អានតួអត្ថបទ

ឥណ្ឌាប្តឹង​តុលាការ​ក្រុងឡាអេ រឿង​ប៉ាគីស្ថាន​ចង់​ប្រហារ​ជីវិត​ជនជាតិ​ឥណ្ឌា​​ម្នាក់

តុលាការ​​យោធា​​ប៉ាគីស្ថាន បាន​សម្រេច​​ទោស​​ប្រហារជីវិត ទៅលើ​​អតីត​ទាហាន​ជើងទឹក​ជនជាតិ​ឥណ្ឌា​ម្នាក់ ដោយ​ចោទ​ពីបទ​ធ្វើ​ចារកិច្ច។ ឥណ្ឌា ដែល​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ បាន​ដាក់​ពាក្យប្តឹង ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ដើម្បី​ចាប់​បង្ខំឲ្យ​ប៉ាគីស្ថាន បោះបង់​ចោល​ការ​កាត់ទោស​ប្រហារ​ជីវិត និង​ដោះលែង​ជនជាតិ​ឥណ្ឌា​រូប​នោះ។ នៅថ្ងៃ​ចន្ទ​នេះ តុលាការ​ក្រុង​ឡាអេ នឹង​ចាប់ផ្តើម​ស្តាប់​អំណះ​អំណាង​ទាំង​សងខាង។

រថយន្តគណប្រតិភូឥណ្ឌា ចូលទៅដល់អាគារ​តុលាការយុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ​ ថ្ងៃទី​១៨ កុម្ភៈ​២០១៩
រថយន្តគណប្រតិភូឥណ្ឌា ចូលទៅដល់អាគារ​តុលាការយុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ​ ថ្ងៃទី​១៨ កុម្ភៈ​២០១៩ REUTERS/Eva Plevier
ផ្សាយពាណិជ្ជកម្ម

តុលាការយុត្តិធម៌ក្រុងឡាអេ និងចាប់ផ្តើមស្តាប់អំណះអំណាង របស់មេធាវីតំណាងឥណ្ឌា នៅថ្ងៃចន្ទនេះ។ ហើយនៅថ្ងៃអង្គារបន្ទាប់ គឺដល់វេនមេធាវីតំណាងប៉ាគីស្ថាន។ ពាក្យបណ្តឹងរបស់ឥណ្ឌា គឺផ្តោតទៅលើ​ការទាមទារ ឲ្យស្ថាបន័យុត្តិធម៌ប៉ាគីស្ថាន លប់ចោលទោសប្រហារជីវិត លើបុរសជនជាតិឥណ្ឌា ឈ្មោះ Kulbhushan Sudhir Jadhav។ បើពុំដូចនេះទេ គឺប៉ាគីស្ថាន នឹងជាប់ចោទ ពីបទបំពានលើច្បាប់អន្តរជាតិ និងសន្ធិសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុល។ នេះបើយោងតាមឯកសារផ្លូវការ ដែលរដ្ឋាភិបាលឥណ្ឌា​ បានដាក់ជូនទៅតុលាការក្រុងឡាអេ។

សូមរំលឹកថា លោកKulbhushan Sudhir Jadhav ជាជនជាតិឥណ្ឌា អតីតមន្ត្រីកងទ័ពជើងទឹក ដែលបានចូលនិវត្តន៍។ លោកត្រូវបានអាជ្ញាធរប៉ាគីស្ថាន ចាប់ខ្លួនបាននៅឆ្នាំមីនា ឆ្នាំ២០១៦ ហើយត្រូវបានតុលាការយោធាប៉ាគីស្ថាន សម្រេច​ទោសប្រហារជីវិត នៅខែឧសភា ឆ្នាំ២០១៧។ រដ្ឋាភិបាលប៉ាគីស្ថាន បានអះអាងថា ជនឈ្មោះJadhav នេះ បានទទួលសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព ចារកិច្ច បំរើឲ្យរដ្ឋាភិបាលឥណ្ឌាពិតមែន។

ផ្ទុយទៅវិញ ឥណ្ឌា បានបដិសេធជានិច្ចចំពោះការចោទប្រកាន់នេះ ហើយបានលើកឡើងថា បុរសឈ្មោះ Jadhav ត្រូវបានកម្លាំងចារកិច្ចប៉ាគីស្ថាន ចាប់ខ្លួននៅប្រទេសអ៊ីរ៉ង់ ជាទីដែលបុរសនោះ ទៅធ្វើជំនួញ បន្ទាប់ពីបានចូលនិវត្តន៍ពីជួរកងទ័ព។

គួររំលឹកដែរថា ភ្លាមៗក្រោយការសម្រេចទោសប្រហារជីវិត របស់តុលាការប៉ាគីស្ថាន តុលាការក្រុងឡាអេ បានបើកការប្រជុំបន្ទាន់ម្តងរួចហើយ នៅខែឧសភា ឆ្នាំ២០១៧ ដោយបានសម្រេចថា ប៉ាគីស្ថាន ត្រូវតែព្យួរការកាត់ទោសប្រហារជីវិតសិន ដើម្បីរងចាំសវនាកា វែកញែករកខុសត្រូវ នៅ​តុលាការក្រុងឡាអេ។ ប៉ាគីស្ថាន បានឆ្លើយតបមកវិញ យ៉ាងសោះកក្រោះ ថាការសម្រេចរបស់តុលាការក្រុងឡាអេ គ្មានអ្វីអាចមកផ្លាស់ប្តូរការសម្រេចទោស របស់តុលាការប៉ាគីស្ថានទេ។

គួរកត់សំគាល់ថា ការប្តឹងផ្តល់ ឡើងតុលារអន្តរជាតិ រវាងឥណ្ឌា និងប៉ាគីស្ថាននាពេលនេះ គឺស្ថិតនៅក្នុងបរិយាកាសមួយដ៏តឹងតែងរួចទៅហើយ រវាងឥណ្ឌា​និងប៉ាគីស្ថាន។ ជាបរិយាកាសសង្រ្គឺតធ្មេញដាក់គ្នា បន្ទាប់ពីមាន​ ហេតុការណ៍ភេរវកម្មនៅតំបន់កាស្មៀរ កាលពីថ្ងៃទី១៤កុម្ភៈ ដែលបានបណ្តាលឲ្យស្លាប់ទាហានឥណ្ឌាជាង៤០នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថាន ថាជាអ្នកនៅពីក្រោយអំពើភេរវកម្ម របស់ក្រុមអ៊ីស្លាមជ្រុលនិយមនេះ។ ជានិច្ចជាការ ឥណ្ឌា និងប៉ាគីស្ថាន ក៏តែងតែចោទគ្នាទៅវិញទៅមក ស្តីពីការបញ្ជូនមនុស្សមកធ្វើចារកិច្ចផងដែរ។ តែនេះជាលើកទៅមួយហើយ ដែលការចោទប្រកាន់របៀបនេះ ឈានទៅដល់ការសម្រេចទោសប្រហារជីវិតមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ