អានតួអត្ថបទ

ហ្វីលីពីន៖ ចំណាប់​ថ្នូរ​ន័រវែស​និង​ឥណ្ឌូណេស៊ី​បាន​សេរីភាព​ពី​ពួក​អាប៊ូសាយ៉ាហ្វ

ចំណាប់​ថ្នូរ​ជា​ជនជាតិ​ន័រវែស​ម្នាក់ និង​ជា​ទាហាន​ជើង​ទឹក​ឥណ្ឌូណេស៊ី​បី​នាក់​ ត្រូវ​​បាន​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម អាប៊ូសាយ៉ាហ្វ ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃអាទិត្យ​នេះ និង​បាន​ប្រគល់​ដល់​ដៃ​អន្តរការី​​របស់​​រដ្ឋាភិបាល​ហ្វីលីពីន​រួច​ហើយ​ដែរ។ ការ​ដោះលែង​ចំណាប់​ថ្នូរ​នេះ ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ខែ​ក្រោយ​ការ​កាត់កសម្លាប់​​ចំណាប់​ថ្នូរ​ជាតិ​កាណាដា​អស់​​​ពីរ​នាក់។

រូបថត​សកម្មជន​អាប៊ូសាយ៉ាហ្វ​សំឡុត​កាត់ក​ចំណាប់​ថ្នូរ
រូបថត​សកម្មជន​អាប៊ូសាយ៉ាហ្វ​សំឡុត​កាត់ក​ចំណាប់​ថ្នូរ AFP PHOTO / SITE INTELLIGENCE GROUP
ផ្សាយពាណិជ្ជកម្ម

ការ​ប្រគល់​ចំណាប់​ថ្នូរ​ប្រព្រឹត្ត​ទៅ​ក្នុង​ជំរំ​របស់​ប្រមុខ​ដឹកនាំ​ឧទ្ទាម​អ៊ីស្លាម Nur Misuari ដែល​ជា​អ្នកជ្រោមជ្រែងស្វែង​រក​​សេរីភាព​​ឱ្យ​ចំណាប់​ថ្នូរ​ន័រវែស លោក Kjartan Sekkingstad និង​ ឥណ្ឌូណេស៊ី​បី​នាក់។ នេះ​បើ​តាម​ប្រភព​រដ្ឋាភិបាល​ហ្វីលីពីន។ ប៉ុន្តែ​គេ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ តើ​ចំណាប់​ថ្នូរ​ឥណ្ឌូណេស៊ី​ទាំង​បី​នោះ​ ជា​ជន​ដែល​ពួក​អាប៊ូសាយ៉ាហ្វ ចាប់​ខ្លួន​បាន​កាលពី​ខែ​កក្កដា​ នៅ​ក្នុង​ដែន​ទឹក​ម៉ាឡេស៊ី​ ឬក៏​​មិន​មែនទេ។

 
បើ​តាម​យោធា​ហ្វីលីពីន ចំណាប់​ថ្នូរ​ន័រវែស ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​សិន បន្ទាប់​មក​នឹង​ទទួល​ជួប​ដោយ​​លោក​ប្រធានាធិបតី ឌុយទែរតេ នៅ​ក្រុង​ដាវ៉ាវ។

សូម​បញ្ជាក់​ថា ចំណាប់​ថ្នូរ​ន័រវែស​រូប​នេះ ត្រូវ​បាន​ពួក​អាប៊ូសាយ៉ាហ្វ ចាប់​ខ្លួន​ជាមួយ​នឹង​ជនជាតិ​កាណាដា​ពីរ​នាក់ គឺចន រិតដែល និង ​រ៉ូប៊ែរ ហ័ល ព្រមទាំង​មិត្ត​ស្រី​ជាតិ​ហ្វីលីពីន។ ប៉ុន្តែ​ជា​សំណាង​អាក្រក់ ចំណាប់​ថ្នូរកាណាដាទាំង​ពីរ ត្រូវ​បាន​ពួក​អ៊ីស្លាម​ជ្រុលនិយម​ កាត់ក​សម្លាប់ កាលពី​ខែ​មេសា និង​មិថុនា ដោយ​ហេតុ​កាណាដា​មិន​ព្រមប្រគល់​ប្រាក់​​លួស តម្លៃ​​​រាប់​លាន​ដុល្លារ​តាមការ​ទាមទារ និង​កំណត់។

ចុះ​តើ​ចំណាប់​ថ្នូរ​ន័រវែស​នេះ បាន​សេរីភាពភាព​ដោយ​សារ​បង់​​ប្រាក់​ជា​ថ្នូរ​ឬ ?! អ្នកនាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ បាន​ប្រកាស​ថា​រដ្ឋាភិបាល​ក្រុង​ម៉ានីល ដែល​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​អាប៊ូសាយ៉ាហ្វ តាំង​ពី​ខែ​សីហា​មក ​ប្រកាន់​ជំហរ​មិន​ប្តូរ​ផ្លាស់ គ្មាន​នយោបាយ​មិន​បង់​ប្រាក់​ថ្នូរ​ទេ​ ! ប៉ុន្តែ​ប្រសិនបើ​មាន​អ្នក​ទី​បី​ មាន​អាទិ៍​ក្រុមគ្រួសារ ជា​អ្នក​ធ្វើ នោះ​រដ្ឋាភិបាល​មិន​បាន​ដឹង​ឡើយ។

ក្រសួង​ការ​បរទេស​​ន័រវែស ​ក៏​បាន​ប្រកាស​ដូច​គ្នា​ថា​មិន​បាន​បង់​ប្រាក់​​ ដើម្បី​ដូរ​ចំណាប់ថ្នូរ​ដែរ។ ប៉ុន្តែ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​អាប៊ូសាយ៉ាហ្វ ដែល​ល្បី​ខាង​រកស៊ី​ចាប់​មនុស្ស​ជំរិត​យក​លុយ និង​ដែល​អាមេរិក​ចាត់​ទុក​ជា​ពួក​ភេរវនិយម​ បាន​បញ្ជាក់​ពិត​ជា​បាន​ទទួល​កញ្ចប់​លុយ​ជាង​កន្លះ​លាន​អឺរ៉ូ​ ពេល​ដោះដូរ​ចំណាប់​ថ្នូរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ