rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាហ្វហ្កានីស្ថាន តាលីបង់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាហ្វហ្កានីស្ថាន មិនទុកចិត្ត​លើ​គម្រោង​កិច្ចព្រមព្រៀង​ រវាង​អាមេរិក​និង​ក្រុម​តាលីបង់

media
ទាហានអាហ្វហ្កានីស្ថាន តម្រង់កាណុង ទៅ​កាន់​មូលដ្ឋាន​​ក្រុម​​តាលីបង់ នៅខេត្ត ​Kunduz ​ថ្ងៃទី​១​ កញ្ញា ២០១៩​ REUTERS/Stringer NO RESALES. NO ARCHIVES

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​សម្តែងការព្រួយបារម្ភ និងបានសុំឲ្យភាគីអាមេរិក ធ្វើការពន្យល់ឲ្យបានល្អិតល្អន់ ស្តីអំពីគម្រោងកិច្ចព្រមព្រៀង ដែលអាមេរិកបាន​ចរចាជាមួយក្រុមតាលីបង់។ ជាគម្រោងកិច្ចព្រមព្រៀង ដែលអាមេរិក សន្យាដកទ័ពខ្លះ ចេញពីអាហ្វហ្កានីស្ថាន ហើយជាថ្នូរវិញ ក្រុមតាលីបង់សុខចិត្ត​កាត់បន្ថយការធ្វើសកម្មភាព​វាយប្រហារ។ តែយ៉ាងណា សម្រាប់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលមិនត្រូវបានគេហៅឲ្យចរចានោះ​ មានការបារម្ភថា ក្រុមតាលីបង់កំពុងតែលេងខ្សែលើ។


ប្រេសិតពិសេសរបស់អាមេរិក បានទៅដល់រដ្ឋធានីកាប៊ូល នៅដើមសប្តាហ៍នេះ ដើម្បីធ្វើការបង្ហាញប្រាប់ទៅ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន នូវលទ្ធផលចរចា រវាងអាមេរិក និងក្រុមតាលីបង់។ កិច្ចព្រមព្រៀងគោលមួយ ត្រូវបានភាគីទាំង២នេះ យល់ស្របគ្នា ដោយអាមេរិកសន្យាដកទ័ពមួយចំនួនធំ ហើយក្រុមតាលីបង់សន្យាកាត់បន្ថយការវាយប្រហារ ហើយនិងការពារកុំឲ្យក្រុម​ជីហាតភេរវកម្ម ធ្វើសកម្មភាព ដូចជាក្រុមអាល់កាយដា​ជាដើម។

ក៏ប៉ុន្តែភាគីអាហ្វហ្កានីស្ថាន បានសម្តែងការព្រួយបារម្ភច្រើន ទាក់ទិននឹងកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យប្រធានាធិបតីអាហ្វហ្កានីស្ថាន បាន​លើកឡើងថា អាហ្វហ្កានីស្ថានសោកស្តាយដែលខ្លួន មិនត្រូវបាន​គេរាប់បញ្ចូលក្នុងតុចរចា។ ដោយសុំឲ្យភាគីអាមេរិក បកស្រាយពន្យល់ឲ្យបានច្បាស់ អាហ្វហ្កានីស្ថានបារម្ភ ក្រែងថាអាមេរិកដកទ័ពចេញដោយតក់ក្រហល់ពេក ហើយថាក្រុមតាលីបង់ អាចនឹងមិនគោរពការសន្យា ហើយមិនសហការ ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា យោងតាមព័ត៌មានខ្លះៗ ស្តីពីកិច្ចព្រមព្រៀងរវាងអាមេរិក និងក្រុមតាលីបង់នេះ គឺបានឲ្យដឹងថា ក្នុងដំណាក់កាលដំបូង ប្រមាណ​១៣៥ថ្ងៃ អាមេរិកត្រូវដកទ័ព​ចេញពីមូលដ្ឋានចំនួន​៥។ មានន័យថា ទ័ពអាមេរិកបច្ចុប្បន្ននៅអាហ្វហ្កានីស្ថាន ដែលមាន​ប្រមាណ​១៤០០០នាក់ នឹងនៅសល់តែ៨៦០០នាក់ប៉ុណ្ណោះ។ ចំណែកក្រុមតាលីបង់ សន្យាត្រឹមតែកាត់បន្ថយការវាយប្រហារ នៅតាមតំបន់ខ្លះ តែមិនបានសន្យាទម្លាក់អាវុធទាំងស្រុងនោះទេ។ ក្រុមតាលីបង់ ក៏បានសន្យាថានឹងបើកការចរចាសន្តិភាព ជាមួយរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

គួរកត់សំគាល់ថា ក្រោយដំណឹងនៃកិច្ចព្រមព្រៀងនេះ អតីតអគ្គរដ្ឋទូតអាមេរិកចំនួន​៥នាក់ ដែលធ្លាប់បានបំពេញការងារនៅអាហ្វហ្កានីស្ថាន ក្រោយថ្ងៃ​១១កញ្ញា ២០០១ បានរួម​គ្នាធ្វើលិខិតមួយ សំដែងការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាច​ជាគ្រោះថ្នាក់សម្រាប់ស្ថិរភាពនៅអាហ្វហ្កានីស្ថាន។ លិខិតដដែល លើកឡើងថា ការដកទ័ពចេញគឺត្រូវធ្វើនៅពេលណា មានកិច្ចព្រមព្រៀងសន្តិភាពមួយជាក់លាក់ ជាមួយ​ក្រុមតាលីបង់ធានា មិនមែនដកទ័ពចេញ ដោយគ្មានការធានាបែបនេះទេ។

គួរបញ្ជាក់ដែរថា គម្រោងកិច្ចព្រមព្រៀងនេះ​ នឹងត្រូវបញ្ជូនឲ្យលោកដូណាល់ ត្រាំពិនិត្យ។ សម្រាប់ពេលនេះ ក្រុមតាលីបង់នៅតែបន្តធ្វើភេរវកម្មដដែល។ កាលពីថ្ងៃចន្ទទី ២កញ្ញា ក្រុមតាលីបង់បានបំផ្ទុះគ្រាប់បែក​ នៅសង្កាត់ដែលសំបូរដោយអង្គការក្រៅរដ្ឋាភិបាល ក្នុងរដ្ឋធានីកាប៊ូល ដោយបានផ្តាច់ជីវិតមនុស្ស​១៦នាក់ និងរបួស​១២០នាក់៕