អានតួអត្ថបទ
ចិន-ប៉ូឡូញ

លោក​ស៊ី ​ជីនពីង​ បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប៉ូឡូញ​

លោក​ស៊ីជីនពីង ប្រធានាធិបតី​ចិន ​អញ្ជើញ​ទៅ​ដល់​ទីក្រុង​វ៉ាសូវី​កាលពី​រសៀល​​ម្សិលមិញ ដើម្បី​​បំពេញ​ទស្សកិច្ច​ផ្លូវរដ្ឋ​ចំនួន​៣​ថ្ងៃ​នៅ​ប្រទេស​ប៉ូឡូញ។ ​មក​ដល់​ប៉ូឡូញ​ភ្លាម លោក​ស៊ី​ត្រូវ​​បាន​​​បក្សព័ន្ធ​​គាំទ្រ​​របស់​លោក​​ជា​​ច្រើន​​រយ​​នាក់​​មក​ស្វាគម​​​នៅ​ពីមុខ​​សណ្ឋាគារ​​​ និង​ត្រូវ​បាន​​បាតុករ​និកាយ Falun Gong មួយក្រុម​ នាំគ្នា​​ស្រែក​​​ទាមទារ​​​ឲ្យ​ប្រទេស​​ចិន ​ឈប់​​​ធ្វើ​ទុក្ខ​បុក​​ម្នេញទៅ​លើក្រុមនិកាយ Falun Gong នៅក្នុងប្រទេសចិនតទៅទៀត​។

ប្រធានាធិបតី​ស៊ី ជីនពីង (ឆ្វេង​) អមដំណើរ​ដោយ​ប្រធានាធិបតីស៊ែប ប៊ី លោកTomislav Nikolić,នៅថ្ងៃ១៨មិថុនា​
ប្រធានាធិបតី​ស៊ី ជីនពីង (ឆ្វេង​) អមដំណើរ​ដោយ​ប្រធានាធិបតីស៊ែប ប៊ី លោកTomislav Nikolić,នៅថ្ងៃ១៨មិថុនា​ REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

អមដំណើរ ដោយ​គណប្រតិភូ​ដ៏​សំខាន់​ដែល​សុទ្ធសឹង​ជា​អ្នកសេដ្ឋកិច្ច​វិទូ​មក​ពី​តំបន់​នានានៃ​ប្រទេស​ចិន លោក ស៊ី ជីនពីន​ បាន​​អញ្ជើញ​ទៅ​បំពេញ​ទស្សកិច្ច​​​នៅ​ប៉ូឡូញ​ជា​លើក​ទីមួយ​​នា​ក្នុង​រយៈ​​ពេល​១២​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​មុន​ពេលអញ្ជើញ​ទៅ​​​ប៉ូឡូញ លោក​ប្រធានាធិបតី​ចិន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​​​ស៊ែប៊ី​​កាលពី​ថ្ងៃ​ទី​១៧មិថុនា​រហូត​ដល់​ថ្ងៃ​ទី​១៩​មិថុនា។ម្យ៉ាងទៀត ទស្សនកិច្ច​នៅ​ប៉ូឡូញ​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​ស៊ី ជីនពីង បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក​កាលពី​ខែ​មីនា​មុន។

ដំណើរទស្សនកិច្ច​ទាំង​នេះ សរ​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា ​ចិន មាន​ចិត្ត​ជាប់​ជំពាក់​យ៉ាង​ជ្រៀល​​ជ្រៅ​​ទៅ​លើ​ទំនាក់ទំនង​រវាង​ចិន​និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុ​ប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត​ ក៏ព្រមទាំង​ជាមួយសហភាពអឺរ៉ុប។
 

នា​អំឡុង​​ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋ​ចិន​នៅ​ Varsovie  លោក Xi ​បានជួប​ប្រាស្រ័យ​ជា​មួយ​លោក Andrzej Duda ប្រធានាធិបតី​ប៉ូឡូញ ដើម្បី​ធ្វើការ​ពិភាក្សាគ្នា​នៅ​លើ​ការពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​​ចិន​និង​ប៉ូឡូញ។ លោកស៊ី​នឹង​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​លោក Beata Szydlo នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ មុន​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធីទទួល​ទាន​អាហារ​មួយ​រៀបចំ​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​សភា​ប៉ូឡូញ។

ចិន​និង​ប៉ូឡូញ ក៏ប្រហែល​ជា​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​នៅ​លើ​វិស័យ​ហិរញ្ញវត្ថុ អាកាសចរណ៍​ស៊ីវីល វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​និង​វិស័យ​អប់រំ។

 

គួរំលឹកថា ប៉ូឡូញ បាន​រៀបចំ​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​តាំងពី​ឆ្នាំ​១៩៤៩ និង​បាន​ក្លាយ​​ទៅ​ជា​ប្រទេស​​មួយ​ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​លើក​តំបូង​បង្អស់​នៅ​លើ​​លោក​ ចង​សម្ព័ន្ធ​ផ្លូវទូត​​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ តាំងពីពេល​នោះ​មក ប៉ូឡូញ​និង​ចិន បាន​រិតចំណង​ជាមួយគ្នា ​រហូត​ដល់​ក្លាយ​ទៅ​ ជា​ប្រទេស​ដៃ​គូ​យុទ្ធសាស្ត្រ​ទៀត​នៅ​ឆ្នាំ​២០១១​ ដោយ​បាន​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​នេះ ក្នុង​កំរិត​ល្បឿន​ ដ៏​ស្ថតិស្ថេរ​មួយ​។​

ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ប៉ូឡូញ​វិញ បាន​កើន​ករិត​ទឹកប្រាក់​រហូត​ទៅ​ដល់ ជាង​១៧​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥​និង​ជម្រុញ​ឲ្យ​ប៉ូឡូញ កា្លយ​ទៅ​ជា​ប្រទេស​ដៃ​គូ​ពាណិជ្ចកម្ម​​ទី​មួយ​របស់​ចិន​នៅ​​អឺរ៉ុប​ភាគក​ណ្តាល​និង​អឺរ៉ុប​ភាគ​ខាង​កើត។លើសពីនេះ ​ចិន ក៏​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប៉ូឡូញ​ដែរ​នៅ​តំបន់​អាស៊ី។ ដោយ​អ្នកទេសចរ​​ចិន ជាង​៦​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ទស្សនា​នៅ​ប៉ូឡូញ​កាលពី​ឆ្នាំ​ទៅ​មិញ គឺ​មាន​ចំនួនកើន​លើស​ឆ្នាំ​២០០៤​ដែល​មាន​តែ ៧​ពាន់​៧​រយ​នាក់​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នាពេល​ប្រមុខ​រដ្ឋ​ចិន​អញ្ជើញ​ទៅ​ដល់​ក្រុង​វ៉ាសូវីភ្លាម ប្រព័ន្ធ​ការពារសន្តិសុខ​ប៉ូឡូញ បាន​អម​ការពារ​ប្រមុខរដ្ឋ​ចិន​យ៉ាង​ម័ត្យ័តជាទីបំផុត ក៏ប៉ុន្តែ​ប្រធានាធិបតី​ចិននៅ​តែ​អាច​មើល​ឃើញ​ហេតុការណ៍​ខ្លះៗ​​កើត​ឡើង​នៅ​ពេល​ដែល​លោក​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​ប៉ូឡូញ។ ពីព្រោះ​នា​ខណៈនោះ មាន​ក្រុម​បាតុករ​និកាយ Falun Gong មួយ​ក្រុម បាន​នាំ​គ្នា​ស្រែក​ក្នុង​ភាសា​ចិន​និង​ប៉ូឡូញ​​​ទាមទារ​ឲ្យ​ប្រទេស​ចិន​បញ្ចប់​នូវ​រាល់​អំពើ​ទារុណកម្ម​ទៅ​លើ​ក្រុម​និកាយ Falun Gong នៅ​ក្នុង​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ