rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វហ្កានីស្ថាន សុខភាព សហរដ្ឋអាមេរិក ឧក្រិដ្ឋកម្មសង្រ្គាម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

គ្រូពេទ្យ​គ្មានព្រំដែន ទាត់ចោល​លទ្ធផលស៊ើបអង្កេត​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក

media
ក្រុមគ្រូពេទ្យ​នៅអង្គការ​គ្រូពេទ្យ​គ្មានព្រំដែន AFP PHOTO / Najim RAHIM

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF ហើយ​និង​អ្នក​ដែល​រួចរស់​ជីវិត​ពី​ការវាយប្រហារ​របស់​ទាហាន​អាមេរិក​ទៅលើ​មន្ទីរពេទ្យ ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅថ្ងៃ​សៅរ៍ ទី ៣០ មេសា បាន​បដិសេធ មិន​ទទួល​យក​លទ្ធផល​ស៊ើបអង្កេត​របស់​ក្រសួងការពារ​ជាតិ​អាមេរិក ដែល​បង្ហាញ កាលពី​ថ្ងៃ​សុក្រ​ ថា ទាហាន​អាមេរិកាំង​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្រ្គាម។

 


របាយការណ៍​ស៊ើបអង្កេត កម្រាស ៣ពាន់ ទំព័រ ដែល​ក្រសួងការពារ​ជាតិ​បង្ហាញ​ជាសាធារណៈ​នៅថ្ងៃ​សុក្រ​ម្សិលមិញ គឺ​ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​ស៊ីជម្រៅ ទៅលើ​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អាមេរិកាំង​ទៅ​លើ​អគារ​មន្ទីរពេទ្យ​ព្យាបាលអ្នកជម្ងឺ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ក្នុង​ទីក្រុង Kunduz​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ នៅថ្ងៃទី​៣​តុលា ការវាយប្រហារ​ទម្លាក់គ្រាប់​របស់​យន្តហោះ​អាមេរិក ទៅលើ​អគារ​មន្ទីរពេទ្យ​ដែល​បាន​សម្លាប់ មនុស្ស ៤២​នាក់ ដែល​នៅក្នុង​នោះ មានទាំងអ្នកជម្ងឺ ហើយ​និង​បុគ្គលិក គ្រូពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ចំនួន ១៤​នាក់។

 
តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ក្រសួងការពារ​ជាតិ​អាមេរិក សោកនាដ្យកម្ម​នៅ​មន្ទីរពេទ្យ​របស់​អង្គការ​MSF កើតចេញ​មក​ពី​ការបូកផ្សំ​គ្នា រវាង​កំហុស​មនុស្ស ហើយ​និង​បច្ចេកទេស​សុទ្ធសាធ។ ការហត់នឿយ​របស់​ទាហាន ដែល​ទទួល​អនុវត្ត​បេសសកម្ម ច្រើន នៅ​ថ្ងៃ​កើតហេតុ អាច​ជា​ហេតុផល​បន្ថែម មួយ​ទៀត ដែល​ធ្វើ​ឲ្យ​គេ​ភ្លាំងភ្លាត់ បាញ់​ច្រលំ​លើ​គោលដៅ។ យ៉ាងណាក៏ដោយ របាយការណ៍​ស៊ើបអង្កេត នៅ​មិន​បាន​សន្និដ្ឋាន​ចាត់ទុក កំហុស​របស់​មនុស្ស ថា ជា​បទឧក្រិដ្ឋកម្ម​សង្រ្គាម​នោះទេ។ តាម​មេបញ្ជាការ​អាមេរិកាំង​ទទួល​បន្ទុក​តំបន់​ដើមបូព៌ា ហើយ​និង​អាហ្វហ្កានីស្ថាន លោក​Joseph Votel ដែល​ជាអ្នកបង្ហាញ​របាយការណ៍ នៅទីក្រុង​វ៉ាស៊ីនតោន គេ​មិនអាច​ចោទ​មន្រ្តីយោធា​អាមេរិក​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម ព្រោះថា ទាហាន​អាមេរិក​ទាំងនោះ មិន​បាន​បាញ់ប្រហារ​អគារ​មន្ទីរពេទ្យ​ដោយ​ចេតនា។
 
តាម​ការស៊ើបអង្កេត ដោយសារ​តែ​ការខ្វះ ព័ត៌មាន​ទាក់ទង​គ្នា​រវាង​ទាហាន​អាហ្វហ្កានីស្ថាន ហើយ និង​ទីបញ្ជាការ​អាមេរិកាំង គឺ​គ្មាន​ទាហាន​ណាម្នាក់​បាន​ដឹង​ទេថា កន្លែង​ដែល​គេ​វាយប្រហារ នៅ​ទីក្រុង​Kunduz នោះ​ជា​មន្ទីរពេទ្យ​នោះទេ។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ទាហាន​អាមេរិកាំង​ត្រូវ​ជំនុំជម្រះ នៅ​តុលាការ​យោធា​អាមេរិក មេបញ្ជារការ​អាមេរិកាំង លោក​Joseph Votel បានអះអាងថា ពាក្យ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប្រើ​បាន​សម្រាប់តែ​សកម្មភាពទាំងឡាយណា​ដែល​ធ្វើឡើង​ដោយ​មាន​ចេតនា ពោលគឺ មាន​បំណង ទុកជាមុន យកប្រជាជន​ស៊ីវិល និង​កន្លែង​ដែល​គេ​ត្រូវ​ការពារ ទៅ​ធ្វើ​ជា​ផ្ទាំង​ស៊ីប​នៃ​ការវាយប្រហារ។
 
នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​នៅ​មួយ​ថ្ងៃ​មុន បញ្ចេញ​របាយការណ៍​ស៊ើបអង្កេត ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថា មន្រ្តី​យោធា ១៦នាក់ ដែល​ជាប់ពាក់ព័ន្ធ ត្រូវ​បាន​ដាក់ពិន័យ ផ្នែករដ្ឋបាល ដូចជា​ការផ្អាកព្យួរ​ពីមុខងារ​ជាដើម។
 
នៅក្នុង​រឿង​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ប្រធានាធិបតី​អាមេរិក​ផ្ទាល់​ក៏​ធ្លាប់​ប្រកាស​ជាសាធារណៈ ទទួលស្គាល់ និង​សុំ​ទោស​ចំពោះ កំហុស​របស់​ទាហាន​អាមេរិក ដែល​បាន​វាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​នៅ​អាហ្វហ្កានីស្ថាន។ អាមេរិក​នៅ​បាន​សន្យា​ផ្តល់​សំណង​ជម្ងឺចិត្ត​ដល់​ជនរងគ្រោះទៀត។ តាម​មេបញ្ជាការ Joseph Votel អាមេរិក​បាន​ផ្តល់​ប្រាក់សំណង ដល់​ជនរងគ្រោះ​១៧០នាក់ ដោយ​ម្នាក់ៗ​បាន​ទទួល​ពី ៣ពាន់ ទៅ៦ ពាន់​ដុល្លារ។ លើស​ពី​នោះ អាមេរិក​នៅ​បាន​សម្រេច​ផ្តល់ថវិកា​ជាង ៥លាន​ដុល្លារ ដើម្បី​សាងសង់​ឡើងវិញ មន្ទីរពេទ្យ​របស់​គ្រូពេទ្យ​គ្មានព្រំដែន​នៅ​ទីក្រុង​Kunduz។
 
អ្នករួចរស់ជីវិត​ទាមទារ​ឲ្យ​មាន​សវនាការ​សាធារណៈ ជំនុំជម្រះ​ទាហាន​អាមេរិកាំង
ប្រាក់ជម្ងឺចិត្ត ហើយ​និង​មន្ទីរពេទ្យ​ថ្មី មិនមែន​ជា​បំណង​ប្រាថ្នា​របស់​អ្នកដែល​រងគ្រោះ​ដោយ​ការវាយប្រហារ​របស់​ទាហាន​អាមេរិកាំងទេ។ ជីវិត​ដែល​ស្លាប់​ទៅហើយ នឹង​មិនអាច​រស់ឡើងវិញបានទេ។ អ្វី​ដែល​អ្នករួចរស់​ជីវិត និង​គ្រួសារ​ជនរងគ្រោះ​បានទាមទារ ចង់បាន​បំផុត គឺ​យុត្តិធម៌ គឺការជំនុំជម្រះ​ទោស ទាហាន​អាមេរិកាំង​ទាំងនោះ នៅមុខ​តុលាការ។
 
សម្រាប់ អង្គការ​គ្រូពេទ្យ​គ្មានព្រំដែនវិញ ដែល​មាន​សមាជិក​របស់ខ្លួន ជាច្រើន​នាក់ ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​អាមេរិកាំង គេ​នៅតែ​មិនទទួល​យកបាន​លទ្ធផល​ស៊ើបអង្កេត​របស់​ក្រសួងការពារ​ជាតិ​អាមេរិក។ អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន បាន​ទាមទារ​តាំង​ពីដំបូង​ទី ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ពី​សំណាក់​គណៈកម្មការ​អន្តរជាតិ។ នោះ​ក៏ព្រោះថា អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន មិនជឿថា អាមេរិក​ស៊ើបអង្កេត​លើ​ទាហាន​របស់​ខ្លួន ដោយ​សុភវិនិច្ឆ័យ​នោះទេ។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ធ្លាប់​បាន​លើកឡើងនូវ​ការជឿជាក់របស់ពួកគេ​ដែល​ថា ការវាយប្រហារ​ទៅលើ​អគារ​មន្ទីរពេទ្យ​នៅ​ទីក្រុង​Kunduz ធ្វើឡើង​ដោយ​មានចេតនា។ មានហេតុផល​ ពីរ​ដែល​គ្រូពេទ្យ​គ្មាន​ព្រំដែន​លើក​យក​មក​សំអាង។ ទី១ នៅមុន​ការប្រយុទ្ធគ្នា​រវាង​ពួកតាលីបង់ និង​ទាហាន​អាហ្វហ្កានីស្ថាន នៅ​Kunduz អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​ធ្លាប់​បាន​ផ្តល់​រួចហើយ ព័ត៌មាន ស្តីពី​ទីតាំង​ច្បាស់លាស់​របស់​មន្ទីរពេទ្យ នៅ​Kunduz ទៅ​ទាំង​ភាគី​ទ័ពអាមេរិក ហើយ​និង​អាហ្វហ្កានីស្ថាន ដូច្នេះ អាមេរិក​មិនអាច​និយាយ​ថា មាន​កំហុស​បច្ចេកទេស បាញ់​ច្រលំនោះទេ។ ទី២ ទៀត ទ័ពអាមេរិក​អាច​មាន​ចេតនា​បាញ់​សម្លាប់ និង​បំផ្លាញ​មន្ទីរពេទ្យ​តែម្តង ព្រោះថា នៅក្នុង​មន្ទីរពេទ្យ ក្រៅតែ​ពី​ជនស៊ីវិល គ្រូពេទ្យ​បាន​ទទួល​ព្យាបាល​ផងដែរ ទាហាន​ឧទ្ទាម​តាលីបង់។
 
សម្រាប់​គ្រូពេទ្យ​គ្មានព្រំដែន ក្រុមឧទ្ទាម​តាលីបង់ ឬ​ទាហាន​រដ្ឋាភិបាល ដែល​រងរបួស សុទ្ធ​តែ​ជា​អ្នកជម្ងឺ ដែល​គ្រូពេទ្យ​ទទួល​ព្យាបាល ដោយ​គ្មាន​ការរើសអើង ប្រកាន់​បក្សពួក។ ដូច្នេះ ក្រៅតែ​ពីចង់​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែនទាមទារ​ផងដែរ ឲ្យ​គ្រប់ភាគី​ជម្លោះ មិនថា ទាហាន​អាមេរិក អាហ្វហ្កានីស្ថាន ឬ​តាលីបង់​ទេ ត្រូវ​តែ​ហ៊ាន​ធានា​ថា មន្ទីរពេទ្យ ឬ​កន្លែង​ផ្តល់​មនុស្សធម៌ ជាកន្លែង​មាន​សុវត្ថិភាព​បំផុត និង​កន្លែង​ដែល​ត្រូវ​តែ​ទទួល​បាន​ការការពារ​ពិសេស។ បើគ្មាន​ការធានា​សុវត្ថិភាព ពីភាគី​ជម្លោះទេ នោះអង្គការ​MSF នឹងគ្មាន​គម្រោង​បញ្ជូន​ក្រុមគ្រូពេទ្យ​របស់ខ្លួន ឲ្យ​ត្រលប់​ទៅ​បម្រើការ​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​Kunduz នោះទេ៕