អានតួអត្ថបទ
ម៉ាឡេស៊ី-សហរដ្ឋអាមេរិក

អូបាម៉ា ​គួរ​សរសើរ ​រឺ​រិះគន់ ​ពេល​ជួប​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី?

បន្ទាប់​ពី​បាន​ចូល​រួម​ប្រជុំ ​ក្នុង​ជំនួប​កំពូល​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ​ ហៅ​កាត់​ថា ​APEC​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន ​លោក​អូបាម៉ា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ដំណើរ​ មក​កាន់​ក្រុង​កូឡាឡំពួរ​​ ដើម្បី ​ជួប​ជា​មួយ​នឹង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក​ណាជិប រ៉ាហ្សាក់។ ម៉ាឡេស៊ី ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​អាមេរិក​ ​ក៏​ប៉ុន្តែ​ពេល​នេះ ​លោក​អូបាម៉ា ​ប្រាកដ​ជា​ត្រូវ​ថ្លឹងថ្លែង ​ ថា​តើ​គួរ​និយាយ​យ៉ាង​ណា​ ឲ្យ​សមរម្យ ​ ព្រោះ​មួយ​រយៈក្រោយ​នេះ ​ លោក​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ​ត្រូវ​ជាប់​រឿង​អាស្រូវ​ពុក​រលួយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ជាច្រើន​ករណី។

លោកប្រធានាធិបតី​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ថ្ងៃទី ២០​វិច្ឆិកា ២០១៥
លោកប្រធានាធិបតី​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ថ្ងៃទី ២០​វិច្ឆិកា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សហរដ្ឋ​អាមេរិក ​ម៉ាឡេស៊ី​ ជា​ដៃ​គូ​ដ៏​សំខាន់​បំផុត។ សំខាន់​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ ​នៅ​ក្នុង​តំបន់​អាស៊ី​អាសគ្នេយ៍​ ព្រោះ​ថា ​ម៉ាឡេស៊ី ​ជា​សរសរ​មួយ​សម្រាប់ ​ឲ្យ​សហរដ្ឋ​អាមេរិក​ ឈរ​ជើង ​ ប្រជែង​ជាមួយ​នឹង​មហា​យក្ស​ចិន​ នៅ​ក្នុង​តំបន់​នេះ។

 
កាល​ពី​ខែ​ធ្នូ ​ឆ្នាំ ​២០១៤ ​មេ​ដឹកនាំ​ទាំង​ពីរ ​ បាន​ជួប​គ្នា​រួច​មក​ហើយ ​ នៅ​កោះ​ហាវ៉ៃ ​ ដោយបាន​លេង​វាយ​កូនហ្គោល​ជាមួយ​គ្នា ​ ក្នុង​បរិយាកាស​កម្សាន្ត​សប្បាយ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ ​ជំនួប​រវាង ​លោក​អូបាម៉ា ​និង​លោក ណាជិប រ៉ាហ្សាក់ ​អាច​និង​មិន​សូវ​ជា​ញញឹម​ញញែម ​ដូច​មុន​ទៀត​ទេ ​ដោយសារ​តែ​លោក​អូបាម៉ា ​ត្រូវ​ថ្លឹងថ្លែង ​ ដោយ​ទើសទាល់ ​ថា​ត្រូវ​និយាយ​បែប​ណា ​ទាក់ទិន​នឹង​ស្ថានការណ៍ ​ ដែល​បាន​កើតឡើង​កន្លង​មក​នៅ​ម៉ាឡេស៊ី។ ហេតុការណ៍ ​កន្លង​មក ​គឺ​លោក ​ ណាជិប រ៉ាហ្សាក់​ មាន​ជាប់​រឿង​អាស្រូវ​ពុក​រលួយ ​ព្រម​ទាំង​បាន​ប្រើប្រាស់​​អំណាច​ផ្តាច់ការ​របស់​ខ្លួន ​ បំបិត​មាត់​អ្នក​សារព័ត៌មាន ​និង​ការ​រិះគន់​ទូទៅ ​ ពី​សំណាក់​មតិ​សាធារណៈ។

កាល​ពី​ថ្ងៃ​ម្សិលមិញ ​ក្រុម​មក​ពី​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី ​បាន​អំពាវនាវ​ឲ្យ​លោក​ អូបាម៉ា ​ និយាយ​ត្រង់ទៅ​ត្រង់​មក​ ពី​បញ្ហា​ធំៗ ​ នៅ​ម៉ាឡេស៊ី ​ក្រោម​នឹម​អំណាច​ផ្តាច់ការ​ របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។ ក្រុម​ប្រឆាំង ​បាន​ទាមទារ​ឲ្យ​លោក​អូបាម៉ា ​ត្រូវតែ​លើក​ឡើង​ពី​កំណែ​ទម្រង់​ចាំបាច់​មួយ​ចំនួន ​ ហើយ​នឹង​ដាក់​កំហិត​ ទៅ​លើ​លោក​ ណាជិប រ៉ាហ្សាក់ ​ ក្នុង​ការ​គោរព​គោលការណ៍​គ្រិះ​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​ដូច​ដែរ​អាមេរិក​ ខ្លួនឯង​ តែង​តែ​អួត​ថា​ខ្លួន​ ជា​បិតា​ប្រជាធិបតេយ្យ។ ដៃគូ​ពាណិជ្ជកម្ម ​ សហប្រតិបត្តិការ​សេដ្ឋកិច្ច ​ទាំង​អស់​នេះ ​ត្រូវតែ​ដើរ​ទន្ទឹម​នឹង​ការ​គោរព​​សិទ្ធិ​មនុស្ស ​ សិទ្ធិ​សេរីភាព​ទូទៅ។ ដូច្នេះ​វា​ជា​តួនាទី​របស់​សហរដ្ឋ​អាមេរិក ​ ក្នុង​ការ​ក្រើន​រំលឹក ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ​ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង​ ថា​បាន​ប្រើ​កម្លាំង ​ និង​បណ្តាញ​របស់​ខ្លួន ​ ធ្វើបាប​ក្រុម​សកម្មជន​ប្រឆាំង ​បន្ទាប់​ពី​បាន​សង្កេត​ឃើញ​ក្រុម​គណបក្ស​ប្រឆាំង ​បាន​សម្លេង​គាំទ្រ​ កាន់​តែ​ខ្លាំង ​កាល​ពី​ការ​បោះឆ្នោត ​ក្នុង​ឆ្នាំ​២០១៣។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​រឿង​អាស្រូវ​ពុក​រលួយ ​របស់​លោក​​ និង​ក្រុម​គ្រួសារ​លោក ​ រិតតែ​ធ្វើ​ឲ្យ​មតិ​សាធារណៈ​ម៉ាឡេស៊ី ​កាន់​តែ​មិន​ពេញ​ចិត្ត​លោក​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ