អានតួអត្ថបទ

ឥណ្ឌា លុបចោល​ការ​បាញ់បង្ហោះ​យាន​ទៅ​ឋាន​ព្រះចន្ទ នៅ​នាទី​ចុងក្រោយ

ការបាញ់បង្ហោះយានទៅកាន់ឋានព្រះចន្ទ ជាលើកទី២របស់ឥណ្ឌា ត្រូវបាន​លប់ចោលវិញ ប្រមាណ​មិនដល់មួយម៉ោងផង មុននឹងយាននោះ ត្រូ​វ​ហោះចេញពីផែនដី វេលាទាបភ្លឺ ថ្ងៃចន្ទទី​១៥កក្កដានេះ។​ តាមការឲ្យដឹង ពីទីភ្នាក់ងារអវកាសឥណ្ឌា ការលុបចោលការបាញ់បង្ហោះនេះ គឺ​ដោយសារតែមាន​បញ្ហា​បច្ចេកទេស នៅក្នុងប្រព័ន្ធបាញ់បង្ហោះ​។

ប្រជាជនឥណ្ឌាដែលនាំគ្នា​មកចាំមើល​ការផ្សាយ​បន្តផ្ទាល់​ ការបាញ់បង្ហោះ​​យានចន្ទ្រយាន​ទី២ នាំគ្នា​​ត្រលប់​ទៅផ្ទះវិញ ក្រោយ​​បាន​ទទួល​ដំណឹង​​ថា​លុបចោល។
ប្រជាជនឥណ្ឌាដែលនាំគ្នា​មកចាំមើល​ការផ្សាយ​បន្តផ្ទាល់​ ការបាញ់បង្ហោះ​​យានចន្ទ្រយាន​ទី២ នាំគ្នា​​ត្រលប់​ទៅផ្ទះវិញ ក្រោយ​​បាន​ទទួល​ដំណឹង​​ថា​លុបចោល។ REUTERS/P. Ravikumar
ផ្សាយពាណិជ្ជកម្ម

តាមការគ្រោងទុក ទីភ្នាក់ងារអវកាសឥណ្ឌា ត្រូវបាញ់បង្ហោះយាន ចន្ទ្រយានទី២ ចេញពីស្ថានីយយានអវកាស Sriharikota ទៅកាន់ឋានព្រះចន្ទ នៅវេលាម៉ោង ២ និង៥១នាទី ម៉ោងនៅក្នុងប្រទេសឥណ្ឌា។ ក៏ប៉ុន្តែ ការបាញ់បង្ហោះនេះ ត្រូវបានលុប​ចោលទៅវិញ នៅប្រមាណ​៥៦នាទី មុនម៉ោងកំណត់។ ទីភ្នាក់ងារអវកាសឥណ្ឌា បានបង្ហោះសារ លើទំព័រ Twitter ថា ក្រុម​ការងារ បានពើបប្រទះនឹងបញ្ហាបច្ចេកទេសមួយ នៅក្នុងប្រព័ន្ធបាញ់បង្ហោះ។ ក្រុមការងារនឹងជូនដំណឹង ថាការបាញ់បង្ហោះនេះ នឹងត្រូវលើកទៅធ្វើ​​​នៅ​ពេលណាម្តងទៀត។

សូមបញ្ជាក់ថា គម្រោង​បាញ់​បង្ហោះយាន ​ចន្ទ្រយានទី២ របស់​ឥណ្ឌានេះ គឺត្រូវទៅដល់ចុះនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ នៅរវាងថ្ងៃទី៦​ កញ្ញា។ យានដែលមានទំងន់សរុប ៣,៨តោននេះ ត្រូវនាំយកទៅ​ឋានព្រះចន្ទ នូវម៉ាស៊ីនយន្តរ៉ូបូមួយគ្រឿង ដែលមានតួនាទីស្រាវជ្រាវស្រង់ទិន្ន័យ។ ចំណែកកាលពី១១ឆ្នាំមុន ឥណ្ឌាបានបាញ់បង្ហោះយាន ចន្ទ្រយានទី១ ដើម្បីព្រលែង​យានរ៉ូបូមួយ នៅលើខ្សែគន្លង​តារាវិធី របស់​ព្រះចន្ទ។

គួរកត់សំគាល់ថា បេសកកម្មអវកាស ទៅកាន់ឋានព្រះចន្ទ កំពុងតែក្លាយ​ជា​កម្មវត្ថុ​ដ៏សំខាន់របស់ប្រទេសមហាអំណាច។ ព្រះចន្ទ ត្រូវ​បាន​ក្រុមប្រទេសមហាអំណាចអវកាស យកជាទីពិសោធ ដើម្បីសាកល្បងបង្ហោះយានដឹកមនុស្ស​ទៅលើលំហរអាកាស។ កម្មវត្ថុ​ចុងក្រោយទៅថ្ងៃអនាគត គឺបង្កើតឲ្យមាន​ការហោះហើរដឹកមនុស្ស​ទៅកាន់​ភពផ្សេងទៀត ដែលនៅឆ្ងាយៗ ដូចជាភពព្រះអង្គារជាដើម។

ឥណ្ឌាមានបំណងក្លាយខ្លួន​ជាមហាអំណាចអវកាសទី​៤ បន្ទាប់ពីអាមេរិក ចិន​ រុស្ស៊ី ដែលបាន​បញ្ជូន​យាននិងម៉ាស៊ីនរ៉ូបូ ទៅចុះចតលើផ្ទៃព្រះចន្ទ។ តែអ្វីដែល​គេ​ស្ងើចសរសើរឥណ្ឌា គឺភាព​ម៉ដ្ឋចត់ បោះជំហាន​ដោយសន្សឹមៗ ព្រមជាមួយ​នឹងទឹក​ប្រាក់​តិចបំផុត ដែលឥណ្ឌាបានចំណាយ នៅក្នុងបេសកកម្ម​របស់ខ្លួន បើប្រៀបធៀប​ទៅនឹងប្រទេសដ៏ទៃ។ ជាក់ស្តែង បេសកកម្ម​ ចន្ទ្រយានទី២នេះ ត្រូវចាយប្រាក់អស់ប្រមាណ​តែ​១៤០​លាន​ដុល្លារ​ប៉ុណ្ណោះ។

តាមការគ្រោងទុក ភ្នាក់ងារអវកាស​ឥណ្ឌា មានបំណង​បញ្ជូន​ក្រុមការងារអ្នកអវកាសខ្លួន ចំនួន​៣នាក់​​ទៅកាន់ឋានព្រះចន្ទ ជាលើកទីមួយនៅរវាងឆ្នាំ២០២២។ អ្នកវិទ្យាសាស្ត្រឥណ្ឌា ក៏កំពុងតែធ្វើការស្រាវជ្រាវ​ យ៉ាងមមាញឹក ដើម្បី​ស្ថាបនា ស្ថានីយ៍អវកាស​មួយផ្ទាល់ខ្លួនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ