អានតួអត្ថបទ

លោក​អូបាម៉ា​បន្ត​ទស្សនកិច្ច​ក្នុង​ទឹកដី​ឡាវ​ចំ​ពេល​សំណល់គ្រាប់បែក​អាមេរិក​កំពុង​សម្លាប់​ប្រជាជន​ឡាវ

នៅ​ថ្ងៃ​ពុធ ទី៧ កញ្ញា​នេះ​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី២៨ និងទី២៩ ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ នៅ​ថ្ងៃទី២ នេះ ជា​ការ​ចាប់​ផ្តើម​កិច្ចប្រជុំកំពូល​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ។ ក្នុង​ចំណោម​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​ឡាវ​ពេល​នេះ លោក​អូបាម៉ា​គឺ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង​ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​ឡាវ គិត​តាំង​ពី​ក្រោយ​ការ​បិទ​សង្រ្គាម​វៀតណាម អាមេរិក​ចន្លោះ​ឆ្នាំ ១៩៦៤ ១៩៧៣។ សង្រ្គាម​វៀតណាម អាមេរិក​ដែល​បាន​ជះ​ឥទ្ធិពល​ខ្លំាង​ដល់​ដែនដី​ឡាវ​ដោយ​បាន​រងការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធានាធិបតី​អាមេរិក នៅ​ប្រទេស​ឡាវ ថ្ងៃទី ៧ កញ្ញា ២០១៦
ប្រធានាធិបតី​អាមេរិក នៅ​ប្រទេស​ឡាវ ថ្ងៃទី ៧ កញ្ញា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

គឺ​ជាង ៤០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក​ចន្លោះ​ឆ្នាំ ១៩៦៤-១៩៧៣ ដែល​ទើប​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​ឡាវ។ ដូច្នេះ​សម្រាប់​ប្រទេស​ឡាវ ក៏​ដូច​ជា​ប្រជាជន​ឡាវ​ទូទៅ នេះ​ពិត​ជា​និមិត្តរូប​មួយ​ធំធេង​ណាស់។ នៅ​ថ្ងៃ​ពុធ ទី៧ កញ្ញា​នេះ ពោល​បន្ទាប់​ពី​បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ឡាវ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែល​ជា​ថ្ងៃទី១ នៃ​កិច្ចប្រជុំកំពូល​អាស៊ាន​មក លោក​អូបាម៉ា​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​កាន់​ទីក្រុង​លួងប្រាបាន​ដែល​ជា​អតីតទីក្រុង​របស់​ប្រទេស​ឡាវ។

 
អ្វី​ដែល​ប្រទេស​ឡាវ​កំពុង​ទន្ទឹម​រង់ចាំ​ពី​លោក​អូបាម៉ា គឺ​ជំនួយ​បន្ថែម​សម្រាប់​ប៉ះប៉ូវ​លើ​ការ​ខូចខាត និង​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ឥទ្ធិពល​សេសសល់​ពី​សង្រ្គាម​វៀតណាម អាមេរិក​កាល​ពី​ជាង ៤០ឆ្នាំ​មុន។ សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​សម័យ​សង្រ្គាម​វៀតណាម អាមេរិក និង​ដើម្បី​ទប់ស្កាត់​ការ​ដឹកជញ្ជូន​គ្រឿង​អាវុធ​ដឹក​ចេញ​ពី​ឡាវ​ទៅ​កាន់​វៀតណាម​ប៉ែកខាងជើង កងទ័ព​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​ឡាវ​ជាង ២លានតោន។ នៅ​ក្នុង​ចំនួន​គ្រាប់បែក​ជាង ២លានតោន​នោះ មាន​ប្រមាណ​ជា ៣០% នៅ​មិន​ទាន់​ផ្ទុះ និង​កំពុង​បន្ត​សម្លាប់​ប្រជាជន​ឡាវ​មក​ដល់​សព្វថ្ងៃ ក្នុង​នោះ ជនរងគ្រោះ ៤០% ជា​កូនក្មេង។

គិត​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក​មក សំណាល់​គ្រាប់បែក​អាមេរិក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​សរុប​ជាង ២០ ០០០នាក់។ តែ​ដោយសារ​មាន​កម្មវិធី​ដោះមីន​ក្រោម​ជំនួយ​របស់​អន្តរជាតិ ពិសេស​ពី​ប្រទេស​អាមេរិក និង​កាណាដា ចំនួន​មនុស្ស​ស្លាប់​ដោយ​សំណល់​គ្រាប់បែក​អាមេរិក​បាន​ថយចុះ​ចំនួន ៣០០នាក់​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ ២០០៨។ បើ​គិត​ពី​ឆ្នាំ ២០១៣ មក ចំនួន​មនុស្ស​ស្លាប់​មាន​ប្រមាណ​តែ ៤០នាក់​ប៉ុណ្ណោះ។

ដើម្បី​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​កំចាត់​គ្រាប់បែក​អាមេរិក​ដែល​សេសសល់ ឡាវ​បាន​ទទួល​ជំនួយ​អន្តរជាតិ​ចំនួន ៣៥លានដុល្លារ​ក្នុង​ឆ្នាំ ២០១៥។ តែ​នៅ​ក្នុង​ចំនួន​នេះ មាន​មិន​ដល់ ៦% ផង​ដែល​បាន​យក​ទៅ​ជួយ​ទំនុកបម្រុង​ដល់​ជនរងគ្រោះ។ ជាង ៤០ឆ្នាំ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក វត្តមាន​ប្រធានាធិបតី​អាមេរិក​លើកដំបូង​ក្នុង​ទឹកដី​ឡាវ​ជា​សក្ខីកម្ម​ថ្មី​ដែល​អាច​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​រវាង​វ៉ាស៊ីតោន និង​វៀងចន្ទន៍។ តែ​អាទិភាព​ដំបូង​ដែល​ប្រជាជន​ឡាវ​ទន្ទឹង​រង់ចាំ​ពី​លោក​អូបាម៉ា គឺ​ជំនួយ​បន្ថែម​សម្រាប់​កំចាត់​ឲ្យ​នូវ​គ្រាប់បែក​អាមេរិក​សេសសល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ