អានតួអត្ថបទ
នេប៉ាល់

នេប៉ាល់៖​ រដ្ឋធម្មនុញ្ញ​ថ្មី ​នាយករដ្ឋមន្ត្រី​ថ្មី ​ ដើម្បី​កសាង​ប្រទេស

ជិត​១០​ឆ្នាំ ​បន្ទាប់​ពី​សង្រ្គាម​ស៊ីវីល ​ផ្តួល​រំលំ​របប​រាជា​និយម​ បាន​ផ្ទុះ​ឡើង ​ប្រទេស​នេប៉ាល់​ទើប​បាន​ប្រកាស ​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​កាល​ពី​ថ្ងៃ​ទី​២០​ កញ្ញា ​កន្លង​ទៅ ​ ហើយ​នៅ​ថ្ងៃ​អាទិត្យ​ ​ទី​ ១១​តុលា ​ម្សិលមិញ​នេះ ​រដ្ឋសភា​ថ្មី​របស់​សាធារណរដ្ឋ​ដ៏​ក្មេង​ខ្ចី​នេះ ​បាន​បោះឆ្នោត​ ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី ​ដើម្បី​បន្ត​តំណែង ​ដឹកនាំ​ កសាង​ប្រទេស ​ដែល​បាន​ជួប​វិនាសកម្ម​ យ៉ាង​អនោចអធម្ម​ ក្នុង​គ្រោះ​រញ្ជួយដី​ ដ៏​ធ្ងន់​ធ្ងរ​ កាលពី​ចុង​ខែ​មេសា។

លោក ហ្សាម៉ា អូលី នាយក​រដ្ឋមន្ត្រីថ្មី​របស់​នេប៉ាល់ ពេល​ចេញពី​សភា​ថ្ងៃ​ទី ១១ តុលា បន្ទាប់​ពី​ទើប​តែត្រូួវ​បានតែង​តាំង
លោក ហ្សាម៉ា អូលី នាយក​រដ្ឋមន្ត្រីថ្មី​របស់​នេប៉ាល់ ពេល​ចេញពី​សភា​ថ្ងៃ​ទី ១១ តុលា បន្ទាប់​ពី​ទើប​តែត្រូួវ​បានតែង​តាំង REUTERS/Navesh Chitrakar
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ស៊ីវីល​ ភាព​មិន​ប្រាកដ​ប្រជា​នយោបាយ ​ បាន​ធ្វើ​បាប​ប្រជាជន​នេប៉ាល់ ​ទាំង​២៨​លាន​នាក់ ​ឲ្យ​រស់នៅ​ក្នុង​ក្តី​លំបាក​ជា​ពន់​ពេក។ នេប៉ាល់​ ជា​ប្រទេស​ដ៏​តូច​មួយ ​ សំងំ​លាក់​ខ្លួន ​លើ​ជួរ​ភ្នំ​ហិមាល័យ ​ត្រូវ​ចិន ​និង​ឥណ្ឌា​ គៀប​ជាប់ ​រកតែ​រើ​ខ្លួន​ដក​ដង្ហើម​មិន​ចង់​រួច។ ចុង​ខែ​មេសា ​ឆ្នាំ​នេះ ​ គ្រោះ​រញ្ជួយដី​ ដ៏​សែន​ធ្ងន់ ​បាន​សម្លាប់​ជីវិត​ប្រជាជន​នេប៉ាល់ ​អស់​ ៩ពាន់​នាក់។

 
ដោយសារ​តែ​គណបក្ស​នយោបាយ ​មិន​អាច​ស្រុះស្រួល​គ្នា ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​បាន​ រដ្ឋសភា​ថ្មី​នេប៉ាល់ ​បាន​សម្រេច​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ដោយ​បាន​សម្រេច​ តែងតាំង​ លោក​ ខាដហ្កា ​ប្រាសាដ ហ្សាម៉ា អូលី​ ជា​នាយករដ្ឋមន្ត្រី​ថ្មី។ លោក​បាន​ទទួល​សម្លេង​ឆ្នោត ​៣៣៨ ​ទល់​នឹង​សម្លេង​ប្រឆាំង​ចំនួន​ ២៤៩​សម្លេង។ លោក ហ្សាម៉ា អូលី ​គឺ​ជា​មនុស្ស​មក​ពី​គណបក្ស​កុម្មុយនីស្ត ​ម៉ាក្សលេនីន ​ ហើយ​ធ្លាប់​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​កាល​ពី​អាណត្តិ​មុន។

សូមរំលឹក​ថា ​ជិត​១០​ឆ្នាំ ​នៃ​ភាព​មិន​ប្រាកដ​ប្រជា​នយោបាយ ​ ទី​បំផុត​ទៅ​​ ថ្ងៃ​ទី​២០​កញ្ញា ​ថ្មីៗ​នេះ ​នេប៉ាល់​ បាន​ប្រកាស​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ថ្មី​របស់​ខ្លួន​ ដែល​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី​ យ៉ាដាវ ​នេះ​គឺ​ជា​រដ្ឋធម្មនុញ្ញ ​ដែល​មាន​ខ្លឹមសារ​សា្តរ​សន្តិភាព និង​កសាង​ប្រទេស។ ក៏​ប៉ុន្តែ​បើ​យើង​សម្លឹង​មើល​នៅ​តាម​ផ្លូវ​វិញ ​យើង​នឹង​ឃើញ​មនុស្ស​ម្នា ​ជួប​ជុំ​គ្នា​តវ៉ា ​ បដិសេធ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​ ដែល​ពួក​គេ​ចោទ​ថា ​ជា​រដ្ឋធម្មនុញ្ញ ​មាន​លក្ខណៈ​រើស​អើង ​ ​មិន​ផ្តល់​សិទ្ធិ​ ទៅ​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​ផ្សេងៗ​ នៅ​នេប៉ាល់។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៤៥​នាក់​ ដែល​បាន​ស្លាប់ ​ដោយសារ​ការ​ប្រឈមមុខ​ដាក់​គ្នា ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ​ថ្មី។

ក្រុម​សកម្មជន​តំណាង ​ឲ្យ​សហគមន៍​ជនជាតិ ​ម៉ាដេស ​ដែល​មាន​ប្រមាណជា​២០%​នៃ​ប្រជាជន​នេប៉ាល់​សរុប ​ បាន​បរិហារ​ពី​ការ​រើ់សអើង ​មក​លើ​ជនជាតិ​គេ ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ថ្មី។ ការ​តវ៉ា​របស់​ពួក​គេ ​បាន​ទទួល​ការ​គាំទ្រ​ពី​ឥណ្ឌា​ផង​ដែរ។ ឥណ្ឌា ​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច ​ស្ទើ​តែ​ទាំង​ស្រុង​របស់​នេប៉ាល់ ​ កាល​ពី​សប្តាហ៍​មុន​នេះ ​បាន​បិទ​ព្រំដែន ​និង​ចរាចរណ៍​ជា​មួយ​នេប៉ាល់ ​ ធ្វើ​ឲ្យ​នេប៉ាល់ ​ជួប​ការ​លំបាក​ជា​ខ្លាំង ​ជា​ពិសេស ​គឺ​ប្រេង​ឥន្ធនៈ​ទាំង​អស់ ​ត្រូវ​នាំ​ចូល​ពី​ឥណ្ឌា។

រដ្ឋសភា​នេប៉ាល់​ បាន​សន្យា​ថា ​គេ​នឹង​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ​ដើម្បី​ធានាឲ្យ​មាន​ការ​ការពារ​ផល​ប្រយោជន៍ ​ឲ្យ​ដល់​ប្រជាជន​ម៉ាដេស​នេប៉ាល់។ ការ​ធ្វើ​វិសោធនកម្ម ​ វា​ជា​ការ​ចាំបាច់​បំផុត​ ព្រោះ​ថា​ខ្លឹមសារ​បច្ចុប្បន្ន​នៃ​រដ្ឋធម្មនុញ្ញ​នេប៉ាល់ ​គឺ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ណាស់ ​ពុំ​នោះ​ទេ ​ប្រទេស​នេះ ​នឹង​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល​ សារ​ជា​ថ្មី​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ