អានតួអត្ថបទ

តាលីបង់តែងតាំងបញ្ញាជន​សាសនាជាមេកើយដើម្បី​បង្រួបបង្រួម​ចលនា

បន្ទាប់​ពី​ស្ថិត​ក្នុង​ការ​ស្ថានភាព​ច្របូក​ច្របល់ អត់​មេ​អត់​កើយ​​អស់​ពីរ​បី​ថ្ងៃ តាលីបង់នៅ​អាហ្វហ្កានីស្ថាន បាន​ប្រកាស​នៅ​ថ្ងៃពុធ​នេះ មាន​មេដឹកនាំ​ថ្មី ឈ្មោះ​ថា ហៃបាទុឡា អាខុនស្ហាដា (Haibatullah Akhunzada)។ ហៃបាទុឡា អាខុនស្ហាដា ជា​អតីត​អនុប្រធាន​​ម្នាក់​របស់ ម៉ូឡា មែនស៊ូ មេកើយ​តាលីបង់​មុន​ដែល​ត្រូវ​បាន​ដ្រូន​អាមេរិក​បាញ់​សម្លាប់ កាលពី​ថ្ងៃ​សៅរ៍​ទី ២១​ឧសភា។

ម៉ូឡា ម៉ាស៊ូ អតីត​​មេដឹកនាំ​​តាលីបង់​ដែល​ចូល​ចិត្ត​បង្ហាញ​រូប​ថត ខុស​ពី​មេដឹកនាំ​ថ្មី​ដែល​គ្មាន​រូប​ថត​សោះ
ម៉ូឡា ម៉ាស៊ូ អតីត​​មេដឹកនាំ​​តាលីបង់​ដែល​ចូល​ចិត្ត​បង្ហាញ​រូប​ថត ខុស​ពី​មេដឹកនាំ​ថ្មី​ដែល​គ្មាន​រូប​ថត​សោះ REUTERS/Taliban Handout
ផ្សាយពាណិជ្ជកម្ម

ប្រកាស​មាន​មេដឹកនាំ​ថ្មី ​ជាការ​​​បញ្ជាក់ព័ត៌មានបន្ថែម​​ជា​ផ្លូវការ​​ ពី​សំណាក់​ចលនា​​ភេរវនិយម​អ៊ីស្លាម​​តាលីបង់​ថា​មេដឹកនាំ​ចាស់​ពិត​បាន​ស្លាប់ ដូច​ដែល​ក្រុង​កាប៊ូល​បាន​ជូន​ដំណឹង​ពី​ថ្ងៃ​អាទិត្យ​។

ប៉ុន្តែ​ទាក់ទង​នឹង​​អ្នក​មក​ស្នង​តំណែងវិញ គេ​គ្រាន់​តែ​​​ដឹង​ ហៃបាទុឡះ អាខុនស្ហាដា ជា​បញ្ញាជន​ផ្នែកសាសនា​​ជា​ទី​គោរព​បំផុត​ម្នាក់ ​មាន​អាយុ​ខ្ទង់​៦០​ឆ្នាំ កើត​​​នៅ​តំបន់​កង់ដាហារ ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ស្ថិត​ក្នុង​​ក្រុម​​កុលសម្ព័ន្ធដ៏​មាន​អំណាច​​ណ័រស្ហៃ Noorzai។

បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០១៥ ហៃបាទុឡា អាខុនស្ហាដា ជា​អតីត​អ្នក​ទទួល​ខុស​​ផ្នែក​តុលាការ​របស់​ចលនា​តាលីបង់។ មេដឹកនាំ​ចលនា​តាលីបង់​ថ្មី​រូប​នេះ ធ្លាប់​ជា​មនុស្ស​ជំនិត​របស់ ម៉ូឡា អូម៉ារ អតីត​ប្រមុខ​តាលីបង់ ដែលបាន​ស្លាប់​កាលពី​ជាង​ពីរ​ឆ្នាំ​មុន និង​មាន​ចិត្ត​គំនិត​ដូច​គ្នា ប្រឆាំង​រាល់​គ្រប់​ទម្រង់​នៃ​ការ​ផ្សព្វផ្សាយ​​ឃោសនា​មនោគមវិជ្ជា​ដោយ​ភ្ជាប់​រូបថត។

ជម្រើស​​តែង​តាំង​ ហៃបាទុឡា អាខុនស្ហាដា ជា​ប្រមុខ​ដឹកនាំ​ចលនា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តាលីបង់​ភ្ញាក់​ស្មារតី និង​យល់​អំពី​ភាព​ចាំបាច់​​ដែល​ត្រូវ​ស្វែង​រក​ឥស្សរជន​ម្នាក់ មាន​សមត្ថភាព​​បង្រួប​បង្រួម​ចលនា​កុំ​ឱ្យ​ប្រេះឆា​ដូច​សម័យ​ មែនស៊ូ។ ប៉ុន្តែ​គ្មាន​អ្វី​អាច​បញ្ជាក់​បាន​ឡើយថា តាលីបង់​របស់​ អាខុនស្ហាដា អាច​ប្តូរ​​ជំហរ​នយោបាយ​ សុខចិត្ត​ងាក​មក​ចរចា​សន្តិភាព​ជាមួយ​ក្រុង​កាប៊ូល ស្រប​តាម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​ប៉ាគីស្ថាន និង​ចិន។

​ក្រៅ​អំពី​ការ​តែង​តាំង​​ប្រមុខ​ដឹកនាំ​ចលនា​ថ្មី តាលីបង់​ក៏​បាន​​​ជ្រើស​តាំង​​ ​ស៊ីរ៉ាជុឌីន ហាកានី មេកាង​ដៃដល់​ធ្លាប់​ធ្វើ​ភេរវកម្ម​ជា​ច្រើន​នៅ​ក្រុង​កាប៊ូល និង​ម៉ូឡា យ៉ាកូប កូន​ប្រុស​របស់​ម៉ូឡា អូម៉ារ ​ឱ្យ​ធ្វើ​ជា​អនុប្រធាន​របស់​ហៃបាទុឡា អាខុនស្ហាដា។

ទន្ទឹម​នឹង​ការ​ប្រកាស​មាន​មេ​ដឹកនាំ​ថ្មី ភេរវកម្ម​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​កាប៊ូល ប្រឆាំង​នឹង​រថយន្ត​ដឹកបុគ្គលិក​តុលាការ​ បង្ក​ឱ្យ​ស្លាប់​យ៉ាង​ហោច​១០​នាក់ និង​របួស​បួន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ