អានតួអត្ថបទ

ជប៉ុន​ចោទ​សួរ​ចិន​រឿង​ដំឡើង​រាដា​នៅ​សមុទ្ទ​ចិន​ខាងកើត

ជប៉ុន​បាន​ធ្វើ​ការ​ទាមទារតាម​ផ្លូវទូត ​ការ​ពន្យល់​បំភ្លឺ​ពី​ក្រុង​ប៉េកាំង បន្ទាប់ពីរ​ក​ឃើញ​មាន​ប្រព័ន្ធ​រាដា ត្រូវ​បាន​ដំឡើង​​នៅ​លើ​ស្ថានីយ៍​​រុក​រក​ឧស្ម័នហ្កាស​ ក្នុង​សមុទ្ទ​ចិន​ខាង​កើត​។ បើ​តាម​សារព័ត៌មាន​ជប៉ុន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ការ​ដំឡើង​​រាដាក្បែរ​​​ដែនទឹក​ជាប់ជម្លោះ គឺ​ទំនង​ជា​ធ្វើ​ឡើង​សម្រាប់​បម្រើ​ប្រយោជន៍​យោធា និង​ដែល​អាច​ធ្វើឱ្យ​​ទំនាក់ទំនង​ចិន-ជប៉ុន​​កាន់​តាន​តឹង។

ប្រជុំកូនកោះ​ជាប់​ជម្លោះនៅ​សមុទ្ទ​ចិន​ខាង​កើត ​រវាង​ចិន​និង​ជប៉ុន
ប្រជុំកូនកោះ​ជាប់​ជម្លោះនៅ​សមុទ្ទ​ចិន​ខាង​កើត ​រវាង​ចិន​និង​ជប៉ុន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

រាដា​ដែល​ចិន​ទើប​ដំឡើង​​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​កើត ​ មាន​ប្រយោជន៍​តិច​តួច​បំផុតក្នុង​ផលិតកម្ម​រុករក​​ឧស្ម័ន ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ជប៉ុនគិត​ក្រែងថា​​ប៉េកាំង​ប្រើប្រាស់​ស្ថានីយ៍​​ប្រេង ជាលេស​បិទ​បាំង​ការ​បង្កើត​​​ប៉ុស្តិ៍​ត្រួតពិនិត្យយោធា​ ដើម្បី​ប្រយោជន៍​យោធា។ អ្វី​ដែល​ជប៉ុន​កាន់​តែ​ព្រួយ​បារម្ភ​មួយ​គឺ​ខ្លាច​ចិន​ស្វែង​រក​មធ្យោបាយ​ពង្រឹង​វត្តមានយោធា នៅ​​ក្នុង​ដែន​សមុទ្ទចិន​ខាង​កើត​នេះ ដែលគ្មាន​គំនូស​ព្រំដែន​​ជា​ផ្លូវ​ការ​ទេ។

 
​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ជប៉ុន​បាន​ដៅ​ឃើញ​មាន​ការ​ដំឡើង​​ប្រព័ន្ធ​រាដា ​លើ​ស្ថានីយ៍​ប្រេង​ជា​លើក​ទី​មួយនេះ តាំង​ពី​ចុង​ខែ​មិថុនា និង​បាន​បញ្ជូន​លិខិត​ការទូត​សុំ​សេចក្តី​បំភ្លឺ​​ពី​ប៉េកាំង​រួច​ហើយ។ តែ​ក្រសួង​ការ​បរទេស​ជប៉ុន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​ទាំង​អស់ នៅ​ថ្ងៃ​នេះ។

ស្ថានីយ៍​រុករក​ប្រេង​ឧស្ម័ន​នេះ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​​តំបន់​ប្រជុំ​កោះ ជាប់​ជម្លោះ ​សេនកាគូ ជា​ភាសា​ជប៉ុន ឬ​ទាវយូ​ ហៅ​តាម​ចិន។ ជាច្រើន​ដង​មក​ហើយ​ដែល​ជប៉ុន​បាន​​អំពាវនាវ​ឱ្យ​ចិន​បញ្ឈប់​ការ​សាងសង់​មជ្ឈមណ្ឌល​រុក​រក​ប្រេង​ នៅ​សមុទ្ទ​ចិន​ខាងកើតនេះ ព្រោះ​ជា​ការអភិវឌ្ឍជា​ឯកតោភាគី រំលោភ​លើការ​ព្រមព្រៀង​​ឆ្នាំ​២០០៨ ដែល​ប្រទេស​ទាំង​ពីរ​បាន​សន្យាធ្វើ​កិច្ចសហប្រតិបត្តិការរួម​គ្នា​លើ​ធនធាន​ធម្មជាតិ​​ក្នុង​តំបន់។

តូក្យូ​ក៏​បាន​​សម្តែង​ការ​ប្រឆាំង​​នឹង​ចិន នៅ​ថ្ងៃនេះ​ដែរ ជុំវិញ វត្តមាន​នាវា​ចិន​ពីរ​គ្រឿង​ដែល​បាន​ធ្វើ​បើក​ចូលដែន​ទឹក ​ទៅ​កៀក​កោះ​ជាប់​ជម្លោះ សេនកាគូ ប្រមាណ​តែ​២០​គីឡូម៉ែត្រ។​ កាលពី​ថ្ងៃសៅរ៍​ ជប៉ុន​បាន​អះអាង​ថា​មាន​ទូក​នេសាទ​ចិន​ប្រមាណ​២៣០​គ្រឿង និង​នាវា​ឆ្នាំ​សមុទ្ទ​ចិន​៧​គ្រឿង ក្នុង​នោះ៤គ្រឿងទំនង​​មាន​ផ្ទុក​អាវុធ​ផង ក៏​បាន​បើក​បរ​ចូល​ដល់​តំបន់​ដែន​ទឹកជាប់​ជម្លោះ​នេះ​ដែរ។ នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ជប៉ុន​បាន​គូស​បញ្ជាក់​ថា​ចិន​បង្កើន​សកម្មភាព​យ៉ាងខ្លាំង​ក្នុង​តំបន់​នេះ មិន​ខុស​អី​ពី​នៅ​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ