អានតួអត្ថបទ

អាហ្វាហ្កានីស្ថាន៖ ប្រជាជនទៅបោះឆ្នោត ក្នុងទឹកចិត្តភ័យភិត ខ្លាចភេរវកម្ម

ថ្ងៃសៅរ៍ទី​២០តុលា ប្រជាជនអាហ្វាហ្កានីស្ថាន ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកសភាជាន់ទាប។ ក៏ប៉ុន្តែបរិយាកាសបោះឆ្នោតនេះ ត្រូវស្ថិតក្នុងភាពភ័យខ្លាច ជាទីបំផុត ដោយសារតែមានភេរវកម្ម សម្លាប់មនុស្សជាច្រើនញឹកញាប់ បង្កឡើងដោយក្រុមតាលីបង់ សំដៅរារាំងការបោះឆ្នោតនេះ។ ការិយាល័យបោះឆ្នោត ជាង​២០០០​កន្លែង ត្រូវ​បាន​បិទ​មិនដំណើរការ ដោយសារតែបញ្ហាសន្តិសុខ។ តែយ៉ាងណា លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន បានអំពាវនាវ ឲ្យប្រជាជនត្រូវជំនៈចិត្តភ័យខ្លាចនេះ ទៅចូលរួមបោះឆ្នោត ដើម្បីកសាងវាសនាប្រទេស។

ប្រជាជនអាហ្វហ្កានីស្ថាន ឈរចាំ​ចូលទៅ បោះឆ្នោត នៅក្រុង​​បាប៊ូល ថ្ងៃទី២០ តុលា ២០១៨
ប្រជាជនអាហ្វហ្កានីស្ថាន ឈរចាំ​ចូលទៅ បោះឆ្នោត នៅក្រុង​​បាប៊ូល ថ្ងៃទី២០ តុលា ២០១៨ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពពីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន នៅថ្ងៃបោះឆ្នោត គឺមានករណីបំផ្ទុះគ្រាប់បែកយ៉ាងហោច១៥ករណី នៅទីតាំងការិយាល័យបោះឆ្នោត ទូទាំងប្រទេស។ នៅរដ្ឋាធានីកាប៊ូល មានមនុស្សស្លាប់យ៉ាងហោច៣នាក់​ ដោយគ្រាប់បែកបង្កៃនៅការិយាល័យ​បោះឆ្នោត។ ក្រៅអំពីបញ្ហាសន្តិសុខ ការបោះឆ្នោតនេះត្រូវជួបនឹងបញ្ហាបច្ចេកទេសជាច្រើន ដូចជាខ្វះខាតសម្ភារៈជាដើម។

មានបេក្ខជនឈរឈ្មោះ ចំនួន២៥០០នាក់ ដើម្បីដណ្តើមអាសនៈចំនួន២៤៩កៅអី ក្នុងសភាជាន់ទាប​អាហ្វហ្កានីស្ថាន។ ក្នុងចំណោមការិយាល័យបោះឆ្នោត ទាំងអស់​៧៣៥៥​ទូទាំង​ប្រទេស គឺមានតែ៥១០០ការិយាល័យទេ ដែលបានបើកទ្វារដំណើរការ។ ពោលគឺ មានតែការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលអាហ្វហ្កានីស្ថានតែប៉ុណ្ណោះ ដែលអាចដំណើរការបាន​ ចំណែកការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងតំបន់ភាគខាងជើង គ្រប់គ្រងដោយពួកតាលីបង់វិញ គឺត្រូវបិទទ្វារ ដោយសារតែភ័យខ្លាច មានភេរវកម្ម។

តែយ៉ាងណា លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្កានីស្ថាន បានថ្លែងអបអរ ថានេះជាលើកទី​មួយហើយ ដែលការរៀបចំការការបោះឆ្នោត និងការធានាសន្តិសុខ ត្រូវស្ថិតក្នុងការចាត់ចែងទាំងស្រុង របស់អាជ្ញាធរអាហ្វហ្កានីស្ថាន ខ្លួនឯង។ សមត្ថកិច្ចទាហាន នគរបាល ចំនួន៥៤០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ ដល់អ្នកដែលទៅបោះឆ្នោតប្រមាណ​ជិត៩លាននាក់។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមតាលីបង់ បានធ្វើភេរវកម្ម គ្មានលស់ថ្ងៃ ហើយបានប្រកាសទៀតថា នឹងធ្វើសកម្មភាពភេរវកម្ម ដើម្បីបំផ្លាញការបោះឆ្នោតនេះ។ ប៉ុន្មានខែមុននេះ មនុស្សរាប់រយនាក់ បានស្លាប់រួចទៅហើយ ក្នុងហេតុការណ៍ភេរវកម្ម វាយប្រហារ​យុទ្ធនាការចុះឈ្មោះបោះឆ្នោត និងយុទ្ធនាការឃោសនាបោះឆ្នោត។ យ៉ាងហោចណាស់ មានបេក្ខជនឈរឈ្មោះ ១០នាក់ បានបាត់បង់ជីវិត។​

គួរកត់សំគាល់ផងដែរថា ក្រៅពីបញ្ហាភេរវកម្ម ការបោះឆ្នោតសភានេះ ត្រូវបានប្រជាជន​អាហ្វហ្កានីស្ថាន​មួយចំនួន ចាត់ទុកថាគ្មានន័យអ្វីទាំងអស់ ដោយសារតែអំពើពុករលួយ ដែលចាក់រូងស៊ីជ្រៅ ក្នុងស្ថាប័នរដ្ឋអាហ្វហ្កានីស្ថាន។ តែទន្ទឹមគ្នានេះ គេសង្កេត​ឃើញយុវជនអាហ្វហ្កានីស្ថាន នៅតាមទីក្រុងធំៗ ហាក់ដូចជាមានសន្ទុះនិងក្តីសង្ឃឹមច្រើន ព្រោះពួកគេចង់ឃើញសង្គមអាហ្វហ្កានីស្ថានផ្លាស់ប្តូរវិវឌ្ឍន៍ទៅមុខ បន្ទាប់ពីឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ជិត២០ឆ្នាំមកនេះ។ តាមរូបភាព ចែកចាយនៅតាមបណ្តាញសង្គម គេសង្កេតឃើញ មនុស្សម្នា​កកកុញ តកន្ទុយគ្នារងចាំបោះឆ្នោតតាំងពីព្រលឹម នៅតាមការិយាល័យបោះឆ្នោត ក្នុងរដ្ឋធានី​កាប៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ