អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជនជាតិអ៊ុយហ្គូរ៖ ​រវាង​ក្តី​ស្រម៉ៃ​ចង់​ទៅ​នៅ​តួកគី ​និង​ អន្ទាក់​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជនជាតិ​អ៊ុយហ្គួរ​ នៅ​ខេត្ត​ស៊ីនជាំង​ ភាគ​ខាង​លិច​ប្រទេស​ចិន ​ជា​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​ ហើយ​ដែល​មាន​ដើម​កំណើត​ប្រពៃណី ​ និង​ទំនៀម​ទំលាប់​ ដូចគ្នា​នឹង​ជនជាតិ​តួកគី។ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រជាជន​អ៊ុយហ្គួរ ​បាន​នាំគ្នា​ធ្វើ​ចំណាក​ស្រុក ​ ដោយ​ម្នាក់ៗ​ ប្រាថ្នា​ទៅ​រស់​នៅលើ​ទឹក​ដី​តួកគី​ ​ជាទី​ដែល​ពួក​គេ​យល់​ថា ​ គេ​អាច​រស់នៅ ​និង​អនុវត្ត​ការ​គោរព​ ទៅ​តាម​ជំនឿ​សាសនា​អ៊ីស្លាម​របស់​ពួក​គេ​បាន ​ខុស​ពី​នៅ​ខេត្ត​ស៊ីនជាំង ​ដែល​អាជ្ញាធរ​ចិន ​បាន​ធ្វើ​ការ​រឹតត្បិត​សព្វ​បែប​យ៉ាង។ ក៏​ប៉ុន្តែ ​មាន​ជនជាតិ​អ៊ុយហ្គួរ​មិន​តិច​ទេ ​ ដែល​បាន​ធ្លាក់​ចូល​អន្ទាក់ ​ជឿ​លង់​ទៅ​តាម​ការ​អូសទាញ​របស់​ក្រុម​ជីហាដ​ អង្គការ​រដ្ឋ​អ៊ីស្លាម​ ពេល​ដែល​ពួក​គេ​បាន​ទៅ​ដល់​តួកគី។

ប្រជាជន​អ៊ុយហ្គួរ​កំពុង​សូត្រធម៌ ក្នុងវិហារ​អ៊ីស្លាម ក្នង​ខេត្ត​ស៊ីន​ជាំង ប្រទេសចិន
ប្រជាជន​អ៊ុយហ្គួរ​កំពុង​សូត្រធម៌ ក្នុងវិហារ​អ៊ីស្លាម ក្នង​ខេត្ត​ស៊ីន​ជាំង ប្រទេសចិន AFP Photo/Frederic J. Brown.
ផ្សាយពាណិជ្ជកម្ម

តួកគី​ ដែន​ដី​សុបិន្ត​ដើម្បី​សាង​អនាគត​ថ្មី ​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ៖

ដោយ​យោង​តាម​តួលេខ​របស់​វេទិកា​ពិភពលោក​ ដើម្បី​ជនជាតិ​អ៊ុយហ្គួរ ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ​ មាន​ជនជាតិ​អ៊ុយហ្គួរ ​ខេត្ត​ស៊ិនជាំង​របស់​ចិន ​ពី​៨ពាន់ ​ទៅ​១ម៉ឺន​នាក់ ​ដែល​បាន​នាំ​គ្នា​រត់​ចេញ​ពី​ចិន​​ ដើម្បី​ផ្សង​វាសនា​ ទៅ​រស់នៅ​លើ​ទឹកដី​តួកគី។ តួកគី​ជា​ដែនដី​សុបិន្ត ​ដែល​ប្រជាជន​នេះ ​ប៉ង​ប្រាថ្នា​ទៅ​​រស់នៅ ​ដោយសារ​តែ​ពួកគេ​ជឿ​ថា​ ​នៅ​ទីនោះ ​ពួក​គេ​ប្រាកដ​ជា​អាច​ស្វែងរក​សេចក្តី​សុខ​សុភមង្គល ​ ដោយ​គោរព​ទៅ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម​ដ៏​ខ្ជាប់ខ្ជួន​ និង​តឹងរឹង។

ប្រជាជន​អ៊ុយហ្គូរ​ជាច្រើន ​បាន​ថ្លែង​ថា ​ ពួកគេ​រត់​មក​នៅ​តួកគី​ ដោយសារ​តែ​ពួកគេ​ចង់​មក​កសាង​អនាគតថ្មី​។ នៅ​ខេត្ត​ស៊ីនជាំង​ ប្រទេស​ចិន​ ពួក​គេ​សុខចិត្ត​បោះបង់​ចោល​ផ្ទះ​សម្បែង ​ឃ្លាត​ចាក​ប្រពន្ធ​កូន​មួយ​រយៈ​ ដើម្បី​មក​កសាង​ជីវភាព​នៅ​តួកគី ​ទម្រាំ​ដល់​មាន​ឱកាស​អាច​នាំ​យក​គ្រួសារ​មក​ជា​បន្ត​បន្ទាប់។ នៅ​តួកគី​ ទាំង​ប្រពៃណី ​ទាំង​ភាសា ​គឺ​ដូចគ្នា​ស្ទើរតែ​ទាំង​ស្រុង​ ទៅ​នឹង​ជនជាតិ​អ៊ុយហ្គួរ។ ពួក​ជនជាតិ​អ៊ុយហ្គួរ​ ដែល​ជ្រើសរើស​យក​ចំណាក​ស្រុក ​បាន​អះអាង​ថា ​ពួក​គេ​មិន​អាច​រស់​នៅ​ក្នុង​នឹម​ដែក​ របស់​អាជ្ញាធរ​ចិន​ប៉េកាំង​បាន​ទៀត​ទេ។ ​ប្រពៃណី​ទំនៀម​ទំលាប់​តាម​បែប​សាសនា​អ៊ីស្លាម ​របស់​ពួក​គេ ​ ត្រូវ​បាន​ហាម​ឃាត់​ទាំងអស់។ ឧទាហរណ៍ ​ចិន​បាន​ចេញ​ច្បាប់​ ហាម​មិន​ឲ្យ​ស្រីៗ​ ពាក់​ឃ្លុំ​ក្រណាត់​ខ្មៅ ​ហើយ​ហាម​មិន​ឲ្យ​មាន​សាលា​បង្រៀន​គម្ពីរ​កូរ៉ង់​អ៊ីស្លាម ​នៅ​ខេត្ត​ស៊ិនជាំង​ទេ។

 
ប៉ុន្តែ​សម្រាប់​អ្នក​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​តួកគី ​បាន​សម្រេច ​ គឺ​វាសនា​វា​មិន​ដូចគ្នា​ទាំង​អស់​នោះ​ទេ ​ ហើយ​ក្តី​ស្រម៉ៃ ​ដែល​ធ្លាប់​សង្ឃឹម​ទុក​ ក៏​វា​មិន​ប្រាដក​ថា ​មាន​ពិត​ជាក់​ស្តែង​ ទាំង​អស់​នោះ​ដែរ។ ប្រជាជន​អ៊ុយហ្គួរ​ ដែល​បាន​រត់​មក​ដល់​តួកគី ​គឺ​ភាគ​ច្រើន​រស់​នៅ​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ សម្រាប់​អ្នក​ដែល​មាន​បងប្អូន​ ញាតិ​មិត្ត ​រស់​នៅ​ក្នុង​តួកគី​ស្រាប់ ​គឺ​អាច​មាន​ភាព​ងាយ​ស្រួល​ច្រើន ​ក្នុង​ការ​តាំង​ទី​លំនៅ ​ និង​រក​ការងារ​ធ្វើ។ ចំណែក​ភាគ​ច្រើន​លើស​លប់ ​គឺ​មក​ដល់​ដោយ​គ្មាន​ស្គាល់​អ្នក​ណា​សោះ។ ថ្វី​ត្បិត​តែ​តួកគី​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លេចធ្លោ​ នៅ​ក្នុង​តំបន់ ​ ​ក៏​ប៉ុន្តែ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ នៅ​មាន​ច្រើន ​មិន​តិច​ជាង​ ១០%​ទេ។ ហេដ្ឋារចនាសម្ពន័្ធ​សង្គម​ទៀត​សោត ​ ក៏​នៅ​មិន​ទាន់​មាន​ប្រសិទ្ធិភា ​ ​ដើម្បី​ទទួល​យក​ជន​អន្តោប្រវេសន៍ ​ឲ្យ​បាន​ដិត​ដល់​ដែរ។ ដូច្នេះ ​ជនជាតិ​អ៊ុយហ្គួរ ​ ដែល​មក​ដល់​បាត​ដៃ​ទទេរ ​គ្មាន​បង្អែក​ គ្មាន​ការងារ​ ត្រូវ​រសាត់​អណ្តែត​ ហើយ​ងាយ​ធ្លាក់​ចុះ​ ចាញ់​បោក​ការ​អូសទាញ​ របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ណាស់។

ខក​បំណង​នឹង​តួកគី ​ជនជាតិ​អ៊ុយហ្គួរ​ធ្លាក់​ចូល​អន្ទាក់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម៖
អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ ​ណានយ៉ាង​សឹង្ហបុរី​ម្នាក់​ បាន​សន្និដ្ឋាន​ថា ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​ឆ្លៀត​ឱកាស ​ដែល​ជនជាតិ​អ៊ុយហ្គួរ ​ជួប​ការ​លំបាក ​គ្មាន​ទីពឹង​នៅ​តួកគី ​ ដើម្បី​ប្រើ​ការ​ឃោសនា​អូសទាញ​ពួក​គេ ​ ឲ្យ​ចូល​ទៅ​បំរើ​ពួកវា​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់។ ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បានប្រើប្រាស់​រូបភាព​វីដេ​អូឃោសនា ​ ដែល​បង្ហាញ​ពី​ជីវភាព​រស់នៅ​សុខសាន្ត​ តាម​បែប​ទ្រឹស្តី​សាសនា​អ៊ីស្លាម​តឹង​តែង។

អាជ្ញាធរ​ចិន​ និង​អ្នក​ស្រាវជា្រវ​មួយ​ចំនួន​ ធ្លាប់​ទាំង​សន្និដ្ឋាន​ទៀត​ថា ​ ការ​ញុះញុង​អូស​ទាញ​ជនជាតិ​អ៊ុយហ្គួរ​ ឲ្យ​ចូល​ទៅ​បំរើ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នេះ ​ គឺ​មិនមែន​មាន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​តួកគី​ប៉ុណ្ណោះ​ទេ ​គឺ​ពួក​ជីហាដ​ ថែម​ទាំង​បាន​ប្រើប្រាស់​បណ្តាញ​គ្នា​វា ​ មក​អូស​ទាញ​មនុស្ស ​ដល់​ក្នុង​សហគម​ជនជាតិ​អ៊ុយហ្គួរ​ នៅ​ស៊ីនជាំង​ផ្ទាល់​តែ​ម្តង។ បើ​យោង​តាម​តួលេខ​របស់​អ្នក​ស្រាវជ្រាវ​នៅ​តួកគី ​សព្វថ្ងៃ​នេះ ​ មាន​ជនជាតិ​អ៊ុយហ្គួរ​ប្រហែល​ជា​៤ពាន់​នាក់​ ដែល​កំពុង​តែ​កាន់​អាវុធ​ នៅ​ខាង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ក្នុង​ទឹកដី​ស៊ីរី។ កន្លង​មក​ មាន​ជន​ជាតិ​អ៊ុយហ្គួរ​ស្លាប់ ​យ៉ាង​ហោច​ណាស់ ​៥០០​នាក់​ រួច​ទៅ​ហើយ ​នៅលើ​សមរភូមិ​ស៊ីរី។

អាស៊ី​អាគ្នេយ៍ ​ផ្លូវ​ឆ្លងកាត់​ថ្មី​របស់​ជនជាតិអ៊ុយហ្គួរ៖
ភូមិសាស្ត្រ​របស់​តំបន់​ស៊ិនជាំង​ ដែល​ស្ថិត​នៅ​ខាង​លើ​ខ្ពង់រាប​ទីបេ ​គឺ​ស្ថិត​នៅ​ជាប់​ប្រទេស​អាស៊ី​កណ្តាល ​ធំៗ​ មាន​ដូច​ជា​អាហ្វហ្គានីស្ថាន ​ប៉ាគីស្ថាន ​និង​តួកមេនីស្ថាន​ជាដើម។ កន្លង​មក​ប្រជាជន​អ៊ុយហ្គួរ ​ បាន​ជ្រើស​យក​ផ្លូវ​នេះ ​ដើម្បី​ឆ្លងកាត់​ធ្វើ​ដំណើរ​ទៅ​កាន់​តួកគី។ ប៉ុន្តែ​ក្រោយ ​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​អាល់កាអ៊ីដា ​នៅ​ក្រុង​ញូយក ​ក្នុង​ឆ្នាំ​២០០១​ សង្រ្គាម​ប្រឆាំង​ភេរវកម្ម​បាន​ផ្ទុះ​ឡើង ​ហើយ​ចិន​ បាន​រឹត​បន្តឹង​ព្រំដែន​ជា​មួយ​តំបន់​នេះ ​ដើម្បី​ទប់​ស្កាត់​ មិន​ឲ្យ​មាន​ក្រុម​តាលីបង់​ លុក​លុយ​ចូល​មក​ខាង​ទឹកដី​ចិន។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​បាន​ជ្រើសរើស​យក​​​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ផ្លូវ​ឆ្លង​កាត់ ​ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តួកគី។ ពួកគេ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ​តាម​ខេត្ត ​យូណាន ​ហ្គ័ងស៊ី ​និង​​ហ្គ័ងទុង ​ ហើយ​បន្ត​ដំណើរ​ថ្មើរជើង​មក​ដល់​ វៀតណាម ​ថៃ ​និង​កម្ពុជា​ជាដើម។ កាល​ពី​ឆ្នាំ​២០១៤ ​ថៃ​បាន​រក​ឃើញ​ជនជាតិ​អ៊ុយហ្គួរ​៤០០​នាក់ ​នៅ​ក្នុង​ជំរុំ​មួយ​នៅ​ភាគ​ខាងត្បូង​ ក្បែរ​ម៉ាឡេស៊ី។ ឆ្លង​កាត់​និតិវិធិ​ ដ៏​ប្រទាញ​ប្រទង់​ ទី​បំផុត​ទៅ ​ជនជាតិ​អ៊ុយហ្គួរ ​១៧០​នាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​តួកគី ​ហើយ​សល់​ពី​នេះ ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ដឹក​យក​ទៅ​ដាក់​ឃុំ​ នៅ​ខេត្ត​ស៊ិនជាំង​វិញ។

ដោយឡែក ​ម៉ាឡេស៊ី ​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​បាន​ជួយ​សម្រួល​ជាច្រើន ​ដល់​ដំណើរ​ការ​សុំ​សិទ្ធិ​ជ្រកកោន​ របស់​ជនជាតិ​អ៊ុយហ្គួរ។ តាម​ការ​ស្មាន ​ ម៉ាឡេស៊ី ​បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ ជាមួយ ​តួកគី ​ថា​ត្រូវ​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទាំង​អស់ ​ដែល​បាន​មក​ដល់​ម៉ាឡេស៊ី ​ឲ្យ​ទៅ​រស់នៅ​តួកគី។ នៅ​រវាង​ពី​ ឆ្នាំ​២០១២​ទៅ​ ២០១៤​ ម៉ាឡេស៊ី​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ​ទៅ​តួកគី​យ៉ាង​ហោច​ណាស់ ​៣​ពាន់​នាក់។

ទីក្រុង Urumqi​ ដែលសំបូររស់នៅដោយជនជាតិ អ៊ុយហ្គួរ​ បាន​ស្គាល់​នូវ​ភាព​​វឹក​វរ​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០០៩​​ ដោយសារ​​មាន​ការ​បះបោរ​ប្រឆាំង​គ្នា​ រវាង​សហគមន៍ Ouïgours​ និង​ សហគមន៍​ ចិន Han។
ទីក្រុង Urumqi​ ដែលសំបូររស់នៅដោយជនជាតិ អ៊ុយហ្គួរ​ បាន​ស្គាល់​នូវ​ភាព​​វឹក​វរ​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០០៩​​ ដោយសារ​​មាន​ការ​បះបោរ​ប្រឆាំង​គ្នា​ រវាង​សហគមន៍ Ouïgours​ និង​ សហគមន៍​ ចិន Han។ © Reuters

ចិន​ប្រើ​ធម៌ក្តៅ ​ដូច​កាន់​តែ​ជម្រុញ​ជនជាតិ​អ៊ុយហ្គួរ​ឲ្យ​កាន់តែ​ធ្វើ​ចំណាក​ស្រុក៖
តាម​ពិត​ទៅ ​ជន​ជាតិ​អ៊ុយហ្គួរ​ពី​មុន ​មិន​មែន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​តឹងរឹង ​ជ្រុល​និយម​ដូច​បច្ចុប្បន្ន​នេះ​ទេ។ តំបន់​ស៊ិនជាំង ​ជា​តំបន់​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ ឆ្លងកាត់ ​នៃ​អ្នក​រកស៊ី​ជួញដូរ​រវាង​ទ្វីប​អាហ្វ្រិក ​ទ្វីប​អឺរ៉ុប ​និង​ទ្វីប​អាស៊ី។ តាំងពី​បូរាណ​មក​ ជនជាតិ​អ៊ុយហ្គួរ​នេះ ​មាន​ភាព​ឆ្លាតវៃ ​និង​ត្រូវ​គេ​សរសើរ​ថា​ជា​មនុស្ស​ពូកែ​រកស៊ី ​និង​ទំនាក់​ទំនង​គេ​ឯង។ ដូច្នេះ ​ជនជាតិ​អ៊ុយហ្គួរ​មិនមែន​ជា​ពួក​អ្នក​ងប់ងុល​នឹង​សាសនា​អ៊ីស្លាម ​រឺ​គ្មាន​មនសិកា​បើក​ទូលាយ​នោះ​ទេ។

ចលនា​ប្រែប្រួល​នៃ​ការ​ផ្លាល់ប្តូរ​ មក​ប្រកាន់​ទ្រឹស្តី​តឹងរឹង​តាម​បែប​សាសនា​អ៊ីស្លាម ​និកាយ​ស៊ុនីត​ គឺ​ដោយសារ​តែ​ឥទ្ធិពល ​របស់​ប្រទេស​ក្បែរ​ខាង ​គឺ​មាន​ប៉ាគីស្ថាន​ និង​អាហ្វហ្កានីស្ថាន។ ហើយ​ប្រទេស​ទាំង​នេះ​ទៀត​សោត ​ក៏​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ពី​ប្រទេស​អារ៉ាប់​ធំៗ​ និង​ផ្តាច់ការ ​គឺ​អារ៉ាប៊ីសាអ៊ូឌីត ​ និង​ អារ៉ាប់រួម​ ជាដើម។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ចិន​បាន​ប្រើ​ធម៌ក្តៅ ​ហាម​ឃាត់​ការ​អនុវត្ត​តឹងតែង​តាម​បែប​សាសនា​អ៊ីស្លាម​ ដូច​ជា​ការ​ហាម​មិនឲ្យ​សិស្ស​សាលា ​ចេញ​ទៅ​សូត្រធម៌​នៅ​វិហារ​អ៊ីស្លាម ​ហាម​មិនឲ្យ​មាន​ការ​បង្រៀន​គម្ពីរ​កូរ៉ង់​ជាដើម។ ការ​ប្រើ​ធម៌ក្តៅ​ដោយ​កម្រោល ​ពី​សំណាក់​អាជ្ញាធរ​ចិន ​ដោយ​ខ្វះ​គោល​នយោបាយ​អោប​ក្រសោប​ រួមរស់​ជាមួយ​គ្នា​ក្នុង​សង្គម​តែ​មួយ ​ ​វា​មិន​ត្រឹម​តែ​មិន​បាន​ផល​ទេ ​តែ​វា​វិតតែ​រុញ​ច្រាន​ប្រជាជន​អ៊ុយហ្គួរ​ ឲ្យ​កាន់​តែ​ស្អប់​រដ្ឋាភិបាល​ចិន ​ ហើយ​នាំគ្នា ​អនុវត្ត​ទ្រឹស្តី​អ៊ីស្លាម​ជ្រុល​និយម​កាន់​តែ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ