rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ដូណាល់ ត្រាំ លុប​ចោល​ជំនួប​ជាមួយ​លោក​ គីម ជុងអ៊ុន

media
លោកដូណាល់ ត្រាំ និង​លោក គិម ជុងអ៊ុន REUTERS/Kevin Lamarque and Korea Summit Press Pool/File Photos

វាជារឿងគួរឲ្យសោកស្តាយបំផុត ដែលកិច្ចប្រជុំមួយទល់នឹងមួយ​ រវាងលោក ដូណាល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងពុំអាចប្រព្រឹត្តិទៅបាន តាមការកំណត់ឡើយ។ លោក ដូណាល់ ត្រាំ ទើបតែបានផ្ញើរលិខិតមួយទៅកាន់ លោកគីម ជុងអ៊ុន កាលពីរសៀលថ្ងៃពុធ ទី២៤ឧសភា នេះ​​ថា លោកសូមលុបចោលកិច្ចប្រជុំនេះ ព្រោះកាលៈទេសៈពេលនេះមិនសមស្រប។


នៅក្នុងលិខិតមួយ​របស់លោកដូណាល់ ត្រាំ ដែលត្រូវបានសេតវិមាន ប្រកាសផ្សាយជាសាធារណៈ កាលពីរសៀលថ្ងៃពុធ ទី២៤ឧសភា បានឲ្យដឹងថា នឹងគ្មានជំនួបរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនទេ។

លិខិត ដែលលោកត្រាំ សរសេរផ្ញើរទៅកាន់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះ មានខ្លឹមសារជាអាថទិ៍ថា៖ ខ្ញុំរំពឹង ចង់ជួបលោកយូរណាស់ មកហើយ តែខ្ញុំយល់ថា​ កាលៈទេសៈពេលនេះ គឺវាមិនសមស្រប ឲ្យយើងទាំងពីរ អាចជួបគ្នាបាន ដូចដែលបានគ្រោងទុក មកជាយូរហើយនោះ បានទេ។ មូលហេតុ គឺដោយសារតែសម្តីបង្ហាញពីកំហឹង និងការគំរាមរបស់ភាគីកូរ៉េខាងជើង ដែលបានធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកត្រាំបន្តថា៖ ដូច្នេះ កម្មវិធីជួបប្រជុំគ្នា នៅប្រទេសសិង្ហបរី ដែលគ្រោងធ្វើនៅថ្ងៃទី១២ មិថុនា នឹងត្រូវលប់ចោល ដើម្បីរក្សាប្រយោជន៍រវាងប្រទេសទាំង២ បើទោះបីវាជារឿងមិនល្អ សម្រាប់ពិភពលោកទាំងមូលក៏ដោយ។

បន្ទាប់មកទៀត​ លោកដូណាល់ ត្រាំ បានឆ្លៀតបន្ថែមការចំអក នៅក្នុងលិខិត ដោយបានសរសេរថា៖ លោកឯងតែងតែនិយាយថា អាវុធនុយក្លេអ៊ែររបស់លោក មានកម្លាំងខ្លាំងក្លាណាស់ តែខ្ញុំសូមរំលឹកទៅវិញថា ខ្ញុំក៏មានប្រព័ន្ធអាវុធដ៏ទំនើប និងខ្លាំងក្លាបំផុតដែរ ដែលខ្ញុំសូមបន់ព្រះ កុំឲ្យបង្ខំឲ្យខ្ញុំប្រើវាដាក់លោកឯងទៅចុះ!

សូមបញ្ជាក់ថា​ យោងតាមលិខិតខាងលើរបស់លោក ដូណាល់ ត្រាំ គឺកម្មវិធីជួបប្រជុំរវាងលោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវលប់ចោល។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយភ្លាមៗ ថា លោកដូណាល់ ត្រាំសម្រេចលុបចោល ដោយសារមិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឲ្យកិច្ចប្រជុំនេះ​ ធ្វើទៅមានលទ្ធផលល្អ។

គួររំលឹកផងដែរថា​ ប៉ុន្មានសប្តាហ៍មុន កូរ៉េខាងត្បូង និងអាមេរិក​ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា សារជាថ្មី បើទោះបីជាដឹងថា វាអាចនឹងធ្វើឲ្យកូរ៉េខាងជើង ឡើងកំដៅវិញក៏ដោយ។ ដូចការសង្ស័យ ថ្នាក់ដឹកនាំកូរ៉េខាងជើង បានបញ្ចេញសញ្ញា​ មិនពេញចិត្ត ហើយបានរិះគន់ និងគំរាមលុបចោលជំនួបជាមួយលោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានឆ្លើយចំអកទៅកាន់សម្តី របស់លោក Mike Pence ដែលថា បើគីមជុងអ៊ុន ហ៊ានលេងខ្សែលើដាក់ មនុស្សដូចលោកដូណាល់ ត្រាំ នោះកូរ៉េខាងជើង នឹងទទួលថ្នាំខ្លាំងពីអាមេរិក។

យ៉ាងណាក៏ដោយ ការសម្រេចលុបចោលជំនួបជាប្រវត្តិសាស្ត្រនេះ បានធ្វើឲ្យ កិច្ចការប្រឹងប្រែងសម្របសម្រួល របស់លោក មូន ជាអ៊ីន ត្រូវរលាយក្លាយជាផេះ។ អំណេះតទៅ គេពិតជាពិបាកនឹងលួងលោម លោកគីម ជុងអ៊ុន ឲ្យព្រមបន្ទន់ចិត្ត មកចរចាជាមួយអាមេរិក បានទៀតឡើយ៕