អានតួអត្ថបទ
អូស្រ្តាលី-អាស៊ាន

អូស្ត្រាលី ​ចង់បើក​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន ក្នុង​កិច្ចការ​ទប់ស្កាត់​ភេរវកម្ម

កិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តិធ្វើទៅ នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចុងសប្តាហ៍នេះ ត្រូវបានផ្តោតសំខាន់ ទៅលើបញ្ហាសន្តិសុខ និងការទប់ស្កាត់អំពើភេរវកម្ម។ នាយករដ្ឋមន្ត្រីអូស្តា្រលី បានយកវេទិកានេះ ថ្លែងថា អូស្ត្រាលី និងប្រទេសអាស៊ានទាំងអស់ ត្រូវតែចាប់ដៃគ្នា កសាងសហប្រតិបត្តិការ និងផ្តល់ទិន្ន័យឲ្យគ្នា ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឲ្យមានប្រសិទ្ធិភាព។

រូបថត​មហាគ្រួសារ​​អាស៊ាន ជាមួយ​​​នាយករដ្ឋមន្ត្រី​អូស្រ្តាលី។ ក្រុងស៊ីដនី ថ្ងៃទី​១៧ មីនា ២០១៨
រូបថត​មហាគ្រួសារ​​អាស៊ាន ជាមួយ​​​នាយករដ្ឋមន្ត្រី​អូស្រ្តាលី។ ក្រុងស៊ីដនី ថ្ងៃទី​១៧ មីនា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្ទរកថា ដែលមានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ផងនោះ លោក Malcom Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានថ្លែងថា ឥទ្ធិពលរបស់ក្រុមភេរវកម្មអង្គការរដ្ឋអ៊ីស្លាម កាន់តែរីកធំទៅៗ មកលើតំបន់អាស៊ីអាគ្នេយ៍​ ដែលគ្រប់គ្នា មិនអាចមើលស្រាល និងធ្វេសប្រហែសបានឡើយ។ លោកបន្តថា សម្រាប់អូស្ត្រាលី វាគឺជារឿងចាំបាច់បំផុត ដែលត្រូវសហការជាមួយប្រទេសអាស៊ានទាំងអស់ ដើម្បីទប់ស្កាត់សកម្មភាពរបស់ក្រុមភេរវកម្ម។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងអំពីបញ្ហាសន្តិសុខ នៅលើបណ្តាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែល​ក្រុមភេរវកម្មអាចប្រើប្រាស់ ដើម្បីគេចវេសចេញពីការតាមដានរបស់អាជ្ញាធរ មិនថាជាបណ្តាញ​ទំនាក់​ទំនងគ្នា ឬក៏ជាបណ្តាញប្រមូលនឹងចែងចាយ ផ្ទេរប្រាក់ នៅតាមប្រព័ន្ធអ៊ីនធើនែត។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បន្ថែមថា បញ្ហាទាំងនេះ កិច្ចសហប្រតិបត្តិការ ក៏ដូចជាសមត្ថភាពរបស់អាជ្ញាធរប្រទេសអាស៊ាន នៅមានកំរិតណាស់។

យ៉ាងណាមិញ ស្ថិតក្នុងបរិបទ កសាងសហប្រតិបត្តិការ​ ផ្លាស់ប្តូរទិន្ន័យគ្នានេះហើយ  ដែលអូស្ត្រាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសៅរ៍ទី ១៧មីនានេះ ជាមួយប្រទេសអាស៊ាន ចំនួន ៤ គឺម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងហ្វីលីពីន។ ប្រទេសទាំង៤នេះ សុទ្ធសឹងតែជាប្រទេស មានអ្នកកាន់សាសានអ៊ីស្លាមច្រើនបំផុត ហើយដែលទំនោរជ្រុលនិយម ហិង្សា កាន់តែរីកខ្លាំងឡើង។

ដោយឡែក លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងក្នុងឱកាសបើកការប្រជុំនេះ ដោយ​បានលើកឡើង ពីការព្រួយបារម្ភ ស្តីពីគ្រោះថ្នាក់ ដែលជនជាតិរ៉ូហ៊ីងយ៉ា អាចត្រូវក្រុមភេរវកម្មអ៊ីស្លាម អូសទាញបាន នៅថ្ងៃខាងមុខ។ នៅមិនឆ្ងាយប៉ុន្មាន ពីលោកស្រីអ៊ុងសាន ស៊ូជី លោកនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាននិយាយបន្តថា កាលណាមនុស្សម្នាក់ ត្រូវគេធ្វើបាប និងរុញច្រានឲ្យទ័លច្រក មនុស្សនោះនឹងងាយធ្លាក់ទៅតាមការអូសទាញ ហើយអាចបកក្រោយមកប្រើអំពើហិង្សា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទាញសញ្ញាអាសន្នថា បច្ចុប្បន្ននេះ ប្រជាជនអ្នកកាន់សាសនាអ៊ីស្លាមប្រមាណជា៣០០លាននាក់ នៅទូទាំងអាស៊ីអាគ្នេយ៍ កំពុងក្លាយជាចំណុចគោលដៅឃោសនា របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះ អាជ្ញាធរ រដ្ឋាភិបាល​នីមួយៗ ត្រូវតែកសាងបរិយាកាស និងវប្បធម៌នៃការអត់ឱន ដើម្បីទប់ស្កាត់ កុំឲ្យ​មនុស្ស អាចធ្លាក់ទៅតាមការអូសទាញ នៃទ្រឹស្តីអ៊ីស្លាម ផ្តាច់ការជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ