អានតួអត្ថបទ

ចិន ៖ ​ផ្ទុះ​មជ្ឈមណ្ឌល​អគ្គីសនីស្លាប់​មនុស្ស​យ៉ាង​ហោច​២១​នាក់

មាន​ស្លាប់​យ៉ាង​ហោចណាស់ ២១​នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត នៅ​ក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​ឆេះ​មជ្ឈមណ្ឌ​ល​អគ្គីសនី​ ដើរ​ដោយ​ធ្យូង​ថ្ម​មួយកន្លែង ក្នុង​ខេត្ត​ហ៊ូបី ភាគ​កណ្តាល​ប្រទេស។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន​ថ្មី។ ដោយ​សារ​កង្វះ​បទ​ដ្ឋាន​សុវត្ថិភាព​ គ្រោះ​ថ្នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​ តែង​កើត​ឡើង​ជា​ញឹក​ញយ​។ គ្រោះ​ថ្នាក់​លើក​នេះ កើត​ឡើង​ តែ​មួយ​ឆ្នាំ​គត់​ក្រោយ​គ្រោះ​ថ្នាក់​ផ្ទុះ​ឆេះ​ឃ្លាំង​ស្តុក​ នៅ​ជានជីន កាលពី​ថ្ងៃ​ទី ១២ សីហា ២០១៥ សម្លាប់​មនុស្ស​អស់ ១៦៥​នាក់។

ទិដ្ឋភាព​ផ្ទុះ​ឆេះ​មជ្ឈមណ្ឌល​អគ្គិសនី​ មើល​ពី​លើ​អាកាស រូបថត​ People's Daily China.
ទិដ្ឋភាព​ផ្ទុះ​ឆេះ​មជ្ឈមណ្ឌល​អគ្គិសនី​ មើល​ពី​លើ​អាកាស រូបថត​ People's Daily China. People's Daily China
ផ្សាយពាណិជ្ជកម្ម

សំឡេង​ផ្ទុះ​បាន​លាន់​ឮ​ឡើង​នៅ​ពេល​បាក់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​​ធ្យូងថ្ម ក្រុង​ដង់យ៉ាង ខេត្ត​ហ៊ូបី ដោយ​ហេតុ​តែ​បំពង់​​បង្ហូរ​ចំណាយ រង​សម្ពាធ​ខ្លាំង​ពេក​រហូត​ទាល់​តែ​ដាច់។ ក្រុម​អ្នក​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់​ទៅ​កន្លែង​កើត​ហេតុ ហើយ​ប្រតិបត្តិការ​សង្គ្រោះ​បាន​បន្ត​អូស​បន្លាយ​រហូត​ដល់​យប់។

បើ​តាម​រូបភាព​បង្ហោះ​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ គេ​ឃើញមាន​សល់​តែ​​អាគារ​បេតុង​ននោល​មួយ​ មាន​ចម្រឹង​អន្ទារ​ច្រងេងច្រងាង​ពេញ និង​បំពង់​ផ្សែង​ធំ​មួយ​ត​ឆ្កុយ​ឡើង​។

ភ្លាម​មួយ​រំពេច​ អាជ្ញាធរ​បាន​ប្រកាសធានា​អះអាង​ថា​នឹង​​បើក​អង្កេត ដើម្បី​​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ដ៏​កក្រើក​នេះ​ឡើងតែ​ពុំ​បាន​ផ្តល់ឬ​​បង្ហើប​​ព័ត៌មាន​លម្អិត​ណា​មួយ​​ ​ឱ្យ​ដឹង​ទេនៅ​ពេល​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ៗ​ទៀត បាន​ត្រឹម​ពាំ​ពាក្យ​ថា ក្នុង​ចំណោម​អ្នក​របួស​ទាំង​៥​នាក់ មាន​បី​ជា​របួស​ធ្ងន់ ហើយក្រុមហ៊ុន​ឧស្សាហកម្ម​​​ដើរ​ដោយ​ធ្យូងថ្ម​នេះ ក៏​មាន​សកម្មភាព​ឧស្សាហកម្ម​ជា​ច្រើន​ទៀត ​ដូច​ជា​លក់​អគ្គីសនី និងលក់​ប្រេង។

គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​មួយ​ឆ្នាំ​ខ្វះ​មួយ​ថ្ងៃ​គត់​ក្រោយគ្រោះ​មហន្តរាយ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​​គីមី នៅ​ខេត្ត​ជានជីន ថ្ងៃទី​១២​សីហា ២០១៥ ដែល​បាន​រាល​ដាល​ជា​អគ្គីភ័យ​ ឆាប​ឆេះសង្កាត់​ជុំ​វិញ និង​សម្លាប់មនុស្ស​អស់​១៦៥​នាក់ របួស ជាង​៧០០​នាក់។ មុន​នេះ​បន្តិច មនុស្ស​ជាង​១៣០នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​មាន​ធ្លាយ​ជាតិ​គីមី​នៅក្នុង​រោង​ចក្រ​មួយ​ នៅ​ភាគ​ខាង​កើត​ប្រទេស។ កាលពី​ខែ​មេសា មាន​​ផ្ទុះ​ឃ្លាំង​ស្តុកល្បាយ​​គីមី​មួយ បង្ក​ជា​អគ្គីភ័យ​១៦​ម៉ោង និង​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គីភ័យ​៤រយ​នាក់។

គ្រោះ​ថ្នាក់​​ដែល​ឆ្លុះ​បញ្ចាំងអំពី​​​ចំណាត់ការ​មិន​ល្អ​​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​វិស័យ​សន្តិសុខ​ឧស្សាហកម្ម បាន​​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ស្លុត​ចិត្តយ៉ាង​ខ្លាំង។ ជាការ​ពិត​​​ជាក់​ស្តែង ចិន​ជួប​គ្រោះ​ថ្នាក់​ឧស្សាហកម្ម​ជា​ញឹកញយ​ណាស់ ! នេះ​ក៏​ព្រោះ​​ចិន​មិន​សូវ​អើ​ពើ​នឹង​ការ​ពង្រឹងបទដ្ឋាន​​សុវត្ថិភាពផង និង​ធ្មេចភ្នែក​ពេល​ត្រួត​ពិនិត្យ​ផង ដោយ​អាជ្ញាធរ​ត្រូវ​រ៉ូវ ឬ​ពុក​រលួយ​ជាមួយ​ក្រុមហ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ