អានតួអត្ថបទ
វៀតណាម-ដាណឺម៉ាក

ប្រធានាធិបតី​វៀតណាម​សន្យា​ធ្វើ​កំណែទម្រង់

នៅក្នុង​ប្រទេស​ដាណឺម៉ាក ជាទី​ដែល​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​បីថ្ងៃ លោក​ប្រធានាធិបតី​វៀតណាម ត្រឹង តាន់សាង​បាន​សន្យា​នឹង​បន្ត​ធ្វើ​កំណែទម្រង់​នយោបាយ​នៅក្នុង​ប្រទេស​វៀតណាម។ ការសន្យា​របស់​ប្រធានាធិបតី​វៀតណាម ធ្វើឡើង បន្ទាប់​ពី​មាន​មតិ​រិះគន់ និង​ការចោទប្រកាន់​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ពីរឿង​បង្រ្កាប​ទៅលើ​ក្រុមប្រឆាំង។

លោកប្រធានាធិបតី​វៀតណាម លោក​ត្រឹង តាន់សាង
លោកប្រធានាធិបតី​វៀតណាម លោក​ត្រឹង តាន់សាង ©REUTERS/Luong Thai Linh/Pool
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​សន្និសីទ​កាសែត ក្នុង​ទីក្រុង​កូប៉ិនណាក់ លោកប្រធានាធិបតី​វៀតណាម​បាន​ប្រកាស​ថា របប​កុម្មុយនិស្ត​នឹង​ធ្វើ​កំណែទម្រង់​ដើម្បី​​កែលម្អ​ស្ថានភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង នៅ​វៀតណាម។ តាម​លោកប្រធានាធិបតី ត្រឹង តាន់សាង ក្រៅ​តែ​ពីការអភិវឌ្ឍន៍​សេដ្ឋកិច្ច រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន​កំពុង​រៀបចំ​ធ្វើ​កំណែទម្រង់​ជីវិត​នយោបាយ នៅក្នុង​ប្រទេស។

លោកប្រធានាធិបតី​វៀតណាម មិនមែន​ធ្វើការ​សន្យា ដោយ​គ្មាន​សំឡឹង​មើល​ឃើញ​ប្រយោជន៍​នោះទេ។ ឈរ​ក្បែរ​នាយករដ្ឋមន្រ្តី​ដាណឺម៉ាក ប្រមុខ​រដ្ឋ​វៀតណាម​កំពុង​បញ្ចុះបញ្ចូល​មតិ និង​អ្នកនយោបាយ​ដាណឺម៉ាក នៅពេល​ដែល​ដាណឺម៉ាក ជា​ប្រទេស​ផ្តល់​ជំនួយ​ធំមួយ​របស់​វៀតណាម។

ក្រៅតែ​ពី​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏ធំ ដាណឺម៉ាក​នៅ​សំឡឹង​ឃើញ​សេដ្ឋកិច្ច​រីកចម្រើន​របស់​វៀតណាម និង​ចង់ពង្រីក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​កុម្មុយនិស្ត​មួយនេះ។

ប៉ុន្តែ នយោបាយ​បង្រ្កាប របស់​រដ្ឋាភិបាល វៀតណាម និង​ការបិទ​សិទ្ធិសេរីភាព​ទៅលើ​​អ្នកបញ្ចេញ​មតិ រិះគន់​រដ្ឋាភិបាល ជាពិសេស អ្នកសរសេរ​blog ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បង្ក​ឲ្យ​មាន​ចរន្ត​អូសទាញ​រដ្ឋាភិបាល​ដាណឺម៉ាក​មិន​ឲ្យ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ជាមួយ​វៀតណាម។

នៅចំពោះមុខ​អ្នកកាសែត លោកប្រធានាធិបតី​វៀតណាម ទទួល​ស្គាល់​ថា មាន​ការខ្វះចន្លោះ ក្នុង​ប្រព័ន្ធ​នយោបាយ​នៅ​វៀតណាម ប៉ុន្តែ យ៉ាងណា​ក៏ដោយ លោកអះអាង​ថា មនុស្ស​គ្រប់រូប​ទទួល​ទោស​ស្មើគ្នា នៅ​ចំពោះមុខ​ច្បាប់ នោះ​ដោយ​រួម​មាន​ទាំង​មន្រ្តី​រដ្ឋាភិបាល​ផង ប្រសិន​បើ​គេ​រំលោភ​ច្បាប់​វៀតណាម។

តាមរបាយការណ៍​របស់​អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន ចេញផ្សាយ កាលពី​ខែ​កក្កដា វៀតណាម ជាគុក​ធំ​ទីពីរ​សម្រាប់​អ្នកកាសែត និង​អ្នកបញ្ចេញមតិ បន្ទាប់​ពី​ប្រទេស​ចិន។ តាមអង្គការ​ការពារ​សិទ្ធិមនុស្ស នៅ​វៀតណាម មេធាវី អ្នកសរសេរ​Blog និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជា​ផ្ទាំង​ស៊ីប​របស់​រដ្ឋាភិបាល ដោយ​ជា​ញឹកញយ ពួកគេ​មួយ​ចំនួន​ត្រូវ​ចាប់ខ្លួន ពីបទ​ធ្វើ​វិទ្ធង្សនា ឃោសនា​ប្រឆាំង​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ