អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ប្រធាន​សភា​ឥណ្ឌូណេស៊ី​ជាប់​ឃុំ​ ​​និង​ជាប់​សង្ស័យ​ពី​​​បទ​​ពុក​រលួយ​កិបកេង​ប្រាក់​រដ្ឋ ​១៤០​លាន​អឺរ៉ូ

លោក Setya Navanto ប្រធានសភា និងជាអ្នកនយោបាយឥណ្ឌូណេស៊ី ដ៏មានអំណាចម្នាក់  កំពុងតែជាប់ ក្នុងការសង្ស័យ ថាបានកិបកេងប្រាក់រដ្ឋប្រមាណជា ១៤០លានអឺរ៉ូ ​ទាក់ទិនទៅនឹងប្រតិបត្តិការ ធ្វើអត្តសញ្ញាណបណ្ណថ្មី សម្រាប់ប្រជាជន។ បន្ទាប់ពីបាន​ព្យាយាម​ គេចវេស ជាច្រើនថ្ងៃ ទីបំផុត លោកប្រធានសភាឥណ្ឌូណេស៊ី បានសុខចិត្តប្រគល់ខ្លួន កាលពីថ្ងៃចន្ទ ទី ២០ វិច្ឆិកា ចូលទៅមន្ទីរឃុំឃាំង​បណ្តោះអាសន្ន ដើម្បីរងចាំការជំនំជំរះទោស។

លោក Setya Novanto អង្គុយ​ក្នុង​រទេះ​រុញ​​ពេល​​ចេញ​​ពី​មន្ទីរ​ពេទ្យ​ ​ដោយ​មានពាក់អាវ​​អ្នក​​ជាប់​ឃុំ​
លោក Setya Novanto អង្គុយ​ក្នុង​រទេះ​រុញ​​ពេល​​ចេញ​​ពី​មន្ទីរ​ពេទ្យ​ ​ដោយ​មានពាក់អាវ​​អ្នក​​ជាប់​ឃុំ​ Antara Foto/ Rosa Panggabean / via REUTERS
ផ្សាយពាណិជ្ជកម្ម

រូបភាព លោកប្រធានសភាឥណ្ឌូណេស៊ី ពាក់អាវពណ៌ទឹកក្រូច ដែលជាអាវសម្រាប់អ្នកជាប់ឃុំនោះ  ពិតជារូបភាពកម្រណាស់។ ថ្វីបើ នរណាក៏ដឹងដែរ ថាឥណ្ឌូណេស៊ី មានបញ្ហាអំពើពុករលួយ ស៊ីរូង នៅគ្រប់ស្ថាប័ន តាំងពីថ្នាក់តូច រហូតដល់ថ្នាក់កំពូលរបស់រដ្ឋ តែនេះ គឺជាលើកទីមួយហើយ ដែលអ្នកនយោបាយធំមានឥទ្ធិពលម្នាក់ ត្រូវជាប់ឃុំ។

លោក Setya Navanto ត្រូវបានក្រុមការងារនៃ ការិយាល័យប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ស៊ើបអង្កេត​ដឹងថា មានជាប់ពាក់ព័ន្ធ នឹងរឿងរ៉ាងស៊ីសំណូក កិបកេងប្រាក់របស់រដ្ឋ។ នេះគឺជារឿងអាស្រូវពុករលួយដ៏ធំ ព្រោះវាបានធ្វើឲ្យបាត់ប្រាក់រដ្ឋ ដល់ទៅ ១៤០លានអឺរ៉ូ។ ថវិកានេះ គឺជាថវិកាមួយផ្នែក ដែលរដ្ឋាភិបាលបានចំណាយ ដើម្បីយកទៅប្រើក្នុងការធ្វើ អត្តសញ្ញាណបណ្ណថ្មី សម្រាប់ប្រជាជនឥណ្ឌូណេស៊ី។

ក្រុមការងារស៊ើបអង្កេត បានកោះហៅលោក ប្រធានសភា ឲ្យទៅឆ្លើយបំភ្លឺជាច្រើនលើកច្រើនសា តែមួយសប្តាហ៍កន្លងទៅ លោកប្រធានសភា បានធ្វើគ្រប់យ៉ាង ដើម្បីគេចវេសពីការចាប់ឃាត់ខ្លួន។ លោក បានទៅសំងំនៅមន្ទីរពេទ្យជាច្រើនលើក ច្រើនសា ហើយបានឆ្លើយថាខ្លួនមានជំងឺ មិនអាចចាកចេញ ពីមន្ទីរពេទ្យបាន។ រហូតទាល់តែដល់ថ្ងៃចន្ទ ទី២០ វិច្ឆិកា លោកបានសម្រេចចិត្តប្រគល់ខ្លួន​ឲ្យសមត្ថកិច្ច បន្ទាប់ពីបានដឹងថា មិនអាចគេចវេសតទៅទៀតបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ