អានតួអត្ថបទ

អតីត​ប្រធានាធិបតី​ស្រីលង្កាសង្ឃឹម​ឈ្នះ​ឆ្នោតសភា​​ក្លាយ​ជានាយក​រដ្ឋមន្ត្រី

នៅ​ថ្ងៃ​ចន្ទ​ទី ១៧ សីហា នេះ ពលរដ្ឋ​ស្រីលង្កា​ជាង​១៥​លាន​នាក់ ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​សភាម្តង​ ដើម្បីជ្រើសរើស​សមាជិក​សភា​ថ្មី​ចំនួន​២២៥​អាសនៈ។ ជា​ការ​បោះឆ្នោត​ដែល​សម្គាល់​ខ្លាំង​ដោយ​វត្តមាន​អតីត​ប្រធានាធិបតី​​ស្រីលង្កា លើ​ឆាក​នយោបាយ។ ៨​ខែ​ក្រោយ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​​ប្រធានាធិបតី លោក ម៉ាហ៊ិនដា រ៉ាចាប៉ាកសេ Mahinda Rajapakse កំពុង​សាក​ល្បងរក​គ្រប់​មធ្យោបាយ​ ដើម្បី​វិល​មក​កាន់​អំណាច​ ជា​នាយក​រដ្ឋមន្ត្រី។

លោក Mahinda Rajapakse អតីត​ប្រធានាធិបតី​ស្រីលង្កា​សង្ឃឹម​ឈ្នះ​ឆ្នោត​សភា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី
លោក Mahinda Rajapakse អតីត​ប្រធានាធិបតី​ស្រីលង្កា​សង្ឃឹម​ឈ្នះ​ឆ្នោត​សភា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី AFP PHOTO / LAKRUWAN WANNIARACHCHI
ផ្សាយពាណិជ្ជកម្ម

 

លោក Mahinda Rajapakse ​​ប្រធានាធិបតី​​ស្រីលង្កា ពី​ឆ្នាំ ២០០៥-២០១៥ (ជា​អាយុ​កាល​ដ៏​យូរ​អង្វែង​ជាង​គេ​ នៅ​តំបន់​អាស៊ី​ខាង​ត្បូង) មុន​នឹង​ត្រូវ​​ចាញ់​ឆ្នោត​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល ធ្លាក់​ពី​តំណែង​កាលពី​ខែ​មករា​ឆ្នាំ​២០១៥​កន្លង​ទៅនេះ។ ក្នុង​​ពេល​​មាន​តួនាទី​ជា​មេដឹកនាំ​ប្រទេស​ លោក Mahinda Rajapakse​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់ ជា​បុរស​ខ្លាំង មាន​ស្នាដៃ​ជាពិសេស​ ​បានបិទ​បញ្ចប់​​សង្គ្រាម​បះបោរ​​ចង់​ផ្តាច់​ទឹកដី ​រយៈ​ពេល​៣៧​ឆ្នាំ របស់​ពួក​ឧទ្ទាម​ខ្លា​តាមូល នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​ ភាព​ត្រដែត​ត្រដឹម​នេះ​ធ្លាក់​ចុះ​បន្តិចម្តងៗ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ដោយ​រក​ការ​រិះគន់​កាន់​តែ​ខ្លាំងឡើងៗ ថា​ជា​បុគ្គល​ផ្តាច់ការ គ្រួសារ​និយម ...

ក្តី​សង្ឃឹម​ថា​នឹង​បាន​វិល​មក​កាន់​អំណាច​វិញ ជា​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ។ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត លោក Mahinda Rajapakse​ បាន​ប្រើ​យុទ្ធសាស្ត្រ​ដដែល គឺ​បញ្ចេះ​ភ្លើង​ជាតិ​និយម ឱ្យ​ឆេះ​សន្ធោសន្ធៅ​ឡើង​ក្នុង​​បេះដូង​​ពលរដ្ឋ​នៃ​សហគមន៍​ស្រីលង្កា​ ដែល​ជាជនជាតិ​ភាគ​ច្រើន (៧០%)​របស់​ប្រទេស និង​បាន​លើក​ឡើង​អំពី​បញ្ហា​អស្ថិរភាព​ក្នុង​រង្វង់​រដ្ឋាភិបាល​ផុត​អាណត្តិ​ ព្រម​ទាំង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ចលនា​បះបោរ​ចង់​ផ្តាច់​ទឹក​ដី។ នេះ​តាម​អ្នក​ឆ្លើយ​ឆ្ល​ងព័ត៌មាន​របស់​វិទ្យុ​បារាំង​ប្រចាំ​ក្រុង​កូឡុំបូ។

​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ មាន​ប្រៀប​ជាង

ការ​ស្ទង់​មតិ​នៅ​ស្រីលង្កា ពិបាក​យក​ជា​ការណ៍​បាន​ណាស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះក្តី ក៏​លោក រ៉ាចាប៉ាសេ ហាក់​ដូច​ជា​ពិបាក​នឹង​ឈ្នះ​បន្តិច​ហើយ បើ​គេសង្កេត​លើ​ស្ថានភាព​ជាក់​ស្តែង។​
គូ​ប្រជែង​របស់​លោក Mahinda Rajapakse អតីត​បុរស​ខ្លាំង​ស្រីលង្កា​នេះ គឺ​គ្មាន​នរណា​ក្រៅ​អំពី​ប្រធានាធិបតី​កំពុង​កាន់​អំណាច និង​នាយករដ្ឋ​មន្ត្រី​ផុត​អាណត្តិ ដែល​ធ្លាប់ជា​សមាជិកបក្ស​តែមួយ​ជាមួយ​គ្នា​នោះ​ទេ។ រដ្ឋាភិបាល​ចម្រុះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ខាង​សហគមន៍​ជនជាតិ​ភាគ​តិច​ តាមូល​ និង​ អ៊ីស្លាមដែល​បាន​ចូល​រួម​បោះឆ្នោត​យ៉ាង​ដ៏កុះករ រហូត​បាន​ជោគជ័យ​។ ឯ​លោក​Mahinda Rajapakseបាន​ទទួល​សំឡេង​នាំ​មុខ​ខ្លាំង​ក្នុង​រង្វង់​សហគមន៍​ពុទ្ធសាសនា និង​ស្រីលង្កា ដែល​ជា​ជនជាតិ​ភាគ​ច្រើនពិត​មែន ប៉ុន្តែ​ប្រពៃណី​​នេះ​ កំពុង​ផ្តើម​បាត់​បង់​ នៅ​តាមតំបន់​​មូលដ្ឋាន ព្រោះ​សហគមន៍ស្រីលង្កា ពុទ្ធសាសនិក នៅ​​ជនបទ​​ មិន​សប្បាយ​ចិត្ត​សោះនឹង​របប​ដឹកនាំរបស់​លោកMahinda Rajapakseទេ​ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ៖ កំណើន​សេដ្ឋកិច្ច​មាន​ច្រើន​ តែ​ពលរដ្ឋ​គ្មាន​បាន​ទទួល​ផល​អ្វី​សោះ។

ជាង​នេះ​ទៅ​ទៀត លោក Mahinda Rajapakseត្រូវ​ជាប់​ប្រលូក​ប្រលាក់​នឹង​រឿង​អាស្រូវ​​ ជាប់​សង្ស័យ​​ក្នុង​អង្កេត​មនុស្សឃាត​ដោយ​ចេតនា​ កាលពី​ឆ្នាំ​២០១២ សម្លាប់​កីឡាករ​បាល់អោបរ៉ូប៊ី ពី​សំណាក់​​ភ្នាក់ងារ​សន្តិសុខ​ប្រធានាធិបតី។ បងប្អូន​ប្រុស​ពីរ​នាក់​របស់​លោក Mahinda Rajapakseដែល​ធ្លាប់​មាន​តួនាទី​ខ្ពង់ខ្ពស់ កាល​លោក​Mahinda Rajapakse​ជា​ប្រធានាធិបតី កំពុង​រង​ការ​ចោទ​ប្រកាន់​ពុក​រលួយ​ ក្នុង​វិនិយោគ​ដ៏​សំខាន់​មួយ​ចិន។ ចិន​ដែល​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​រដ្ឋាភិបាល​លោក Mahinda Rajapakseខុស​ពី​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ដែល​និយម​លោក​ខាង​លិច។ ក្នុង​នាម​ជា​ប្រទេស​មាន​ទីតាំង​យុទ្ធសាស្ត្រ​ “ចំដំណើរ​ផ្លូវ​​របស់​ចិន​សម្រាប់​ភ្ជាប់​មក​តំបន់​ដើម​បូព៌ា​និង​អឺរ៉ុប” ទំនាក់ទំនង​ជាមួយ​ចិន ពិត​ជា​មិន​ត្រូវ​បាន​មើល​រំលង​ក្នុង​ថ្ងៃ​​​បោះឆ្នោត​ថ្ងៃ​នេះទេ។

​កណ្តាប់​ដៃ​ប្រធានាធិបតី​ស្រីលង្កា​

​វត្តមាន​របស់​លោក Mahinda Rajapakse ក្នុង​ឆាក​នយោបាយ​ ​ពិត​ណាស់​ថា​​នឹង​ធ្វើ​ឱ្យ​នយោបាយ ស្រីលង្កា ដែល​ស្មុគស្មាញ​ស្រាប់ កាន់​តែ​ស្មុគ​ស្មាញ​បន្ថែម​ទៀត។ ​​លោក​ប្រធានាធិបតី​ស៊ីរីនេហ្សា និង​លោកMahinda Rajapakse ធ្លាប់​ជ្រក​ក្រោម​បក្ស​តែ​មួយ (​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​របស់​លោកMahinda Rajapakse​) មុន​នឹង​ក្លាយ​ខ្លួន​​ជា​គូ​ប្រជែង​នឹង​គ្នា។ ដូច្នេះ​លោក ស៊ីរីនេហ្សា ពិត​ជា​មិនចង់​ឃើញ​លោក​ Mahinda Rajapakse ត្រលប់​មក​វិញ​ទេ ! លោកស៊ីរីនេហ្សា​ ​​បាន​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​រក្សា​បដិវត្តឆ្នោត​ថ្ងៃទី ៨​មករា ថ្ងៃដែលលោក​បបាន​​បោះឆ្នោត​ប្រធានាធិបតី​ស្រីលង្កា និង​បាន​ស្នើ​សុំ​ឱ្យ​​​នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​ បង្កើត​រដ្ឋាភិបាល​ថ្មី ជាមួយ​បក្ស​តាមូល និងបក្ស​​អ៊ីស្លាម។

​ប្រសិន​បើ​លោក Mahinda Rajapakse ពិត​ជា​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​មែន នោះ​លោក​ប្រធានាធិបតី ស៊ីរីនេហ្សា គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​តែ​ងតាំង​លោក Mahinda Rajapakseជា​នាយក​រដ្ឋមន្ត្រី​ឡើយ។ តែ​​សំណួរ​នេះ​ទំនង​ជា​មិន​អាច​កើត​មាន​ទេ បើ​គេ​ជឿ​ទៅ​លើ​អ្នក​វិភាគ​និង​អ្នក​ឯកទេស ដែល​សំឡឹង​ឃើញ​ថា​លោក Mahinda Rajapakse នឹង​មាន​ងារ​ត្រឹម​ជា​ប្រមុខ​បក្ស​ប្រឆាំង​ ច្រើន​ជាង។ គ្មាន​បក្ស​ណា​មួយ​នឹង​អាច​ទទួល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ ! គេត្រូវធ្វើ​ការ​​ជាមួយ​គណបក្ស​តូចៗ​ផ្សេង​ទៀត។ ក្នុង​ន័យ​នេះ លោក​Mahinda Rajapakseពិត​ជា​ពិបាក​រក​សម្ព័ន្ធមិត្ត សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ណាស់។

​លោក​Mahinda Rajapakseក៏​ទំនង​ជា​ដឹង​ខ្លួន​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​ត្រូវ​ការ​បំផុត គឺ​អភ័យ​​ឯកសិទ្ធិ​សភា​តែ​ប៉ុណ្ណោះ ដើម្បី​បាន​រួច​ខ្លួន​ពី​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​ដែល​ភរិយា បងប្អូន និង​កូន​កំពុង​ជាប់​វ័ន្ត​​ក​ ដូច​សម្ល​កំពិស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ