អានតួអត្ថបទ

សកលវិទ្យាល័យមួយ​នៅ​ប៉ាគីស្ថាន​រង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​តាលីបង់

ជន​ប្រដាប់​អាវុធ​​មួយ​ក្រុម​ បាន​ចូល​វាយប្រហារ​សកលវិទ្យាល័យ​មួយ នៅ​ភាគពា​យ័ព្យប្រទេស។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២១​នាក់ នេះ​បើ​តាម​តុល្យការ​បណ្តោះ​អាសន្ន​​ដំបូង។ ពេល​នេះ កង​កម្លាំង​មាន​សមត្ថកិច្ច​ប៉ាគីស្ថាន បាន​បើក​ប្រតិបត្តិការ​រំដោះ និង​កម្ចាត់​ពួក​ភេរវជន ដែល​គ្មាន​នរណា​ក្រៅ​ពី​​ក្រុម​តាលីបង់។

ប្រតិបត្តិការ​របស់​កង​កម្លាំង​ដៃ​ឆើត​ប៉ាគីស្ថាន នៅ​​សកលវិទ្យាល័យ​Bacha Khan ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ
ប្រតិបត្តិការ​របស់​កង​កម្លាំង​ដៃ​ឆើត​ប៉ាគីស្ថាន នៅ​​សកលវិទ្យាល័យ​Bacha Khan ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ REUTERS/ARY News
ផ្សាយពាណិជ្ជកម្ម

 

ជនប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចូល​វាយប្រហារ​​សកលវិទ្យាល័យ Bacha Khan នៃ​ក្រុង Charsadda,​ ភាគ​ខាង​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន។ សកលវិទ្យាល័យ​នេះ មាន​​ទទួល​សិស្ស​និស្សិត​ស្នាក់​នៅ​សិក្សា​ដល់​ទៅ​បីពាន់​នាក់។ ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​គួរ​ឱ្យ​រន្ធត់ ការ​បាញ់​រះ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។

ពួក​ចលនា​តាលីបង់ បាន​ចេញ​មុខ​ទទួល​ស្គាល់​ស្នាដៃ​បង្ក​ភេរវកម្ម​នេះ​ភ្លាម។ មេ​បញ្ជាការ​ ឈ្មោះ​ អ៊ុម៉ារ ម៉ង់សោរ ​ Umar Mansoor បាន​អះអាង​តាម​ទូរស័ព្ទ​​ទៅ​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ​ថា “ភេរវជន​អត្តជាត​​របស់​យើង​បួន​នាក់ បាន​ដឹកនាំ​ការ​វាយប្រហារ​​សកលវិទ្យាល័យBacha Khan ​ នៅ​ថ្ងៃ​នេះ »។ ភេរវជន​ដែល​ប្រដាប់​ពេញ​ទៅ​ដោយ​អាវុធ​​ធុនធ្ងន់ បាន​តោង​ឡើង​តាម​របង​ចូល​ទៅ​​ក្នុង​សកលវិទ្យា បន្ទាប់​ពី​បាន​បាញ់​ឱ្យ​របួស​អ្នក​យាម​ទ្វារ។ ក្រោយ​មក​បន្តិច សំឡេង​ស្នូរ​ផ្ទុះ​ជា​ច្រើន​គ្រាប់​បាន​លាន់​ឡើង។ ភ្លាម​មួយ​រំពេច ប៉ាគីស្ថាន​បាន​ពង្រាយ​កម្លាំង​ទ័ព​ដៃ​ឆើត ព័ទ្ធ​និង​ធ្វើ​ប្រតិបត្តិការ​ ដែល​នៅ​ពេល​នេះ​ម៉ោង​នេះ បាន​បិទ​បញ្ចប់​ហើយ។ ប៉ុន្តែប៉ូលិស​ និង​ភ្នាក់ងារ​កំពុង​បន្ត​ធ្វើ​​ការរុក​រកនៅ​ឡើយ។ ​​

បើតាម​តុល្យការ​បណ្ណោះ​អាសន្ន​ដំបូង គេ​ឃើញ​មាន​ចំនួន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ២១​នាក់ ជា​និស្សិត ជាបុគ្គលិក​សកលវិទ្យាល័យ​ និង​ជា​ភ្នាក់ងារ​សន្តិសុខ។

ការវាយប្រហារ​​នេះ​ កើត​ឡើង​តែ​១៣​ខែ​ក្រោយ​ការ​វាយប្រហារពីសំណាក់​ពួកតាលីបង់​ដូចគ្នា ដ៏​គួរ​ឱ្យ​តក់​ស្លុត ​និង​បាក់ស្បាត សម្លាប់​រង្គាល​​ ក្មេង​សិស្ស​សាលា​នៅ​ក្រុង​ Peshawar ចម្ងាយ​ប្រមាណ​តែ​​ជាង​៣០​គីឡូម៉ែត្រ​ពី​​សកល​វិទ្យាល័យBacha Khan ​នេះ​​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ