​ប្រកាស​ត្រៀម​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ភ្លាម ដើម្បី​បញ្ចៀស​វិបត្តិ​ដ៏​គ្រោះ​ថ្នាក់  ក្រោយ​ពី​បាន​ជួប​ឯកអគ្គរដ្ឋទូត​​ប៉ាគីស្ថាន ប្រចាំ​អង្គការ​សហប្រជាជាតិ កាលពី​ល្ងា​ច​ថ្ងៃ​សុក្រ។

ប៉ាគីស្ថាន​បាន​ស្នើ​សុំ​ឱ្យ​លោក​បាន គីមូន រៀប​គម្រោង​ឆាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ ​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ចំណែក​តំណាង​ភាគី​ឥណ្ឌា​វិញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា ឥណ្ឌា​គ្មាន​ចេតនា​បង្ក​ភាព​តាន​តឹង​ឡើយ​ តែ​ប្រតិបត្តិការ​យោធា​ឥណ្ឌា​ពេល​នេះ គឺ​ដើម្បី​វាយសំពង​ប្រឆាំង​នឹង​ការ​គេង​ចំណេញ​ភេរវនិយម​ប៉ុណ្ណោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ