អានតួអត្ថបទ
ភេរវកម្ម-អាហ្វហ្កានីស្ថាន

អាហ្វាហ្កានីស្ថាន៖ ភេរវកម្ម​សំដៅ​លើ​កងទ័ព​អូតង់ នៅ​កាប៊ូល ​ស្លាប់​៨នាក់

ភេរវកម្ម​មួយ​បាន​កើតឡើង ​នៅ​កណ្តាល​ក្រុង​កាប៊ូល ​រដ្ឋធានី​អាហ្វហ្កានីស្ថាន ​នៅ​ថ្ងៃ​ពុធទី​ ៣​ឧសភា​នេះ ​ដោយ​បាន​សំដៅ​ទៅ​លើ​ក្បួន​ធ្វើ​ដំណើរ​ របស់​កងទ័ព​អង្គការ​អូតង់។ យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​ស្លាប់​៨នាក់ ​ដែល​សុទ្ធ​តែ​ជា​ប្រជាជន​សាមញ្ញ ​និង​របួស​២៥​នាក់ ​ដែល​ក្នុង​ចំណោម​អ្នក​របួស​ មាន​ទាហាន​អូតង់ ​ ចំនួន​៣នាក់។ ភេរវកម្ម​នេះ ​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ ​ទៅ​លើ​ក្រុម​តាលីបង់ ​ ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​បាន​ព្រមាន​ថា ​ពួកគេ​នឹង​វាយ​ប្រហារ​កងទ័ព​បរទេស​ទាំងអស់ ​ដែល​នៅ​ឈរជើង​នៅ​អាហ្វហ្កានីស្ថាន។

សមត្ថកិច្ចកំពុង​​ត្រួតពិនិត្យ​កន្លែងកើតហេតុ ​ភេរវកម្ម​កណ្តាល​ក្រុង​កាប៊ូល ថ្ងៃទី​៣ ឧសភា ២០១៧
សមត្ថកិច្ចកំពុង​​ត្រួតពិនិត្យ​កន្លែងកើតហេតុ ​ភេរវកម្ម​កណ្តាល​ក្រុង​កាប៊ូល ថ្ងៃទី​៣ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​បាន​កើត​ឡើង​នៅ​វេលា​ដែល​មាន​មនុស្ស​កក​កុញ​ នៅ​តាម​វិថី ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​អាមេរិក​ ប្រចាំ​ក្រុង​កាប៊ូល។ ភេរវកម្ម​ដែល​មើល​ទំនង​ គឺ​សំដៅ​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​របស់​អង្គការ​អូតង់​ ​ដែលបាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ទីនោះ ​ ក៏​ប៉ុន្តែ​វា​បាន​ទៅ​សម្លាប់​ប្រជាជន​ស្លូតត្រង់​ ចំនួន​៨នាក់ ​នឹង​របួស​ជាង​២០​នាក់​ទៀត។ ក្នុង​ចំណោម​អ្នក​របួស ​មាន​ទាហាន​អូតង់​៣នាក់។

 

អ្នក​នាំពាក្យ​បេសកកម្ម​អូតង់ ​ប្រចាំ​អាហ្វហ្កានីស្ថាន ​ បាន​បញ្ជាក់​ថា ​ទាហាន​ដែល​របួស​ទាំង​៣នាក់ ​ ពុំស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ។ ទាហាន​អូតង់ ​ដែល​ជា​មុខ​សញ្ញា​​នៃ​ភេរវកម្ម​នេះ ​បាន​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់ ​រថ​ពាសដែក​ ការពារ​គ្រាប់​បែក ​ទើប​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​បែប​នេះ។ មាន​រថពាសដែក​របស់​ទាហាន​អូតង់​ ចំនួន​២គ្រឿង​ដែល​រង​ការ​ខូចខាត។ យោង​តាម​សាក្សី ​កម្លាំង​គ្រាប់​បែក ​បាន​ធ្វើ​ឲ្យ​រញ្ជួយ​បែក​កញ្ចក់​នៅ​ជុំវិញ​ចំងាយ​ដល់​ទៅ​៦០០​ម៉ែត្រ។ ​អាជ្ញាធរ​អាហ្វហ្កានីស្ថាន ​បាន​អះអាង​ថា​ វា​គឺ​ជា​ការ​បង្កៃ​គ្រាប់បែក ​ដាក់នៅ​ក្នុង​រថយន្ត។

 

មក​ទល់​ពេល​នេះ ​ នៅ​ពុំទាន់​មាន​ក្រុម​ភេរវកម្ម​ណាមួយ ​ ចេញ​មុខ​ថា​ជា​អ្នក​បញ្ជា​ ឲ្យ​មាន​ភេរវកម្ម​នេះ​ទេ។ ​ក៏​ប៉ុន្តែ ​កាល​ពី​ថ្ងៃ​សុក្រ ​កន្លង​ទៅ ​ ក្រុម​តាលីបង់ ​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​គំរាម​ថា ​ចាប់ពី​ពេល​នេះ​ទៅ ​ពួកគេ​នឹង​សំរុក​ ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ទាហាន​បរទេស​ទាំងអស់ ​ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​អាហ្វហ្កានីស្ថាន ​ ព្រមទាំង​វាយ​ប្រហារ​ទៅ​លើ​កងទ័ព​ និង​អាជ្ញាធរ​អាហ្វហ្កានីស្ថាន ​ ដែល​ឃុបឃិត​គ្នា ​ជាមួយ​ពួក​បរទេស។

 

សូម​បញ្ជាក់​ថា ​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន ​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្ថិរភាព​ និង​សនិ្តភាព​ពេក​ណាស់។ អាមេរិក ​បាន​ចូល​ទៅ​ធ្វើ​សង្រ្គាម ​កំទេច​ក្រុម​តាលីបង់ ​តាំងតែ​ពី​ឆ្នាំ​២០០១។ រដ្ឋាភិបាល​លោក​អូបាម៉ា ​បាន​សំរេច​ដកទ័ព​បន្តិច​ម្តងៗ។ បច្ចុប្បន្ន​នៅ​មាន​កងទ័ព​អាមេរិក​ ប្រមាណ​៨៤០០​នាក់។ ក្រៅពី​នេះ ​ក្នុង​ក្របខណ្ឌ​អង្គការ​អូតង់ ​មាន​កងទ័ព​សម្ព័ន្ធមិត្រ​ ប្រមាណ​ជា​៥០០០​នាក់។

 

ជាមួយ​នឹង​ស្ថានភាព​អសន្តិសុខ​កាន់តែ​ខ្លាំង ​ការ​ពង្រីក​ដែនដី​របស់​ក្រុម​តាលីបង់ ​ព្រមទាំង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ទៀត​នោះ ​មេ​បញ្ជាការ​កងទ័ព​អាមេរិក ​ប្រចាំ​នៅ​អាហ្វហ្កានីស្ថាន ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ សម្រេច​បន្ថែម​កម្លាំង។ តែ​យ៉ាងណា ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្មី ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អាហ្វហ្កានីស្ថាន ​មិន​បាន​ឆ្លើយ​អឺ អើ ​ចំពោះ​សំណើរ​បន្ថែម​ទ័ព​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ