អានតួអត្ថបទ
ចិន-អឺរ៉ុប

នាវា​ទំនិញ​ចិន​ធ្វើ​ដំណើរ​មក​អឺរ៉ុប​តាម​មហាសមុទ្ទ​អាកទិក

តើ​នេះ​ជា​លទ្ធផល​នៃ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី និង​ការ​រលាយ​ទឹកកក​នៅ​មហា​សមុទ្ទ​អង់តាទិកឬ ?! ជា​លើកទី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្ទ ដែល​នាវា​ដឹកទំនិញ​របស់​ចិន បាន​សម្រេច​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​មក​កាន់​ទ្វីប​អឺរ៉ុប ដោយ​ឆ្លងកាត់​តាម​មហា​សមុទ្ទ​ទឹកក​ក Arctique។ មាន​ចម្ងាយផ្លូវ​​ខ្លីជាង ដល់​ទៅ​ពីរ​ដង ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ​ ដោយ​គេ​អាច​ជ្រើស​រើសផ្លូវ​នេះ​បាន​តែ​ពីរ​ខែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ដុំ​កោះ​ទឹកកក​​តូច​ខាង​ឆ្វេង ជា​របស់​សហរដ្ឋ​អាមេរិក និង​ធំ​ខាង​ស្តាំ​ជា​របស់​រុស្ស៊ី នៅកណ្តាល​​ដៃ​សមុទ្ទ​Behring.
ដុំ​កោះ​ទឹកកក​​តូច​ខាង​ឆ្វេង ជា​របស់​សហរដ្ឋ​អាមេរិក និង​ធំ​ខាង​ស្តាំ​ជា​របស់​រុស្ស៊ី នៅកណ្តាល​​ដៃ​សមុទ្ទ​Behring. Photo: Dave Cohoe, source: Wikipédia
ផ្សាយពាណិជ្ជកម្ម

តែ​៣៣​ថ្ងៃ​ប៉ុណ្ណោះ នាវា​​​ដឹក​ទំនិញ​ចិន នឹង​មក​ដល់​ទ្វីប​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្មទី​មួយ​របស់​ខ្លួន​ ព្រោះ​លើក​នេះ​ចិនមាន​​ផ្លូវ​កាត់​ ៖ ​ចេញ​ពី​ភាគ​ឦសាន​តំបន់​អាស៊ី​ រួច​សសៀរ​​តាម​ឆ្នេរ​ស៊ីបេរី កាត់​​មហាសមុទ្ទទឹកកក​អាទិក។​ បើ​ប្រៀប​ទៅ​នឹង​ផ្លូវ​ចាស់ ផ្លូវ​សមុទ្ទ​ភាគ​ខាង​ត្បូង​ដែល​ត្រូវ​ឆ្លង​កាត់​ព្រែកជីក​Suez គេ​ចំណេញ​បាន​រាប់ពាន់​គីឡូម៉ែត្រ​​ (៦០០០គ.ម.)។

 
សម្រាប់​អ្នក​ជំនួញ​ចិន ចម្ងាយ​ផ្លូវ​ខ្លី​ជាង​មាន​ន័យ​ថា ពេល​វេលា​ប្រគល់​ទំនិញ​ឆាប់​ជាង អស់​ថាមពល​តិចជាង និង​ពិសេស​ប្រាកដ​ថា​អាច​គេច​ផុត​ពី​ក្រុម​ចោរ​សមុទ្ទ​នៅ​​ម្តុំ​ឈូង​សមុទ្ទ​ Aden ដែល​ទំនង​ជា​បុព្វហេតុ​មួយ​នៃ​ការ​ឡើង​ថ្លៃ​ប្រាក់​ធានារ៉ាប់រង។ ប៉ុន្តែ​ ដំណើរ​ផ្លូវ​តាម​មហា​សមុទ្ទ​ទឹក​កកអាទិក កាត់​តាម​ច្រក​ Behring ​នេះ​អាច​ប្រព្រឹត្ត​ទៅ​កើត​ តែ​ក្នុង​រដូវ​ក្តៅ ពោល​គឺ​ក្នុង​ខែសីហា និង​កញ្ញា​ តែ​ប៉ុណ្ណោះ មុន​នឹងទឹក​សមុទ្ទ​ចាប់​ផ្តើម​កក​ទៅ​វិញ។

ជោគ​ជ័យ​នៃ​ការ​ធ្វើ​ដឹក​ទំនិញ​តាម​ប៉ូល​ខាង​ជើង​ នេះ​អាច​សម្រេច​ទៅ​បាន​ ដោយស្នាដៃ​របស់ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​ជំនួយ​ពី​រុស្ស៊ី នាំ​គ្នា​បំបែក​ទឹកកក ​កាលពី​ឆ្នាំ​២០១២ និង​ជា​ឥទ្ធិពល​នៃ​ការ​កើន​កម្តៅ​នៃ​ភព​ផែនដី​ផង។​ ​ចិន ដែល​មាន​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម ប្រមាណ​៩០%​ តាម​ផ្លូវ​សមុទ្ទ​ សង្ឃឹម​លើ​ផ្លូវ​កាត់​តាម​សមុទ្ទ​ទឹកកក​ ដើម្បី​អភិវឌ្ឍន៍​​​កំពង់ផែ​នៅ​ភាគ​ឦសានប្រទេស។ ការ​ដឹក​ជញ្ជូន​តាម​ប៉ូល​ខាង​ជើង​ ដែល​មាន​ទំហំ​១,២​លាន​តោន​នៅ​ឆ្នាំ​២០១២ នឹង​ត្រូវ​កើន​ឡើង​ជាង​៥០​លាន​តោន​នៅ​ឆ្នាំ​២០២០។

ម្យ៉ាង​វិញ​ទៀត ចិន​ដែល​ត្រូវ​ការ​ថាមពល​ច្រើន​ជាង​បំផុត​នៅ​លើ​ពិភពលោក​ ក៏​សំឡឹង​​ឃើញ​ធនធានធម្មជាតិ​ឧស្ម័ន​ក្រោម​ដី​របស់​តំបន់​ប៉ូល​ខាងជើង​ ដែល​មិន​ទាន់​មាន​នរណា​អាច​ទាញ​យក​ប្រើ​បាន​មួយ​ដំណក់​នៅឡើយ។ បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ការទូត​អស់​ជា​ច្រើនឆ្នាំ ចិន​ទើប​​ទទួល​បាន​ឋានៈជា​អ្នក​សង្កេតការណ៍​​របស់​ក្រុមប្រឹក្សា​តំបន់​អាទិក ដែល​ជា​វេទិកា​សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ